ដោយ: បូកគោ/កែបៈ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ខេត្តកែបទទួលភ្ញៀវបាន ប្រមាណជិត១០ម៉ឺននាក់។ ពេញរយៈពេល៣ថ្ងៃ ភ្ញៀវដែលចូលមកកម្សាន្តក្នុងខេត្តតូចច្រឡឹងនៅភាគនិរតីនេះពោរពេញដោយភាពសប្បាយរីករាយគ្មានហេតុការណ៍អាក្រក់ណាមួយកើតឡើងទេ។

លោកប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងថាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដែលជាពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ទៃក្នុងបានចូលមកកម្សាន្តនៅខេត្តកែបចំនួន៩៦.៤៧១នាក់។ ក្នុងចំណោមនោះ ភ្ញៀវជាតិមានចំនួន៩៦.១៣២នាក់ ចំណែកទេសចរជាជនបរទេសមានចំនួន៣៣៩នាក់។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថាអំឡុងពេល៣ថ្ងៃនេះ ភ្ញៀវទូទៅមិនមានជួបបញ្ហាអាក្រក់ ឬករណីគ្រោះថ្នាក់ដោយប្រការណាមួយឡើយ។ ចំណែកគ្រប់សេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ មន្ទីរជំនាញមិនទទួលបាននូវរបាយការណ៍ស្តីពីករណីអវិជ្ជមាន ក៏ដូចជាបណ្តឹងតវ៉ាលើតម្លៃម្ហូបអាហារ ឬសេវាស្នាក់នៅដែរ។

លោកប៉ុក ទាំង បានបន្តថាលទ្ធផលប្រកបដោយក្តីមោទនៈនេះផ្តើមឡើងពីគ្រប់មន្ត្រីពាក់ព័ន្ធបានយកចិត្តទុកដាក់ និងអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកអភិបាលខេត្តកែប ក៏ដូចជាការចង្អុលបង្ហាញពីរដ្ឋមន្ត្រីរាល់កិច្ចការងារទាក់ទិងនឹងសកម្មភាពទេសចរណ៍ទាំងឡាយ៕