ដោយៈ សុផល / ភ្នំពេញ​៖ អ្នកនាំពាក្យ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ ពេញចិត្ត យ៉ាងខ្លាំង និង​សូម​អបអរសាទរ សម្តែង​នូវ​ការគាំទ្រ យ៉ាង​ពេញទំហឹង ចំពោះ​គំនិត​ផ្តួចផ្តើម ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ស្នើឱ្យ ធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​ឈានទៅ​កំណត់ ឱ្យ​ឥស្សរជន​កំពូល​របស់​ជាតិ​ក្នុង​មុខ តំណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​សញ្ជាតិ​ខ្មែរ តែមួយគត់​។

​អ្នកនាំពាក្យ​រដ្ឋសភា បានចាត់ទុក​ការផ្តួចផ្តើម​គំនិត​រប​ស់ស​ម្តេច ខាងលើនេះ​គឺ ជា​គតិបណ្ឌិត ដែលមាន​លក្ខណៈ​ស្នេហា​ជាតិ យ៉ាង​ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ដែល​នឹង ធានា​នូវ​ឯករាជ្យ និង​អធិបតេយ្យភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រារាំង បាន​នូវ​ពួក​ជន​ឱកាសនិយម ដែល​ពឹងផ្អែក​សញ្ជាតិ​ច្រើន ដែល​ខ្លួន​មាន​យក​បរទេស ធ្វើជា​បង្អែក ហើយ​ធ្វើ​នយោបាយ ប្រជា​ភិ​ថុ​ត និង​ធ្វើជា​ដៃជើង​បរទេស ក្នុង​ការចូល ជ្រៀតជ្រែក កិច្ចការ​ផ្ទៃ ក្នុង​របស់​កម្ពុជា​។​

​អ្នកនាំពាក្យ​របស់​រដ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​សូម​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ ផ្តួចផ្តើម​គំនិត​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ចង្អុល បង្ហាញ​ច្បាប់ ស្តីពី​ការកំណត់ សញ្ជាតិ​កម្ពុជា តែមួយ ចំពោះ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន កំពូល​របស់​កម្ពុជា ទាំង ៤ ជាអាទិ៍ ត្រូវធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ទាមទារ ឱ្យមាន ការអនុម័ត​ដោយ​សម្លេង ២/៣ នៅក្នុង​សភា​កម្ពុជា​។

​នេះ​គឺជា​ការធានា​មួយទៀត ចំពោះ​កម្ពុជា​បច្ចុប្បន្ន ក៏ដូចជា នាពេល​អនាគត​ថា ថ្នាក់ដឹកនាំ​កម្ពុជា ជា​ឥស្សរជន​ស្នេហា​ជាតិ ស្នេហា​ឯករាជ្យ អធិបតេយ្យ​ជាតិ ព្រមទាំង​ស្នេហា​លទ្ធិប្រជាធិបតេយ្យ គឺ​ពឹង​ផ្អែកលើ​កម្លាំង​ប្រជាជាតិ ទាំងមូល ទាត់ចោល​នូវ​ការប៉ុនប៉ង ធ្វើការ​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​សំណាក់ ក្រៅប្រទេស​៕/V​-PC