​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ ជនជាតិ​អាម៉េរិក​ដើមកំណើត​ជប៉ុន​លោក ស៊ី​យូ​គូ​រ៉ូ ម៉ា​ណា​បេ ជនជាតិ​អាល្លឺម៉ង់​លោក ក្លោស ហាស​សែ​ល​ម៉ាន់ និង​ជនជាតិ​អ៊ីតាលី​លោក ជី​អូ​ជី​អូ ផា​រី​ស៊ី កាលពី​ថ្ងៃ​អង្គារ​ទី ៥ ខែតុលា​បានឈ្នះ​ពានរង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ ២០២១ សម្រាប់​ការងារ​ដែល​ជួយ​ស្វែងយល់​ពី​ប្រព័ន្ធ​រូបវិទ្យា​ស្មុគស្មាញ​ដូច​ជា​បម្រែបម្រួល​អាកាសធាតុ​នៅលើ​ផែនដី​។​

​នៅក្នុង​សេចក្តីសម្រេច​មួយ​ដែល​ទីភ្នាក់ងារ​អាកាសធាតុរ​បស់​អង្គការសហប្រជាជាតិ​ចាត់ទុកថា​ជា​សញ្ញា​នៃ​ការមូល​មតិ​គ្នា​ជុំវិញ​ការឡើង​កម្តៅ​ផែនដី​ដែល​បង្កើត​ដោយ​មនុស្ស​នោះ រង្វាន់​ពាក់​​កណ្តាល​នៃ​ប្រាក់ ១០ លាន​ក្រោន​ស៊ុយអែត (១,១៤ លាន​ដុល្លារ​) នឹង​ត្រូវ​ចែក​ស្មើ​គ្នា​រវាង​លោក​ម៉ា​ណាបេ​អាយុ ៩០ ឆ្នាំ​និង​ហាស​សែ​ល​ម៉ាន់​អាយុ ៨៩​ឆ្នាំ​សម្រាប់​ការចេញ​គំរូ​អាកាសធាតុ​នៅលើ​​ផែនដី​និង​ការព្យាករណ៍​ពី​ការឡើង​កម្តៅ​ផែនដី​ដែល​អាច​ជឿ​ទុកចិត្តបាន​។

​ប្រាក់​ពាក់កណ្តាល​ទៀត​គឺ​បាន​ទៅ​លោក​ផា​រី​ស៊ី​សម្រាប់​ការរកឃើញ “​ក្បួនខ្នាត​លាក់កំបាំង​” នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៨០​នៅ​ពីក្រោយ​ចលនា​ចៃដន្យ​និង​ការ​វិលវល់​ក្នុង​ឧស្ម័ន​ឬ​វត្ថុ​រាវ​ដែល​អាច​​ត្រូវបាន​អនុវត្ត​ចំពោះ​ទិដ្ឋភាព​នៃ​ប្រព័ន្ធ​ប្រសាទ ការសិក្សា​អំពី​ម៉ាស៊ីន និង ទម្រង់​នៃ​ការហោះហើរ​របស់​យន្តហោះ​។​

​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុយអែត​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក​ស៊ី​យូ​គូ​រ៉ូ ម៉ា​ណា​បេ និង​លោក ក្លោស ហាស​សែ​ល​ម៉ាន់​បាន​បង្កើត​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​របស់​យើង​​អំពី​អាកាសធាតុ​នៅ​លើ​ផែនដី​និង​របៀប​ដែល​មនុស្សជាតិ​មាន​ឥទ្ធិពល​លើ​វា​”​។​

“​លោក ជី​អូ​ជី​អូ ផា​រី​ស៊ី​ត្រូវបាន​ផ្តល់​រង្វាន់​សម្រាប់​ការរួមចំណែក​បដិវត្ត​ន៍​របស់​គាត់​ចំពោះ​ទ្រឹស្តី​នៃ​វត្ថុ​ធាតុ​មិន​ប្រក្រតី​និង​ដំណើរការ​ចៃដន្យ​”៕

(​រូប​ផ្ទាំង​ខៀវ​ខាងលើ​រាប់​ពីឆ្វេង​ទៅ​ស្តាំ​) លោក ស៊ី​យូ​គូ​រ៉ូ ម៉ា​ណា​បេ លោក ក្លោស ហាស​សែ​ល​ម៉ាន់ និង​លោក ជី​អូ​ជី​អូ ផា​រី​ស៊ី ឈ្នះ​ពានរង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ ២០២១​