​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ គណៈកម្មាធិការ​ណូបែល​បាន​និយាយថា ជនជាតិ​អាល្លឺម៉ង់​លោក បេន​យ៉ា​មីន លី​ស និង​ជនជាតិ​អាម៉េរិក​លោក ដេវីត ម៉ាក​មី​ល​លែ​ន កាលពី​ថ្ងៃ​ពុធ​ទី ៦ ខែតុលា​បាន​ឈ្នះ​រង្វាន់​ណូបែល​គីមីវិទ្យា​ចំពោះ​ការអភិវឌ្ឍ​ឧបករណ៍​ថ្មី​សម្រាប់​ការបង្កើត​ម៉ូលេគុល​បាន​យ៉ាង​ច្បាស់លាស់​។​

​គណៈកម្មាធិការ​នេះ​បាន​និយាយថា អ្នក​ទាំង​ពីរ​ត្រូវបាន​ផ្តល់​រង្វាន់ “​សម្រាប់​ការអភិវឌ្ឍ​ឧបករណ៍​ថ្មី​ដែល​មាន​ភាពច្បាស់លាស់​ខ្លាំង​សម្រាប់​ការបង្កើត​ម៉ូលេគុល គឺ សរីរវិទ្យា​សរីរាង្គ (organocatalysis)​។ នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការស្រាវជ្រាវ​ឱសថ​ហើយ​បានធ្វើឱ្យ​គីមី​សាស្ត្រ​កាន់តែ​បៃតង​”​។​

​លោក​លី​ស​និង​លោក​ម៉ាក​មី​ល​លែ​ន​ដើមកំណើត​ស្កុត​ឡែន​អាយុ ៥៣ ឆ្នាំ​ដូចគ្នា​នឹង​ចែក​រង្វាន់ ១០ លាន​ក្រោន​ស្មើគ្នា (១,១៤ លាន​ដុល្លារ​)​។​

​លោក​ម៉ាក មី​ល​លែ​ន​គឺ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ព្រីន​ស្តុន​នៅ​សហរដ្ឋអាម៉េរិក​ខណៈ​លោកលី​ស​គឺជា​នាយក​នៅ​វិទ្យាស្ថាន Max Planck នៅ​អាល្លឺម៉ង់​។​

​គណៈកម្មាធិការ​ណូបែល​នៃ​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុយអែត​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​វិស័យ​ស្រាវជ្រាវ​និង​ឧស្សាហកម្ម​ជាច្រើន​ពឹងផ្អែក​លើ​សមត្ថភាព​របស់​គីមី​​វិទូ​ក្នុង​ការបង្កើត​ម៉ូលេគុល​ដែល​អាច​បង្កើត​ជា​វត្ថុធាតុដើម​ដែល​មាន​ភាពយឺត​ស្វិត​ល្អ​និង​ប្រើប្រាស់​ធុន​បានយូរ រក្សាទុក​ថាមពល​នៅក្នុង​ថ្ម ឬ រារាំង​ការវិវត្ត​នៃ​ជំងឺ​នានា​”​។​

​គណៈកម្មាធិការ​នេះ​បាន​បន្ថែមថា “​ការងារ​នេះ​ទាមទារ​ឱ្យមាន​កាតាលីករ​ដែលជា​សារធាតុ​ដែល​គ្រប់គ្រង​និង​បង្កើនល្បឿន​ប្រតិកម្ម​គីមី ដោយ​មិន​ចាប់​បាច់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ផលិតផល​សម្រេច​ចុងក្រោយ​” ដោយ​កត់សម្គាល់ថា មុន​ពេល​ស្នាដៃ​ការងារ​របស់​គីមី​វិទូ​ទាំងពីរ អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា​មាន​កាតាលីករ​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ គឺ លោហធាតុ និង អង់​ស៊ីម​៕

​លោក បេន​យ៉ា​មីន លី​ស (​ឆ្វេង​) និង លោក ដេវីត ម៉ាក​មី​ល​លែ​ន​ឈ្នះ​ពានរង្វាន់​ណូបែល​គីមីវិទ្យា​អំពី​កាតាលីករ