ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ជាមួយ​រូបថត​ចំនួន​បួន​សន្លឹក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនា​រសៀល​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានសរសេរថា សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​ព្រាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ត្រូវបាន​ជួយសង្គ្រោះ​និង​បាន​ព្រលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២១​។

​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ប្រើ​សញី នេះ​មាន​ទម្ងន់​ប្រមាណ​ពី​១៥០ ទៅ​២០០​គីឡូក្រាម ត្រូវបាន​មន្ត្រី ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់ការ​តំបន់​ស្នូល​បាន​ប្រទះឃើញ​ជាប់អន្ទាក់​នៅ​អំឡុងពេល​ពួកគាត់​បាន​ដើរល្បាត​ចាប់ពី​ខាងក្រោយ​ស្នាក់ការ​រហូត​ទៅដល់​ចំណុច​ត្រពាំង​កើយ​អណ្ដើក​ស្ថិតក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ខេត្តឧត្ដរមានជ័យ​។ នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួង បរិស្ថាន ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស ជីវៈចម្រុះ​។

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​កោតសរសើរ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែន ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​បាន​ជួយសង្គ្រោះ​សត្វ​ប្រើស​ដែលជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN នេះ បាន​ទាន់ពេល វេលា​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ក្នុងនោះ​មិនមែន ត្រឹមតែ​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុស ច្បាប់ ឬ​ការ​លួច​កាប់​ឈើ​ខុសច្បាប់ តែ​ក៏មាន​តួនាទី​ក្នុងការ​សង្គ្រោះ​សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេងទៀត ផងដែរ​ដោយបាន​ដោះ​អន្ទាក់ និង​សង្គ្រោះ​សត្វព្រៃ​ពី​ការជាប់​អន្ទាក់​។

​យោងតាម​របាយការណ៍ ៩ ខែ​ឆ្នាំ ២០២១ នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​អន្ទាក់​ជិត​បី​ម៉ឺន​អន្ទាក់​ត្រូវបាន​ដោះចេញ​ពី​តំបន់ ការពារ​ធម្មជាតិ​នៅ​ទូទាំងប្រទេស និង​សត្វព្រៃ​ជាច្រើន ក្បាល​ត្រូវបាន​ជួយសង្គ្រោះ និង​ព្រលែង​ចូលក្នុង​ព្រៃ​។

យោងតាម​ការសិក្សា​រប​ស់​អ្នកជំនាញ ប្រើស​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​និង​ត្រូវបាន​ចុះ​ក្នុង បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់ ដែល​វា រស់នៅ​។ សត្វ​ប្រើ​សមាន​វត្ត​មាននៅ តាម​តំបន់ការពារធម្មជាតិ​នានា​នៅ​ភូមិភាគ​ខាងជើង និរតី និង ភូមិភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា​។ គេ ក៏បាន​ឃើញ​ផងដែរ នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ចិន និង​ភូមិ ភាគ​អាស៊ីអាគ្នេយ៍​រួមទាំង​កោះ​ស៊ូ​ម៉ា​ត្រា កោះ​ចា​វា និង​បរ​ណេ​អូ​។ ប្រើស​ជាស​ត្វ​ដែល​អាច​រស់នៅ​គ្រប់ ជម្រក​ទាំងអស់​រួមទាំង​ព្រៃស្រោង ពាក់ កណ្តាល​ស្រោង និង​ព្រៃរបោះ​។ វា​រកស៊ី​នៅពេល​ព្រលប់ និង ពេល​ព្រលឹម​ហើយ​សម្រាក​នៅពេល​ថ្ងៃ​នៅតាម​ព្រៃ​ក្រាស់ៗ​។ ចំណី​របស់​វា​មានដូចជា​ចុង​បែក​ឈើ​តូចៗ ស្លឹកឈើ ប្រភេទ​វ​ល្លិ៍​ពន្លក (​ត្រួយ​) ផ្លែឈើ​ជ្រុះ និង​ស្មៅ​។

​ប្រើស​ចូលចិត្ត​ស៊ី​ដី​ច្រាប ពិសេស​ប្រើស ឈ្មូល​ដែល​កំពុងតែ​លូតលាស់​ស្នែង និង​មាន​ជា​រៀងរាល់ឆ្នាំ​នៃ​រេ​ដូ​វ​កាវ់​ស្នែង​ប្រព្រឹត្ត​ទៅក្នុង​ខែកក្កដា និង​កញ្ញា​។ នៅ​រដូវ​បន្ត​ពូជ ប្រើស​ឈ្មោល​តែងតែ​ជល់​គ្នា​យកឈ្នះ​ដើម្បី​គ្រប់គ្រង​តំបន់ និង​ពាក់​ញី ដែល​នៅក្នុង​ហ្វូង​រហូតដល់ ៨ ក្បាល​។ ប្រើស​ញី​កើតកូន​ម្តង​បានតែ ១​ក្បាល បន្ទាប់ពី​ពរ​ពោះ​បាន រយៈពេល ៨ ខែ​។

​ជាថ្មី​ម្តងទៀត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​បរបាញ់ និង​បរិភោគ​សាច់សត្វ​ព្រៃ ព្រោះ​វា​គ្មាន​ផលប្រយោជន៍​អ្វី​សម្រាប់​សុខភាព ឡើយ តែ​អាច​នឹង​បង្ក​ហានិភ័យ​ដល់​សុខភាព​និង​កើត​ជំងឺ​ផ្សេងៗ​ព្រោះ​សាច់​សត្វព្រៃ​មាន​ផ្ទុក​ដោយ​មេ រោគ ដោយ​«​និយាយថា​ទេ​ចំពោះ​សាច់​សត្វព្រៃ​ដើម្បី​បញ្ឈប់​ការ​បរបាញ់​និង​ដាក់​អន្ទាក់​សម្លាប់សត្វ​»​។ លោក​បាន​ថ្លែងថា​ជន​ទាំងឡាយណា​ដែល​បន្ត​បំពាន​នឹង​បំរាម នឹងត្រូវ​ប្រឈមមុខ​ច្បាប់​ជា​ធរមាន ប្រសិនបើ​មន្ត្រី​មាន​សមត្ថកិច្ច​ចាប់បាន​៕​សរន​

(រូបថត ហ្វេសប៊ុកលោក នេត្រ ភក្រ្តា)