ដោយៈមុនីរ័ត្ន/ភ្នំពេញៈទាក់ទងនឹងបញ្ហាភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេសនិង សហរដ្ឋអាម៉េរិក , កម្ពុជាបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសហការគ្នាដោយស្មោះត្រង់លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងអនាគតរួមគ្នាមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន។

រដ្ឋមន្រ្តីការបរទេសកម្ពុជាបញ្ជាក់ប្រាប់រដ្ឋមន្រ្តីការបរទេសអូស្រា្តលីអំពីជំហកម្ពុជាចំពោះភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក(រូបថតហ្វេសប៊ុក លោក ប្រាក់ សុខុន)

លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិនៅរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២១នេះលោកបានសរសេរថា “ខ្ញុំបានជួបសន្ទនាជាមួយ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី តាមទូរស័ព្ទនៅព្រឹកនេះ។យើងបានពិភាក្សាអំពី បញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ដែលហៅថា «AUKUS»”។

លោកបន្តថា “លោកជំទាវបានជម្រាបខ្ញុំថា AUKUS មានបំណងលើកកម្ពស់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនឹងគោរពមជ្ឈភាពរបស់អាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ខ្ញុំក៏បាន តបថាកម្ពុជាតែងតែស្វាគមន៍រាល់គំនិតផ្តួចផ្តើមណាដែលផ្តល់ផលប្រយោជន៍រួមហើយសង្ឃឹមថាគំនិតផ្តួចផ្តើមទាំងនោះនឹងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក”។

លោកបញ្ជាក់ជាចុងក្រោយថា”យើងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសហការគ្នាដោយស្មោះត្រង់លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងអនាគតរួមគ្នាមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន”៕
សរន