ប្រែសម្រួលៈវាសនា/អូស្លូ៖ អ្នកកាសែតហ្វីលីពីន លោកស្រី ម៉ារៀ រេសសា និងលោក ឌីមីទ្រី មូរ៉ាតូវ របស់រុស្ស៊ី បានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ កាលពីថ្ងៃសុក្រទី៨តុលា ចំពោះការតស៊ូរបស់គេដើម្បីសេរីភាពចេញពីគារជិះជាន់នៅក្នុងប្រទេសដែលអង្គការសារព័ត៌មានរងការវាយប្រហារជាប្រចាំ។
គណៈកម្មាធិការណូបែលន័រវេស្ស បានសង្កត់ធ្ងន់ថា សារព័ត៌មានឯករាជ្យមានសារសំខាន់ក្នុងការជំរុញសន្តិភាព។
បេរីត រីស-អ៊ែនឌឺសុន ប្រធានគណៈកម្មាធិការនេះ បាននិយាយថា«សារព័ត៌មានសេរី ឯករាជ្យនិងផ្អែកលើការពិតប្រើសំរាប់ប្រឆាំងនឹងការរំលោភអំណាច ការភូតកុហកនិងការឃោសនាសង្គ្រាម។គ្មានសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន ពិបាកក្នុងការជំរុញភាតរភាពរវាងប្រជាជាតិ ការដកហូតអាវុធនិងសណ្តាប់ធ្នាប់ពិភពលោកល្អប្រសើរមួយនៅក្នុងយុគសម័យរបស់យើង»។
លោកស្រី រេសសា នៅឆ្នាំ២០១២ជាសហស្ថាបនិកគេហទំព័រសារព័ត៌មានRapplerដែលផ្តោតលើការរិះគន់យុទ្ធនាការប្រឆាំងថ្នាំញៀនដ៏ប្រល័យរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែត ។លោកស្រីនិងRapplerក៏បានចុះផ្សាយព័ត៌មានផ្អែកលើការពិតស្តីពីរបៀបដែលសារព័ត៌មានក្នុងបណ្តាញសង្គមត្រូវបានប្រើសំរាប់ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ រំខានដល់ជនប្រឆាំងនិងឃោសនាបំភ្លៃដើម្បីប្រយោជន៍បុគ្គលសាធារណៈ។
លោក ឌីមីទ្រី មូរ៉ាតូវ អ្នកនិពន្ធសារព័ត៌មានNovaya Gazetaនិង និពន្ធនាយកសារព័ត៌មាន Rapplerម៉ារៀ រេសសា
ប្រតិកម្មនឹងដំណឹងនេះ លោកស្រីរេសសា បានប្រាប់ទូរទស្សន៍TV2របស់ន័រវេស្សថា «រដ្ឋាភិបាលហ្វីលីពីននឹងមិនសប្បាយចិត្តទេ។ខ្ញុំមានការស្រឡាំងកាំងបន្តិច វាពិតជារំភើព។តែខ្ញុំសប្បាយចិត្តក្នុងនាមក្រុមរបស់ខ្ញុំ និងសូមអរគុណគណៈកម្មាធិការណូបែលចំពោះការទទួលស្គាល់អ្វីដែលយើងបានឆ្លងកាត់»។
រំលឹកបន្តិចថា អ្នកកាសែតស្រីរូបនេះកាលពីឆ្នាំមុនត្រូវបានកាត់ទោសដាក់គុកចំពោះការចុះផ្សាយអត្ថបទបរិហារកេរ្តិ៍នៅក្នុងការកាត់ក្តីមួយដែលត្រូវបានគេមើលឃើញថាជាការវាយសំពងដ៏ធំមួយលើសេរីភាពសារព័ត៌មានសកល។
លោកស្រីជាស្ក្រីទី១ ដែលទទួលរង្វាន់ណូបែលនៅឆ្នាំនេះ។
ចំណែកលោកមូរ៉ាតូវជាស្ថាបនិកម្នាក់នៃកាសែតឯករាជ្យរបស់រុស្ស៊ីឈ្មោះថា Novaya Gazetaកាលពីឆ្នាំ១៩៩៣។
គណៈកម្មាធិការណូបែលបាននិយាយថា « Novaya Gazetaជាកាសែតឯករាជ្យបំផុតនៅរុស្ស៊ីនាពេលបច្ចុប្បន្ន ជាមួយនឹងចរិតផ្តោតការវាយប្រហារលើអ្នកកាន់អំណាចជាមូលដ្ឋាន។វិជ្ជាជីវៈផ្អែកលើការពិតនិងសេចក្តីថ្លៃថ្នូរប្រកបដោយវិជ្ជាជីវៈរបស់កាសែតធ្វើអោយវាក្លាយជាប្រភពសារព័ត៌មានសំខាន់មួយស្តីពីទិដ្ឋភាពសង្គមរុស្ស៊ីដែលសារព័ត៌មានដទៃកម្រលើមកបង្ហាញ»។
យោងតាមអង្គការសារព័ត៌មានឈ្មោះថា«គណៈកម្មាធិការការពារអ្នកសារព័ត៌មាន»បុគ្គលិកសារព័ត៌មាន១៧នាក់ត្រូវបានសម្លាប់នៅហ្វីលីពីននៅមួយទសវត្សរ៍ចុងក្រោយ និង២៣នាក់នៅរុស្ស៊ី។
គណៈកម្មាធិការណូបែលបានកត់សំគាល់ថា ចាប់តាំងពីពេលបង្កើតកាសែតNovaya Gazetaមក អ្នកកាសែត៦នាក់របស់វាត្រូវបានសម្លាប់ ក្នុងនោះមាននាងអានណា ប៉ូលីតកូវស្កាយ៉ាដែលបានយកព័ត៌មានអំពីជម្លោះបង្ហូរឈាមនៅសាធារណរដ្ឋឆេចឈ្នីរបស់រុស្ស៊ី។
ក្នុងពេលជាមួយគ្នា អង្គការសារព័ត៌មាន Reporters Without Bordersបានអបអរការប្រកាសជូនរង្វាន់ដល់អ្នកកាសែត ដោយសម្តែង«ការរីករាយ»ចំពោះដំណឹងនេះ៕
រង្វាន់ដ៏មានកិត្យានុភាពនេះ អមដោយមេដាយមាសមួយជាមួយនឹងប្រាក់ ១០លានក្រូន័រ(១,១៤លានដុល្លារ)