ដោយៈ ភ្នំសន្ទុក-ភ្នំស្វាយ/កំពង់ធំៈសត្វគោងាប់ចំនួន១៧ក្បាល នៅក្រុងស្ទឹងសែនខេត្តកំពង់ធំ ដែលបង្កឱ្យផ្អូកផ្អើល ភ័យខ្លាចថាដោយសារជំងឺឆ្លងនោះគឺការស្លាប់នេះដោយសារពុលថ្នាំគីមីមិនមែនដោយសារជំងឺឆ្លងទេ។នេះបើតាមលោក ច័ន្ទ បញ្ញាវន្ត ប្រធានការិយាល័យផលិកម្មសត្វ និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បញ្ជាក់ឱ្យដឹងនៅថ្ងៃទី៨ ខែតុលាឆ្នាំ២០២១ ។

លោកបញ្ជាក់ថា ករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានងាប់នោះ មន្ត្រីជំនាញនិងពេទ្យភូមិ ក៏ដូចកសិករម្ចាស់សត្វស្រាវជ្រាវបានបង្ហាញថា ពួកវាងាប់ដោយសារពុលថ្នាំគីមីមែន។
ក្រោយពីជំនាញបានចុះទៅពិនិត្យជាក់ស្តែងគឺងាប់ដោយសារពុលថ្នាំពុល ហើយក៏មិនមានដល់ករណីចំនួន១០៤ ក្បាលនោះឡើយ។

មន្ត្រីជំនាញបានធ្វើការណែនាំដល់ម្ចាស់សត្វនិងអ្នកណាក៏ដោយមិនអនុញ្ញាតឱ្យយកសាច់សត្វគោដែលងាប់ទាំងនេះ យកទៅលក់ចែកចាយឬបរិភោគដាច់ខាត ។ជំនាញក៏ស្នើសុំមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយចាត់វិធានការ និងទប់ស្កាត់ឱ្យរឹងរ៉ឹងផង ។

គួររំលឹកថាសត្វគោនៅលើដីអាងឈ្មោះ “តាអាង”នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនជាក់ស្តែងមានចំនួន១៧ក្បាល។
ទោះជាយ៉ាងណាករណីសត្វគោងាប់ទាំងហ្វូងនេះត្រូវបានពលរដ្ឋម្ចាស់អាងបដិសេធថាមិនបានបាញ់ថ្នាំគីមីនៅលើដីនោះទេ ហើយក៏គ្មានមូលហេតុអ្វីដែលខ្លួនធ្វើដូច្នោះដើម្បីធ្វើឱ្យសត្វគោងាប់និងធ្វើឱ្យម្ចាស់សត្វខឹងសម្បារ តវ៉ានោះដែរ ។

ដោយមានភាពចម្រូងចម្រាស់បែបនេះមន្ត្រីជំនាញនឹងបន្តសហការនឹងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតរកការពិតបន្តទៀត ហើយបើរកឃើញកំហុសនោះជាជាចេតនាដែលប្រព្រឹត្តដោយមនុស្សគឺនឹងចាត់ការតាមនីតិវិធី៕សរន