ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយការប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូល និង រថ យន្តចង្កូតស្តាំខុសច្បាប់ដែលជាបញ្ហាច្រំដែលចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២តទៅ ។ សម្តេចបានព្រមានធ្ងន់ៗថាក្នុងករណីចាំបាច់ប្រសិនបង្ក្រាបបានរថយន្តសេរី ទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព,មេប៉ូលីស,មេកងរាចអាវុធហត្ថ ឬ ជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាង រាស្ត្រ និង សមាជិកព្រឹទ្ធសភាជាដើមដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់រថយន្តនោះ,សម្តេចនឹងដកមុខតំណែងនិងបណ្ដេញចេញពីគណបក្សថែមទៀត ។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃ៨ខែតុលា ឆ្នាំ២០២១សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីជូនដំណឹងលេខ ៤៤២ សជណ.ហធ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស ផ្លាក លេខ ខ.ម និងន.បដើម្បីឱ្យម្ចាស់ចូលខ្លួនមក បំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ ។
ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និង ពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យុសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវរួសរាន់ចូលមកបង់ពន្ធនិងអាករឱ្យបានមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរ បន្ថយពន្ធនៃប្រាក់ពន្ធអាករសរុបពី១០% មកត្រឹមតែ ៩០% ។ប៉ុន្តែចំពោះរថយន្តទំនើបដែលទើបនាំចូលក្នុងឆ្នាំ ២០២១ ត្រូវបង់ពន្ធនិងអាករ ១០០% ដដែល។ប្រសិន ជាម្ចាស់យានយន្តមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនោះទេគឺក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធនិងអាករពេញ១០០%ព្រមទាំងត្រូវទទួលរងការ ផាកពិន័យទៀត។
ចំពោះម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០%ដែរ និង ត្រូវយករថយន្តទៅកែចង្កូតឱ្យ បានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅមិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈ ទៀតនោះឡើយលើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេសដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាមជាដើម។
ជាមួយនេះសម្តេចក៏បានសង្កត់ធ្ងន់ទៀតថា៖ចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ តទៅអាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយគយដើម្បីបង្កើនសកម្ម ភាពទប់ស្កាត់និងបង្ក្រាបរថយន្តគ្មានពន្ធ ។ ក្នុងករណីចាំបាច់ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ជាដើមដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់រថយន្តនោះត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូនសម្តេចដើម្បីសម្តេចមាន វិធានការដកមុខតំណែងនិងបណ្ដេញចេញពីគណបក្សថែមទៀត។
ជាចុងក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ តទៅរថយន្តគ្មានពន្ធនិង អាករមិនអាចចរាចរលើដងផ្លូវបានឡើយគឺជារថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថាអនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងលិខិតលេខ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១និង បន្ទាប់ពីការជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗដែលគ្មានពន្ធឲ្យចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល,អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាសង្កេតឃើញថាម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធបានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត ។ ចំណែកឯម្ចាស់រថយន្តចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួន ប្រាក់ពន្ធអាករ និង យករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងផងដែរ។ នេះបើតាមការឲ្យដឹងពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី៨ ខែតុលា ៕