ដោយៈដោយ​៖​ទស្សនា​វ​ដ្តី​ប្រជាជន​/ភ្នំពេញៈមេ​ឧទ្ទាម​ក្បត់ជាតិ​កំពុងតែ​ធ្លាក់ខ្លួន​ផុង​ចូលក្នុង​ល្បែង​នយោបាយ​ដ៏​ស្មោកគ្រោក និង​រាក់​កំភែល​របស់ខ្លួន ក្រោយពី​ជននេះ​បាន​ឆ្លៀត​ឆក់យក​ពាក្យ​ប៉ុន្មាន​ឃ្លា​ដែល​កាសែត The Guardan ចុះផ្សាយ​ខុស​យកមក​ជួយ​ឃោសនា​បន្ត​ដោយ​ចោទប្រកាន់ថា​សម្តេច​តេ​ជោ ហ៊ុន សែន មាន​លិខិតឆ្លងដែន​ប្រទេស​ស៊ី​ប​។ សម រង្ស៊ី មេ​ឧទ្ទាម​ក្បត់ជាតិ​បាន​ឆ្លៀតឱកាស​ធ្វើ​នយោបាយ​ទៅលើ​អត្ថបទ​ដែល​ចុះផ្សាយ​បំភ្លៃ​ការពិត​នេះ​ទៀតផង ។

ដោយ​យកពាក្យ​ប៉ុន្មាន​ម៉ាត់​របស់​កាសែត The Guardan នៅ​ថ្ងៃទី​៥ ខែតុលា ជននេះ​បាន​បង្ហោះ​ខិ​ត្ត​បណ្ណ​និយាយ​បំផ្លើស​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថា ប្រុង​រត់ចោលស្រុក​ក្រោយពី​បាន​ទិញ​លិខិតឆ្លងដែន និង​ទិញ​សញ្ជាតិ​ពី​ប្រទេស​ស៊ី​ប និង​បាន​បំផុស​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ក្រោយពី​មានប្រតិកម្ម​ខ្លាំងៗ​ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៧ ខែតុលា កាសែត The Guardan បានកែតម្រូវ​នូវ​កំហុសឆ្គង​នៃ​អត្ថបទ​របស់ខ្លួន​ឡើងវិញ ធ្វើ​ឲ្យ​មេ​ឧទ្ទាម​ក្បត់ជាតិ​ធ្លាក់​ក្នុងស្ថានភាព​វង្វេង​ស៊ុ​ង​តែម្តង​។ នៅ​ថ្ងៃទី​៧ ខែតុលា នោះដែរ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ចោទប្រកាន់​បុគ្គល​មួយក្រុម ដែល​រួមមាន សម រង្ស៊ី អេង ឆៃអ៊ាង មួរ សុខ​ហួរ ហូរ វ៉ាន់ និង​គូកន ពីបទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៥៣ មាត្រា​៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការចោទប្រកាន់​ខាងលើ​នេះ ពាក់ព័ន្ធ​អង្គហេតុ​នៃ​សេចក្តីអំពាវនាវ​របស់​បុគ្គល​សម រង្ស៊ី ដែល​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ចុះ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១ ដែលមាន​ខ្លឹមសារ​បង្កប់​នូវ​”​ការរៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ប្រើប្រាស់​ព័ត៌មាន​បំផ្លើស​ខុសពី​ការពិត​ក្រោម​ឧបាយកល​អំពាវនាវ ញុះញង់​កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ឲ្យ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” ផែនការ​ទុច្ចរិត​នេះ គឺជា​ឧក្រិដ្ឋកម្ម​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​។

​​ដើម្បី​បង្ហាញ​នូវ​ភាពស្មោះត្រង់​ចំពោះ​ជាតិ ចំពោះ​មាតុភូមិ ដើម្បី​បង្ហាញ​ពី​សច្ចៈ​ភាព និង​ភាពស្មោះត្រង់​ពីការចោទ ប្រកាន់​ដ៏​ងងើល​នេះ និង​ដើម្បី​ធានា​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា និង​ដើម្បី​បញ្ចៀស​ពី​ការជ្រៀតជ្រែក​ពី​បរទេស សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តួច​ផ្តើមគំនិត​ឲ្យ​ធ្វើការ​សិក្សា​ដើម្បី​ធ្វើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ដោយ​កំណត់​ឲ្យ​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែ​ជា​ឥស្សរជន​ដែលមាន​”​សញ្ជាតិ​ខ្មែរ​តែមួយគត់​”​។ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​នានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស រួមទាំង​បងប្អូន​ប្រជាជន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​បាន​គាំទ្រ​ភ្លូក​ទឹក ភ្លូ​កដី ចំពោះ​សំណើរ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ ដែលជា​មេដឹកនាំ​ប្រទេស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម តែងតែ​តម្កល់​នូវ​ផលប្រយោជន៍ ក​តិ្ត​យស និង​សេចក្តី​ថ្លៃ​ថ្លូ​រ​របស់​ជាតិ ជា​មេដឹកនាំ​ដែល​តែងតែ​ការពារ​ដាច់ខាត​នូវ​ឯករាជ្យ និង​អធិបតេយ្យ​របស់​ជាតិ​ខ្ពស់ជាង​អ្វីៗ​ទាំងអស់​។​

​​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២១ កិច្ចប្រជុំពេញអង្គ​រប​ស់​គណៈរដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ពិនិត្យ ពិភាក្សា ផ្លាស់ប្តូរ យោបល់ និង​សម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី (​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។ សេចក្តីព្រាងច្បាប់​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះថា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មាន​ភារកិច្ច​ទទួលខុស​ត្រូវ សម្រេច​កិច្ចការ​សំខាន់ៗ ដែលជា​អាយុជីវិត​របស់​ជាតិ មាន​កាតព្វកិច្ច​ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូលកាន់​តំណែង ដោយ​សច្ចា​ដាច់ខាត​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាជន នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ធានា​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​ពី​ការជ្រៀតជ្រែក​ពី​បរទេស ដូច្នេះ​ត្រូវ​កំណត់​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែ​ជា​ឥស្សរជន​ដែលមាន​”​សញ្ជាតិ​ខ្មែរ​តែមួយគត់​” ។

ប្រទេស​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​ដ៏​ជូរចត់​មួយ​កាលពី​អំឡុង​ឆ្នាំ​២០១៣-២០១៤ ដែល​ពេលនោះ​ពួក​ឧទ្ទាម​ក្បត់ជាតិ​បាន​ដឹកនាំ​ខ្មោច​គណបក្សនយោបាយ​មួយ​នៅ​កម្ពុជា ដែល​គណបក្ស​នោះ​ជា​យន្តការ​មួយ​សម្រាប់​បម្រើ​ចលនា​បដិវត្តន៍​ពណ៌ ដើម្បី​ធ្វើ​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការ​ចងក្រង​ចាក់ស្រេះប្រទាក់ ក្រឡា​គ្នា​យ៉ាង​ស៊ីជម្រៅ​រវាង​ក្រុមគ្រួសារ​គណបក្សប្រឆាំង ដែល​ភាគច្រើន​មាន​សញ្ជាតិ​ពីរ និង​ពួក​ចារកម្ម​បរទេស រហូត​មាន​អង្គការ​បរទេស​ខ្លះ​បាន​ចូលមក​បង្ហាត់បង្រៀន​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ធ្វើបាតុកម្ម ការផ្តល់ ថវិកា​ជំរុញ​បំផ្ទុះ​ឡើង​នូវ​បដិវត្តន៍​ពណ៌ ដើម្បី​ឈានទៅ​បង្កើត​រដ្ឋាភិបាល​មួយ​មិន​តាមបែប​ប្រជាធិបតេយ្យ មាន​បរទេស​ជា​អ្នកបញ្ជា និង​បម្រើ​ឲ្យ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ ជា​យុទ្ធសាស្ត្រ​របស់​ពួក​បរទេស​ទៀតផង​។ សូម្បីតែ​កម្មវិធី​នយោបាយ​របស់​គណបក្ស​នេះ ក៏​ពួក​បរទេស​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុងការ​សរសេរ​ឲ្យ​ដែរ​។ មេដឹកនាំ​គណបក្ស​នេះ​ថែមទាំង​និយាយ​អួតអាង​ជា​ចំហ​អំពី​ផែនការ​សំងាត់​នៃ​ការឃុបឃិត​គ្នា​យ៉ាង​ស៊ីជម្រៅ​រវាង​បក្ខពួក​ជាមួយ​ពួក​បរទេស​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ យើង​សាកល្បង​ប្រមើល​មើលថា បើ​ពេលនោះ​ខ្មោច​គណបក្ស​ដ៏​សំអុយ​មួយ​នេះ បានឈ្នះ​ឆ្នោត ហើយ​ប្រធាន និង​អនុប្រធាន​គណបក្ស​នេះ ដែលមាន​សញ្ជាតិ​ពីរ និង​បានដាក់​ខ្លួន​បម្រើ​បរទេស​រួច​ទៅហើយនោះ បាន​កាន់អំណាច​ជា​ប្រធានព្រឹទ្ធសភា ឬ​ប្រធានរដ្ឋសភា ឬ​នាយករដ្ឋមន្ត្រី តើ​ជោគវាសនា​របស់​កម្ពុជា​មកដល់​ថ្ងៃនេះ​នឹង​ក្លាយទៅជា​យ៉ាងណា​? ជា​ការពិត​ប្រទេស​យើង​ប្រាកដជា​ជួប​នូវ​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន​ឡើយ​។​

​ ​ប្រជាជន​កម្ពុជា​ពិតជា​មាន​សេចក្តី​សប្បាយរីករាយ​យ៉ាង​ក្រៃលែង និង​ចាត់ទុកថា​នេះ​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​។ ក្នុងពេលដែល​សេចក្តីព្រាងច្បាប់​នេះ​ឆ្លងកាត់​រដ្ឋសភា ព្រឹទ្ធសភា និង​បានការ​ឡាយព្រះហស្ថលេខា​ពី​ព្រះករុណា ព្រះមហាក្សត្រ និង​បានដាក់​ឲ្យ​អនុវត្ត​ហើយ​នោះ ច្បាប់​នេះ និង​កាន់តែ​បាន​ជួយ​រួមចំណែក​ក្នុងការ​ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ ការពារ​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​នៅពេលដែល​ប្រជាជន​អបអរសាទរ​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ នៅ​យប់​ថ្ងៃទី​៨ ខែតុលា មេ​ឧទ្ទាម​ក្បត់ជាតិ​កាន់​សញ្ជាតិ​ពីរ​ដែល​ដឹងថា​ជីវិត​នយោបាយ​ខ្លួនឯង​ត្រូវ​បញ្ចប់​ហើយ​នោះ បាន​ចេញមក​លោតកញ្ឆេង​មួយ​ក្បាច់​ទៀត ដោយ​បុគ្គល​នេះ​ធ្វើជា​និយាយ​លួង​ខ្លួនឯង និង​លួង​ចិត្ត​អ្នកគាំទ្រ​មួយចំនួន​ថា ច្បាប់​នេះ​មិនអាច​បិទទ្វារ​សម្រាប់​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​ទេ ព្រោះ​ខ្លួនគេ​នឹង​លា​សញ្ជាតិ​ទី​២ ដែលជា​សញ្ជាតិ​បារាំង​មុន​ចូលកាន់​តំណែង​។ យើង​អាច​ចោទ​សួរថា តើ​បុគ្គល​នេះ នឹងត្រូវ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ដោយ​របៀប​ណា​?​មក​ធ្វើ​នយោបាយ​យ៉ាងម៉េច បើ​ខ្លួន​នៅជាប់​ជំពាក់​ក្នុង​សាលក្រម​របស់​តុលា​ការដែល​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​បូករួម​ទៅ​មាន​រយៈពេល​រាប់​ឆ្នាំ ហើយក៏​នៅមាន​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ក្តីក្តាំ​ក្នុង​តុលាការ​ជាច្រើន​ទៀត​។ ប៉ុន្តែ​នេះ​គឺជា​រឿង​បុគ្គល​របស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​តែប៉ុណ្ណោះ​។​

​នៅក្នុង​សមរភូមិ​នយោបាយ​តែងតែមាន​ការតស៊ូ​ស្វិតស្វាញ​នឹង​គ្នា​បែប​នេះឯង ប៉ុន្តែ​ដូច​អ្វីដែល​សម្តេច​តេ​ជោ​មានប្រសាសន៍​រួចហើយ​ថា​៖ បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង ។ បើ​ខ្លួន​ជា​អ្នកនយោបាយ​ធុន​អន់​យ៉ាងនេះ​ក៏​រិត​តែ​មិនគួរ​នឹង​លេង​ទេ ព្រោះ​វា​នាំ​ឲ្យ​អន្តរាយ​ដល់​ខ្លួនឯង និង​អ្នកគាំទ្រ​ផ្កាប់មុខ ក្នុងពេលដែល​ល្បែង​នយោបាយ​នេះ​ត្រូវ​ជួបនឹង​គ្រោះ​”​សិច​តោ សិច​ម៉ូ​វ​” ដូច​ពេលនេះ​អញ្ចឹង​៕ ​ដោយ​៖​ទស្សនា​វ​ដ្តី​ប្រជាជន​