ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក មុត ចន្ថា មនុស្ស​ជំនិត​របស់លោក កឹម សុខា បាន​សរសេរ នៅក្នុង​ហ្វេ​ស​ប៊ុ​កថា តាម​ការ​ពិនិត្យមើល បញ្ជី​គណបក្សនយោបាយ (​ទាំងចាស់ និង​ទាំងថ្មី​) ដែល​ក្រសួងមហាផ្ទៃ បានទទួល​ចុះបញ្ជី គឺមាន​គណបក្ស នយោបាយ យ៉ាងតិច​ចំនួន ប្រាំបួន ដែល​ប្រធាន មាន​សញ្ជាតិ​ពីរ គឺ​បារាំង អាមេរិក និង កាណាដា​។​

​លោក​បាន​បញ្ជាក់ថាៈ គណបក្សនយោបាយ យ៉ាងតិច​ចំនួន​ប្រាំបួន ដែល​ប្រធាន មាន​សញ្ជាតិ​ពីរ មានដូចជាៈ ១- គណបក្ស​ហ្វ៊ុនស៊ិនប៉ិច , ២- គណបក្ស​ភ្លើងទៀន , ៣- គណបក្ស​ខ្មែរ​ឈប់​ក្រ , ៤- គណបក្ស​ខ្មែរ​សាធារណរដ្ឋ , ៥- គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ , ៦- គណបក្ស​ខ្មែរ​តែមួយ , ៧- គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ , ៨- គណបក្ស​ខ្មែរ​អភិរក្ស , ៩-​គណបក្ស​កម្ពុជា​និយម ។​

​លោក មុត ចន្ថា បាន​បន្តថាៈ នៅពេល​សេចក្តីព្រាងច្បាប់ វិសោធនកម្ម នៃ​រដ្ឋធម្មនុញ្ញ ដែល​កំណត់​សញ្ជាតិ តែមួយ សម្រាប់​មុខតំណែង ប្រធានព្រឹទ្ធសភា – រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបាន​អនុម័ត និង​ចូល​ជា​ធរមាន គណបក្សនយោបាយ ទាំងនោះ មិនអាច​ប្រកាស​ឈ្មោះ ប្រធាន​គណបក្ស បច្ចុប្បន្ន ជា​បេក្ខភាព នាយករដ្ឋមន្ត្រី​បានទេ នៅពេល​បើក​យុទ្ធនាការ​បោះឆ្នោត និង​/​ឬ ដាក់ឈ្មោះ​ស្នើ ជា​បេក្ខភាព នាយករដ្ឋមន្ត្រី ប្រសិនជា​គណបក្ស មានភ័ព្វ​វាសនា ឈ្នះ​ការបោះឆ្នោត​។​

​លោក​បាន​បញ្ជាក់ថាៈ ឈ្មោះ​របស់​ឥស្សរជន ជា​ប្រធាន​គណបក្ស ដែល​ឈរឈ្មោះ ជា​បេក្ខភាព នាយករដ្ឋមន្ត្រី គឺជា​យុទ្ធសាស្ត្រ​បោះឆ្នោត និង​ជា​សារ​នយោបាយ យ៉ាងសំខាន់​មួយ នៅក្នុង​ការឃោសនា ស្វែងរក​ការគាំទ្រ និង​សម្លេងឆ្នោត ពី​ម្ចាស់ឆ្នោត ទោះ​នៅក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ ឬ​ថ្នាក់ក្រោម​ជាតិ ឬ​មូលដ្ឋាន​។ នេះ​ជា​ឧបសគ្គ នយោបាយ​មួយ ក្នុង​ដំណើរ​ការរៀបចំ អង្គការ​ចាត់តាំង​នយោបាយ រចនាសម្ព័ន្ធ និង​ការកសាង​កម្លាំង​គាំទ្រ ជាពិសេស ក្នុង​ដំណើរការ​បោះឆ្នោត​ទាំងមូល​។​

​គណបក្ស​ទាំងនោះ មាន​ជម្រើស​យ៉ាងតិច​បី គឺ​ទី​១-​ប្តូរ​ប្រធាន​គណបក្ស មាន​សញ្ជាតិ ពីរ​ចេញ​, ទី​២-​ប្រធាន​គណបក្ស មាន​សញ្ជាតិ​ពីរ ប្រកាស​លាលែង ស​ញ្ជា​តូ​នីយកម្ម និង ទី​៣-​ជ្រើសរើស​ឥស្សរជន ម្នាក់ទៀត មាន​សញ្ជាតិ តែមួយ អម​ជាមួយ ប្រធាន​បច្ចុប្បន្ន​។

ក្នុង​បរិបទ​កម្ពុជា ផ្នត់គំនិត​រឹងមាំ របស់​ប្រជាពលរដ្ឋ​ខ្មែរ ស្ទើរតែ​ទូទៅ​នោះ ឆ្នោត​លើ​ឥស្សរ ភាព និង​ប្រជាប្រិយភាព របស់​អ្នកដឹកនាំ​នយោបាយ ជាជាង​បោះឆ្នោត ដោយ​ផ្អែកលើ គោលនយោបាយ និង​កម្មវិធី​នយោបាយ របស់​គណបក្សនយោបាយ​។ ដោយសារ​មូល ហេតុ​ចម្បង​នេះហើយ ទើប​គណបក្សនយោបាយ ជាច្រើន ដែល​ចូល​រូ​មក្រ​កួត​ប្រជែង ក្នុងការ​បោះឆ្នោត ពុំមាន​ឱកាស​ឈ្នះ បាន​អាសនៈ​៕/V​