ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ក្នុងនោះ ពិធីបុណ្យភ្ជុំបិណ្ឌ ក៏នាំឲ្យមានអ្នកធ្វើដំណើរច្រើន ទៅស្រុកកំណើត និងដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស បើទោះបីជារាជរដ្ឋាភិបាល សម្រេចផ្អាក មិនរៀបចំការជួបជុំ ដូចរៀងរាល់ឆ្នាំ នៅតាមវត្ត ក៏ដោយ។
១-រាជរដ្ឋាភិបាល ចេញសារាចរ ៣ ចំណុច ដើម្បីពង្រឹងវិធានការ គ្រប់គ្រងការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
កាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរ ៣ ចំណុច ស្តីពីការពង្រឹងវិធានការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេល ឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ សារាចរថ្មីនេះ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាល ទ្រង់ទ្រាយធំ នៃជំងឺកូវីដ១៩ ពិសេសដើម្បីការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជា កំពុងបោះជំហាន ឆ្ពោះទៅកាន់ការបើក ដំណើរការប្រទេស ពេញលេញឡើងវិញ លើគ្រប់វិស័យ នាពេលខាងមុខ។
២- សម្ដេច ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលខេត្តស្ទឹងត្រែង
កាលពីព្រឹកថ្ងៃចន្ទ ទី៤ ខែតុលា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ពិធីប្រកាសនេះ បានប្រារព្ធឡើង បន្ទាប់ពីព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ស្វាយ សំអ៊ាង អតីតអភិបាល ខេត្តមណ្ឌលគិរី ជាអភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង រួមទាំងការផ្លាស់ប្តូរ អភិបាលខេត្ត ចំនួន ៦ ផ្សេងទៀត។ អភិបាលខេត្ត ៦ ផ្សេងទៀត រួមមាន៖ លោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនៈគិរី លោក ថង សាវុន ជាអភិបាលខេត្តមណ្ឌលគិរី លោក ម៉ៅ ធនិន ជាខេត្តកំពត លោក ជាវ តាយ ជាអភិបាលខេត្តពោធិ៍សាត់ លោក ងួន រតនៈ ជាអភិបាលខេត្តកំពង់ធំ និងលោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង នឹងត្រូវប្រកាស ចូលកាន់តំណែង ជាបន្តបន្ទាប់ នៅថ្ងៃទី១១ ថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា។
៣- កូវីដ១៩ ធ្វើអោយពុទ្ធបរិស័ទប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃ នៅត្រឹមខ្លោងទ្វារវត្ត
ក្រោយរាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីវេនបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ គេឃើញតាមវត្តអារាម បានរៀបចំទទួលចង្ហាន់ និងទេយ្យវត្ថុ នៅត្រឹមខ្លោងទ្វារ និងតាមរបងវត្តប៉ុណ្ណោះ។ នៅវត្តនានា នៅរាជធានីភ្នំពេញ ពុទ្ធបរិស័ទ បាននាំយកចង្ហាន់ និងទេយ្យវត្ថុនានា ប្រគេនដល់ព្រះសង្ឃ នៅមុខវត្ដ ដោយអនុវត្ត នូវវិធានការសុខាភិបាល មានម៉ាស៊ីនវាស់កម្តៅ អាល់កុលលាងដៃ និងមានពាក់ម៉ាសការពារ ទាំងព្រះសង្ឃ ទាំងតាអាចារ្យ និងទាំងប្រជាពុទ្ធបរិស័ទ។ ប៉ុន្តែមិនថា តាមវត្តមួយចំនួន នៅភ្នំពេញ ឬនៅតាមខេត្តនានា នោះទេ គឺគម្លាតសុវត្ថិភាព ពីម្នាក់ទៅម្នាក់ យ៉ាងតិច ១ម៉ែត្រកន្លះ មិនត្រូវបានអនុវត្ត ឲ្យបានត្រឹមត្រូវទេ។
៤-រដ្ឋមន្ត្រីក្រសួងការងារ ណែនាំបន្ថែម ពីការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ដល់កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ក្រោយបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទី៤ ខែតុលា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែម ស្តីពី ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ដល់កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា។ ក្នុងនោះ គឺការធ្វើតេស្ត ត្រូវធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត។
៥- រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់អភិបាលខេត្ត រាជធានី ឲ្យពង្រឹងសកម្មភាព យុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃទី៤ ខែតុលា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលជាប្រធានគណៈកម្មការ អន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានណែនាំដល់ អភិបាលខេត្ត រាជធានី ទូទាំងប្រទេស ត្រូវពង្រឹងសកម្មភាព នៃយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋក្រុមគោលដៅ ឲ្យបានគ្រប់ៗគ្នា។
៦- កងទ័ពមួកខៀវកម្ពុជា ប្រមាណ ៣០០ នាក់ ត្រលប់ពីប្រទេសម៉ាលី ក្រោយបញ្ចប់បេសកកម្ម ដោយជោគជ័យ រយៈពេលពេញ ១ឆ្នាំ
កងកម្លាំងមួកខៀវកម្ពុជា ប្រមាណ ៣០០ នាក់ ដែលបញ្ចប់បេសកកម្ម ដោយជោគជ័យ រយៈពេលពេញ ១ ឆ្នាំ នៅប្រទេសម៉ាលី បានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញ កាលពីថ្ងៃទី៤ ខែតុលា។ ក្នុងដំណើរត្រឡប់មកដល់មាតុភូមិវិញ ក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យ របស់មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានយកសំណាក របស់កងកម្លាំងទាំងអស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីវិភាគរកមេរោគកូវិដ១៩ ភ្លាមៗ និងតម្រូវអោយធ្វើ ចត្តាឡីស័ក ចំនួន ២១ថ្ងៃ មុននឹងអនុញ្ញាត អោយទៅជួបជុំក្រុមគ្រួសារ។
៧-ទិវាគ្រូបង្រៀន ថ្ងៃ៥តុលា ក្រសួងអប់រំ បំផុសការលើកតម្កើង គ្រូបង្រៀន លើបណ្ដាញសង្គម
កាលពីថ្ងៃទី៥ ខែតុលា កម្ពុជា និងបណ្ដាប្រទេសនានា បានប្រារព្ធទិវាគ្រូបង្រៀន។ នៅកម្ពុជា ទិវានេះ បានប្រាព្ធឡើងក្រោមប្រធានបទ «គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ ក្នុងការអប់រំ គ្រប់កាលៈទេសៈ»។ ស្ថិតក្នុងបរិបទកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានបំផុសការលើកតម្កើង គ្រូបង្រៀនលើបណ្ដាញសង្គម។
៨-សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យកែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថា នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ
កាលពីថ្ងៃទី៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុក សម្រេចប្រគល់ភារកិច្ច ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការរៀបចំធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថា នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារ ត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តី ត្រូវការសម្លេង ២ ភាគ ៣ ទើបអាចអនុម័តបាន»។
កាលពីថ្ងៃទី៦ ខែតុលា មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយ ដោយគ្មានការពិតរបស់សារព័ត៌មានអង់គ្លេស The Guardian ដោយផ្សាយថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែន ប្រទេសស៊ីព្រ ឬសាយប្រ៊ីស (Cyprus)។ ចំណែករដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន នៅថ្ងៃទី៦ ខែតុលា ក៏បានផ្ញើលិខិតផ្លូវការមួយ ជូនរដ្ឋមន្ត្រីការបរទេស ស៊ីព្រ (Cyprus) ស្នើសុំផ្តល់កិច្ចសហការ ដើម្បីស្រាវជ្រាវ រកការពិតឱ្យឃើញ ចំពោះការចោទ ប្រកាន់ផ្ទុយការពិត មកលើសម្តេចតេជោ ហ៊ុន សែន ថា មានលិខិតឆ្លងដែនស៊ីព្រ។ នៅថ្ងៃទី៧តុលា កាសែត The Guardian បានកែសម្រួលអត្ថបទ របស់ខ្លួនឡើងវិញ ដោយដាក់ថា មនុស្សនៅក្បែរខ្លួនសម្តេចហ៊ុនសែន ដែលទទួលបានលិខិតឆ្លងដែន ស៊ីព្រ ឬប្រទេស សាយប្រ៊ីស។
៩-សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យអាជ្ញាធរ សមត្ថកិច្ច យកចិត្តទុកដាក់ លើកំណើនប្រជាពលរដ្ឋ ដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសណែនាំ ដល់អាជ្ញាធរសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ ពិនិត្យមើល អំពីភាពកកកុញ របស់ប្រជាពលរដ្ឋ ដែលបានដើរលេង កម្សាន្ត តាមរមណីយដ្ឋាននានា ដើម្បីរក្សាគម្លាត ពីក្រុមគ្រួសារមួយ ទៅក្រុមគ្រួសារ មួយទៀត ក្នុងបំណងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩។
ការបើកឲ្យមានអ្នកដើរកម្សាន្ត តាមរមណីយដ្ឋាននានា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ជាការសាកល្បងដ៏ធំ តែមិនមែនធ្វើឡើង ដោយប្រថុយប្រថាននោះទេ។ បើយើងធ្វើបានត្រឹមត្រូវ មហន្តរាយឆ្លងកូវីដ នឹងមិនមានទេ។ ករណីនេះ ក៏វាមិននាំទៅដល់ការរារាំង នូវការបើកប្រទេសឡើងវិញ នាពេលខាងមុខ ឡើយ។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា សុវត្ថិភាព ក្នុងអំឡុងពេលបុណ្យ ភ្ជុំបិណ្ឌនេះ នឹងអាចកើតមានបាន អាស្រ័យទៅលើមនុស្សម្នាក់ៗ ក្រុមគ្រួសារនីមួយៗ នៅក្នុងពេលដើរលេងកម្សាន្ដ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ។
១០- នៅថ្ងៃភ្ជុំបិណ្ឌ មានអ្នកទៅវត្តច្រើន ខណៈចរាចរណ៍ ក៏មមាញឹក នៅភ្នំពេញ
នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី៦ ខែតុលា ប្រជាពលរដ្ឋ បានយកចង្ហាន់ ទៅប្រគេនព្រះសង្ឃ តាមវត្តអារាម។ វត្តមួយចំនួន ការប្រគេនចង្ហាន់ ត្រឹមខ្លោងទ្វារវត្ត និងវត្តខ្លះ ចូលដល់ក្នុងបរិវេណវត្ត។ វិធានការទប់ស្កាត់ និងការពារកូវីដ១៩ ត្រូវបានអនុវត្ត ដោយមានពាក់ម៉ាស វាស់កម្តៅ បាញ់អាល់កុល និងមានទូរសម្លាប់មេរោគ ជាដើម។ ប៉ុន្តែនៅតាមវត្តខ្លះ មិនថា នៅភ្នំពេញ និងតាមបណ្តាខេត្តនានាទេ ពុំបានអនុវត្តឲ្យត្រឹមត្រូវ នូវគម្លាតសុវត្ថិភាព នោះទេ ដោយសារតែមានអ្នកទៅវត្តច្រើន នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ នាថ្ងៃនេះ។ ដោយឡែក តាមផ្លូវនានា និងច្រកចេញចូល រាជធានីភ្នំពេញ ចរាចរណ៍ នៅមមាញឹក។ អ្នកនៅភ្នំពេញ ជាច្រើន ក៏មិនបានធ្វើដំណើរ ទៅណាមកណាឡើយ ក្នុងឱកាសឈប់សម្រាក បុណ្យភ្ជុំបិណ្ឌនេះ។ តែក៏មានអ្នកធ្វើដំណើរ ទៅស្រុកកំណើត ដើម្បីប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងជួបជុំក្រុមគ្រួសារ ហើយបន្តការដើរកម្សាន្ត នៅតំបន់ទេសចរណ៍នានា។
១១- ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៣៥លើក ស្លាប់ ១៤នាក់ និងរបួស ៦៤នាក់
ក្នុងរយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៥ ថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ៣៥លើក បណ្តាលឲ្យស្លាប់ ១៤នាក់ និងរបួស ៦៤នាក់។
នេះបើតាមរបាយការណ៍ ប្រចាំថ្ងៃរបស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំនួនអ្នកស្លាប់ និងអ្នករបួស ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ គឺមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ ភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២០ មានអ្នកស្លាប់ ១៥នាក់ និងរបួស ៦២នាក់។
១២-រយ:ពេល ៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ កម្ពុជាមានភ្ញៀវចេញដើរកម្សាន្តជាង ៦៦ម៉ឺននាក់
ក្នុងរយ:ពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា នៅទូទាំងប្រទេស មានភ្ញៀវទេសចរ ចេញដើរទស្សនាកម្សាន្ត សរុបចំនួនជាង ៦៦ម៉ឺន ៤ពាន់នាក់។ ក្នុងនោះ តំបន់ជាប់មាត់សមុទ្រ គឺខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ មានអ្នកទៅលេងច្រើន។ វិធានការសុខាភិបាល ដូចជា ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព នៅតំបន់ទេសចរណ៍ខ្លះ អនុវត្តមិនបានត្រឹមត្រូវឡើយ។
១៣-សម្ដេចតេជោ លើកឡើងថា វិសោធនកម្មរដ្ឋធម្មនុញ្ញ ឱ្យមេដឹកនាំ មានសញ្ជាតិខ្មែរ តែមួយ គឺដើម្បីប្រយោជន៍ជាតិវែងឆ្ងាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ អំពីសារសំខាន់ និងផលប្រយោជន៍ នៃការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី មានសញ្ជាតិខ្មែរ តែមួយគត់ គឺជាការធ្វើឡើង ដើម្បីប្រយោជន៍ វែងឆ្ងាយរបស់ជាតិ។ សម្ដេចបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម រដ្ឋធម្មនុញ្ញនេះ កាលពីព្រឹកថ្ងៃសុក្រ។ នៅថ្ងៃទី១១ តុលា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យ សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មុននឹងរដ្ឋសភា ប្រជុំអនុម័ត។
១៤- តុលាការ ចោទប្រកាន់លោក សម រង្ស៊ី និងគូកន ពីបទ «រួមគំនិតក្បត់» និងបទ «ញុះញង់បង្កឱ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»
កាលពីថ្ងៃទី៧ ខែតុលា តុលាការសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ករណីថ្មីទៀត លើអតីតមេដឹកនាំ គណបក្សប្រឆាំង លោក សម រង្ស៉ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និងគូកន ពីបទ «រួមគំនិតក្បត់» និងបទ «ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»។ ការចោទប្រកាន់នេះ ធ្វើឡើង បន្ទាប់ពីលោកសមរង្ស៊ី ដែលកំពុងរស់នៅ ក្រៅប្រទេស បានចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិបរទេស និងមានលិខិតឆ្លងដែន ប្រទេសសាយប្រ៊ីស ( Cyprus )៕/V