ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ហុក ហួរ​លីម នាយករង​រដ្ឋបាល រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ នាំយក​ថវិកា​របស់លោក ឃួ​ង ស្រេង ចំនួន ៥ លាន​រៀល ទៅ​ប្រគល់ជូន លោកស្រី ស៊ី តូន ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ដែលមាន​ជំងឺ យ៉ាងធ្ងន់ធ្ងរ សម្រាក​នៅ​គេហដ្ឋាន ដើម្បី​រំលែក​ការលំបាក ក្នុងការ​ព្យាបាល​ជំងឺ ខណៈពេល លោកស្រី បាននិងកំពុង​សម្រាក ព្យាបាល​នៅផ្ទះ ។​

​ថវិកា​ចំនួន ៥ លាន​រៀល​នេះ ត្រូវបាន​លោក ហុក ហួរ​លីម នាំទៅ​ប្រគល់ជូន ដល់​គេហដ្ឋាន របស់លោក​ស្រី ស៊ី តូន តែម្តង ស្ថិតនៅ​ក្បែរ​បន្ទាយ​ទួល​ក្រសាំង នា​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ នេះ​។​

​លោក ហុក ហួរ​លីម បាន​មានប្រសាសន៍ថាៈ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ មិន​ថា មន្ត្រីក្រោមឱវាទ និង​ប្រជាពលរដ្ឋ​ទូទៅ​ទេ អោយតែ​ជួប​ការលំបាក ឬ​មាន​ទុក្ខព្រួយ លោក​តែងតែ​ចុះជួយ ឬ​ចាត់​តំណាង​ចុះទៅ​ជានិច្ច​។ ជាក់ស្តែង នៅពេលនេះ ខណៈដែល​ទទួលបាន​ព័ត៌មាន​ថា លោកស្រី ស៊ី តូន ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ មាន​ជំងឺ​ធ្ងន់ធ្ងរ លោក​អភិបាល រាជធានី​ភ្នំពេញ ក៏បាន​បញ្ជា​អោយ​លោក ជា​តំណាង​លោក ចុះមក​សួរសុខទុក្ខ និង​នាំយក​ថវិកា មក​ប្រគល់ជូន​តែម្តង ដើម្បី​រំលែក​ការលំបាក ក្នុងការ​ព្យាបាល​ជំងឺ របស់លោក​ស្រី ។​

​លោក ហុក ហួរ​លីម ក្នុងឱកាស​នោះ បាន​ជូនពរ​ឱ្យ​លោកស្រី ស៊ី​តូន បាន​ឆាប់​ជា សះស្បើយ ពី​ជំងឺ ដើម្បី​អាច​ទៅ​បំពេញការងារ ជា​ចៅសង្កាត់​បន្តទៀត ។ លោក​បាន​បន្តថាៈ លោកស្រី ចៅសង្កាត់​ផ្សារ​ថ្មី​ទី​១ គឺជា​អតីត​នារី​ដ៏​ឆ្នើម​មួយរូប ដែល​សម្ដេច ជា ស៊ីម បានដាក់​រហស្សនាម​ឲ្យ​។​

​បើតាម​ការបញ្ជាក់ ពី​ក្រុមគ្រួសារ និង​កូនចៅ​របស់​លោកស្រី ស៊ី តូន បាន​ឲ្យ​ដឹងថាៈ លោកស្រី ស៊ី តូន បានកើត​ជំងឺ​ម្យ៉ាង ដែល​គ្រូពេទ្យ អោយ​ឈ្មោះថា ជំងឺ​ចាក់​កូ ។ ជំងឺ​នេះ វា​ធ្វើអោយ​ប្រព័ន្ធ​ខួរក្បាល ស្រឹមៗ​ទៅ ភ្លេច​ការចងចាំ ប៉ុន្តែ​វា​មិន​បង្កឱ្យមាន ការឈឺចាប់ នោះទេ ។ ជំងឺ​ចាក់​កូ ជា​ជំងឺ​ម្យ៉ាង ដែល​កម្រ​នឹង​កើតមាន​ណាស់ ពោលគឺ ក្នុងចំណោម មនុស្ស ២ លាន​នាក់ លើ​លោក សឹង​មិនទាន់​កើត​ម្នាក់​ផង តែ​បែរ​ជាម​កកើត​លើ​លោកស្រី ស៊ី តូន ទៅវិញ ៕/V​