ដោយៈប.ខុន/ភ្នំពេញៈទឹកស្ទឹងព្រែកត្នោត នៅភាគខាងលើមិនមានជំនន់ទេហើយទ្វារទឹករលាំងជ្រៃក៏ត្រូវបានសម្រុតចុះហើយដែរនៅថ្ងៃទី៩ខែតុលានេះ តែទឹកនៅផ្នែកក្រោមទំនប់កំពង់ទួលនៅតែកើនឡើងដោយសារទឹកភ្លៀងនិងផ្លូវទឹកហូរទៅកាន់ទន្លេរួមតូច ដែលពេលនេះក្រសួង ធនធានទឹកនិងឧតុនិយមចាត់បញ្ជូនគ្រឿងចក្រទៅកាយស្តារ បើកមុខទឹកហើយ។

លោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ ពឺបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រលប់ថ្ងៃទី៩ខែតុលាឆ្នាំ២០២១ថាទឹកស្ទឹងព្រែកត្នោត ផ្នែកខាងលើយើងបានសម្រុតទ្វារទឹករលាំងជ្រៃហើយទឹកក៏បានថយចុះដែរនៅក្នុងស្ទឹង។តែនៅទឹកមួយផ្នែកដែលមិនឆ្លងកាត់ទ្វារទឹករលាំងជ្រៃ ដូចជានៅអូរក្រាំងអំបិលខាងឆ្វេងនិងខាងស្តាំ មានទឹកមកពីភ្នំជាលតិចតួច។ ទឹកឡើងនៅក្រោមទំនប់កំពង់ទួលគឺចាល់នៅផ្នែកខាងក្រោមចាប់ពីត្រឹមសាក់សំពៅចុះទៅក្រោមដោយសារមុខទឹករួមតូច។

ទោះជាយ៉ាងណា ដោយអនុវត្តតាមការដឹកនាំរបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៩ខែតុលាប្រធាននាយកដ្ឋានធារាសាស្ត្រកសិ កម្ម និងជាប្រធានមុខព្រួញទទួលខេត្តកណ្តាលនិងក្រុមការងារបច្ចេកទេស បានចុះជួយធ្វើការទប់ស្ទាក់ទឹកជាបន្ទាន់តាមទំនប់ប្រឡាយព្រែកកំពឹស(ប្រឡាយព្រែករទាំង) ដែលទឹកហូរពីលើខ្នងទំនប់ មានប្រវែង ២០០ ម៉ែត្រ ទំហំខ្នងទំនប់ ៥ ម៉ែត្រ ដែលជាចំណុចទំនាប ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅទាំងពីរភូមិខាងលើ ។

មន្ត្រីក្រសួងធនធានទឹកបញ្ជាក់ថាក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថានភាពនៃការលិចហូរពីលើផ្លូវបេតុង តាមចំណុចទំនាប និងដោយកន្លែង ដែលមានទីតាំងស្ថិតនៅតំបន់ទំនប់ចាបយំ ភូមិព្រែករាំង១សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល ត្រូវបានអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមគ្នាច្រកបាវខ្សាច់ទប់ជាទំនប់បន្ថែម ដើម្បីការពារទប់ការលិចលង់ភូមិ។ការជន់លិចនេះ ពុំមែនជាជំនន់ទឹកស្ទឹងព្រែកត្នោតទេ  គឺជាជំនន់ទឹកភ្លៀង តែពុំធ្ងន់ធ្ងរនោះទេ នេះគឺ ដោយសារផ្លូវរំដោះទឹកជាធម្មជាតិត្រូវរួមតូច ដែលខុសពីផ្លូវទឹកធម្មជាតិដែលមានពីមុន បណ្តាលឲ្យការរំដោះទឹកទៅតាមបណ្តាប្រឡាយ ព្រែក បឹង ផ្សេងៗ និងឆ្ពោះទៅទន្លេបាសាក់ ត្រូវបានរាំងស្ទះ ដោយសារ ការចាក់លុប ឬ បិទ ស្ទើរអស់ទៅហើយ និងដោយការសាងសង់ផ្លូវ និងសំណង់មួយចំនួនមិនបានគោរពតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្នុងការរក្សាផ្លូវទឹក ។

ប្រភពខាងលើបានឱ្យដឹងទៀតថាលោករដ្ឋមន្ត្រីលឹម គានហោ បានចាត់បញ្ជូនគ្រឿងចក្រធុនធ្ងន់និងមន្ត្រីបច្ចេកទេសទាំងយប់បន្ថែមទៅកាន់ទីតាំងខាងលើ ដើម្បី បើកផ្លូវទឹកនៃភ្លឺប្រឡាយ៩៦និង៩៤ ដែលជាផ្លូវរំដោះទឹកយ៉ាងសំខាន់ ដើម្បីបង្ហូរធ្លាក់ទៅតំបន់បឹងបួរ អូរធម្មជាតិ និងធ្លាក់ចូលតាមព្រែកទៅទន្លេបាសាក់ ដែលការងារនេះ នឹងត្រូវអនុវត្តឲ្យបានទាន់ពេលនៅវេលាថ្ងៃស្អែក ៕សរន