ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោ​កស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.)​ទទួលបន្ទុក ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ក្រុង ក្រុមការងារ​ចុះជួយ និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តបាត់ដំបង ទាំងអស់ សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​ចូលរួម​ក្នុង​យុទ្ធនា​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ គ្រប់​រូបភាព ដើម្បី​ឲ្យ​ខេត្តបាត់ដំបង ក៏ដូចជា​ប្រទេស​កម្ពុជា​យើង​ទាំងមូល ឆាប់​បាន​ឆ្លង​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។​

​ការស្នើ​នេះ ក្នុង​ពិធី​សំណេះសំណាល និង​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តបាត់ដំបងដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត ស្រុក ក្រុង ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តបាត់ដំបង ។ ពិធី​នេះ​ប្រារព្ធ​នៅ​ទីស្នាក់ការ ស​.​ស​.​យ​.​ក​. ខេត្តបាត់ដំបង និង​តាម​ប្រព័ន្ធ​វីដេអូ ហ្សូម នៅ​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១នេះ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោ​កស សុខា ក៏បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តបាត់ដំបង ទាំងអស់ បន្ត​ចូលរួម​ផ្សព្វផ្សាយ​នូវ​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល ពិសេស​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​ការពារ ទប់ស្កាត់ និង​បង្ការ​ពី​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​វីរុស​បំប្លែង​ថ្មី​ផ្សេងៗ​ទៀត បើទោះបី​បាន​ចាក់​វ៉ាក់សាំង​ហើយក៏​ដោយ ។​

​លោ​កស សុខា ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង ពី​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងនាម​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​. លោ​កស សុខា បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ក្រុង ក្រុមការងារ​ចុះជួយ​ស្រុក ក្រុង និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តបាត់ដំបង ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អាជ្ញាធរខេត្ត ស្រុក ក្រុង ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តបាត់ដំបង នាពេល​កន្លងមក ៕​សរន