ដោយ​៖ សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ បុរស​២​នាក់​ចូលទៅ​អារ និង​កាប់​ឈើ​ក្នុងព្រៃ ត្រូវ​ដើមឈើ​បាក់​រលំ​សង្កត់​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់ នៅត្រង់​អូរ​ស្វាយ ស្ថិតក្នុង​ភូមិ​វាល​ធំ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​កាលពី​ម៉ោងជាង​១២​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១​។​

​លោក​វរ​សេនី​យ៏​ឯក សាយ ដេ​ត​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា មាន​បុរស​២​នាក់​បាន​បើក​គោយន្ត​កន្ត្រៃ​មួយគ្រឿង​មាន​ទាំង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​សម្រាប់​អារ​ដើមឈើ​មួយគ្រឿង​ផង​បំណង​ទៅ​កាប់ និង​អារឈើ​ដើម្បី​យកមក​សាងសង់​ផ្ទះ​។​

​លោក​អធិការ​បាន​បន្តថា មុន​កើតហេតុ​បុរស​ឈ្មោះ​ឆាំ ឈឿន​អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​វាល​ធំ ស្រុក​ជាំ​ក្សាន្ត​បាន​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ទៅ​អារ​ដើមឈើ​ហើយ​ត្រូវ​ដើមឈើ​នោះ​បាក់​រលំ​សង្កត់​ស្លាប់​តែម្តង​។ ចំណែក​ម្នាក់ទៀត​ត្រួវ​ជា​បងប្អូន​ជីដូនមួយ​នោះ​ឈ្មោះ​ចាន់ សុភ័ក្ត្រ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ ជាមួយគ្នា​បាន​រួច​ពី​គ្រោះថ្នាក់​។​

​បន្ទាប់ពី​កើតហេតុ នគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ហើយ​បាន​បញ្ជាក់ថា​សាកសព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ដើមឈើ​រលំ​សង្កត់​មែន​៕​