​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អ្នកក្រុង​ស៊ីដនី​ដ៏​តប់ប្រមល់​បាន​ជម្នះ​នឹង​មេឃ​ស្រអ័ព្ទ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​ដើម្បី​អបអរសាទរ​ការដក​បម្រាម​បិទ​ក្រុង​រយៈពេល​ជិត ៤​ខែ​នៅ​ថ្ងៃ​ចន្ទ​​ទី​១១​តុលា​នេះ​ដោយ​សង្ឃឹម​គ្រវាត់ចោល​អស់​នូវ “​ឈាម ញើស និង​ការ​គ្មាន​ស្រា​បៀរ​ផឹក​” នៅក្នុង​ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​។​

​អ្នកស្រុក​ជាង ៥ លាន​នាក់​នៅ​ទីក្រុង​ស៊ីដនី​បាន​ជាប់​ក្នុង​ការបិទ​ខ្ទប់​រយៈពេល ១០៦ ថ្ងៃ​ដែល​រៀបចំឡើង​ដើម្បី​រឹតត្បិត​ការឆ្លង​រាលដាល​មេរោគ​បំ​ប្លែងខ្លួន Delta ។​

​ជាមួយ​នឹង​ការឆ្លង​ថ្មីៗ​ឥឡូវ​នេះ​បាន​ធ្លាក់ចុះ រដ្ឋ​ញូ​វ​សៅវែ​លបាន​កត់ត្រា​ករណី​ឆ្លង​ចំនួន ៤៧៩ នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​ជាង​មនុស្ស​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង​ទៅ​ចំនួន ៧០​ភាគរយ​បាន​ចាក់​វ៉ាក់​​សាំង​ពី​រដូស ដូច្នេះ​ទីក្រុង​ស៊ីដ​នី​លែង​ត្រូវ​ការបិទ​ខ្ទប់​ទៀតហើយ​។​

​ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន​បាន​បើកទ្វារ​ស្វាគមន៍​មនុស្ស​គ្រប់គ្នា​ដែល​អាច​បញ្ជាក់​ថា​ពួក​គេ​ចាក់​វ៉ាក់សាំង​ខណៈ​អតិថិជន​ដែល​មាន​សក់វែង​នាំគ្នា​តម្រង់​ជួរ​នៅ​ខាងក្រៅ​ហាង​កាត់សក់​ដើម្បី​កាត់សក់​និង​សា​រ៉េ​ម៉ូត​សក់​ឡើងវិញ​។​

​លោកស្រី​ហា​ណា សាយ​ម៉ុន ជា​ម្ចាស់​ហាង​កាហ្វេ Gordon´s Café​នៅ​សង្កាត់​ក្លូ​វើ​ឡេ​នៅ​ជាយក្រុង​ស៊ីដនី​ដែល​រួចផុត​ពី​ការបិទទ្វារ​ហាង​ដោយសារ​អាជីវកម្ម​របស់​គាត់​បើក​សេវា​អាហារ​​ដឹក​ដល់​ផ្ទះ បាន​និយាយថា “​វា​ពិតជា​មាន​អា​ម្មណ៍​អស្ចារ្យ​ណាស់​នៅ​ព្រឹក​នេះ​”​។​

“​កន្លែង​អង្គុយ​នៅ​ខាងក្រៅ​រាង​ពិបាក​បន្តិច​ហើយ​ប៉ុន្តែ​មិន​អី​ទេ​។ យើង​ពិតជា​រំភើប​ណាស់​ដែល​បាន​ត្រឡប់​មក​ទីនេះ​បើកហាង​វិញ​។ អស្ចារ្យ​ណាស់​”៕

អ្នកក្រុង​ស៊ីដនី​អបអរ​ទាំង​ភ្លៀង​ក្រោយ​បម្រាម​បិទ​ក្រុង​ត្រូវបាន​ដកចេញ​

បើកទទួលកាត់សក់ឡើងវិញក្រោយបិទអស់១០០ថ្ងៃ