​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ កាលពី​ថ្ងៃអាទិត្យ​ទី​១០​តុលា លោក ច​ច គ្លូ​នី បាន​ច្រានចោល​ការចាប់​អាជីព​ជា​អ្នកនយោបាយ ដោយ​និយាយថា គាត់​ចង់បាន “​ជីវិត​ល្អ​មួយ​” ហើយ​កំពុង​ព្យាយាម​កាត់បន្ថយ​បន្ទុក​ការងារ​របស់​គាត់​។​

​ទោះយ៉ាងណា តារា​សម្តែង​និង​ជា​អ្នកដឹកនាំ​រឿង​វ័យ ៦០ ឆ្នាំ​រូប​នេះ​បាន​លូកដៃ​ចូល​ឆាកនយោបាយ​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​លោក អេន​ឌ្រូ ម៉ា របស់ BBC ។ លោកគ្លូ​នី ជា​អ្នកគាំទ្រ​យូរអង្វែង​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ពណ៌នា​អាម៉េរិក​ជា​ប្រទេស​ដែល​កំពុង​ងើប​ឡើងវិញ​ពី​ការខូចខាត​ដែល​បង្កឡើង​ដោយ​លោក​ដូណាល់ ត្រាំ​។​

​នៅពេល​សួរ​ថា​តើ​គាត់​មានបំណង​ចង់​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ទេ លោកគ្លូ​នី​បានប​ដិ​សេធគំនិត​នេះ​យ៉ាង​លឿន​។​

​លោកគ្លូ​នី ដែល​បាន​បង្ហាញខ្លួន​នៅ​លើ​កម្មវិធី​នេះ​ដើម្បី​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ថ្មី​របស់​គាត់​រឿង The Tender Bar​បាន​និយាយថា “​ទេ ពី​ព្រោះ​ខ្ញុំ​ចង់បាន​ជីវិត​ល្អ​មួយ​”​។​

​លោកគ្លូ​នីនិ​យាយ​ថា​លោក​នឹង​ទទួលយក​គម្រោង​ការងា​រ​តិច​ជាង​មុន​ខណៈ​គាត់​នៅមាន​សុខភាព​ល្អ​និង​នៅតែ​អាច​លេង​បាល់បោះ​បាន​និង​ធ្វើ​អ្វី​ដែល​គាត់​ចូលចិត្ត​។​

​លោក​និយាយថា “​ខ្ញុំ​នឹង​មាន​អាយុ ៦០​ឆ្នាំ​នៅ​ឆ្នាំ​នេះ​ហើយ​ខ្ញុំ​បាន​សន្ទនា​ជាមួយ​ប្រពន្ធ​ខ្ញុំ​ហើយ​យើង​កំពុង​ធ្វើ​ការងារ​ជាច្រើន​ដូចដែល​យើង​ទាំង​ពីរ​ធ្លាប់​ធ្វើ​ហើយ​ខ្ញុំ​និយាយថា​យើង​ត្រូវ​គិតគូរ​ពី​​ឆ្នាំ​ចូលនិវត្តន៍​ដ៏​សប្បាយរីករាយ​។ ក្នុង​រយៈពេល ២០ ឆ្នាំ​ទៀត ខ្ញុំ​នឹង​មាន​អាយុ ៨០ ឆ្នាំ ហើយ​នោះ​ជា​ចំនួន​អាយុ​ជ្រេ​ណាស់​។ មិន​សំខាន់​ទេ​ថា​តើ​អ្នក​បាន​ហាត់ប្រាណ​ប៉ុនណា អ្នក​បាន​ញ៉ាំ​អ្វី​តែ​​ពេល​អ្នក​មាន​អាយុ ៨០ ហើយ ខ្ញុំ​ត្រូវតែ​និយាយថា យើង​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​រស់នៅ​រីករាយ​និង​រស់នៅ​ឆ្នាំ​សេសសល់​ចុង​ក្រោយ​តាម​វិធី​ល្អ​បំផុត​ដែល​អាច​ធ្វើទៅបាន​”៕

​លោក ច​ច គ្លូ​នី នឹង​មិន​ប្រឡូក​នយោបាយ​ទេ​