ប្រែ​សម្រួល : សកញ្ញា​ដា​លី​ (​ដេលី​មែ​ល​) ៖​សម្ទុះ​សកលលោក​កំពុង​កសាង​លើ​វិបត្តិ​អាកាសធាតុ​ប៉ុន្តែ​សកម្មភាព​នឹង​មិន​អាច​ទៅរួច​ទេ​បើ​គ្មាន​ប្រទេស​ពីរ​គឺ​ចិន​និង​សហរដ្ឋ​អាម៉េរិក​ដែល​រួម​​បញ្ចូល​គ្នា​បាន​បំភាយ​ឧស្ម័ន​ជាង​ពាក់កណ្តាល​លើ​ពិភពលោក ហើយ​រដ្ឋាភិបាល​របស់​ពួកគេ​មិន​ចុះសម្រុង​គ្នា​ទេនោះ​។​

​នៅ​មុន​កិច្ចប្រជុំ​កំពូល COP26 នៅ​ទីក្រុង​ក្លាស​ហ្គោ​អ្នកជំនាញ​ជឿជាក់​ថា​របកគំហើញ​នៃ​កិច្ចសហប្រតិបត្តិការ​អាម៉េរិ​ក​-​ចិន​អាច​ជា​កាតាលីករ​នៃ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ស្តីពី​ការ​​ផ្លាស់ប្តូរ​អាកាសធាតុ​ប៉ុន្តែ​ក៏​និយាយ​ផងដែរ​ថា​ទំនាក់ទំនង​រកាំរកូស​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​មិនមែន​ជា​ទីបញ្ចប់​នៃ​ពិភពលោក​នោះទេ​។

​ប្រទេស​ទាំង​ពីរ​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់ការ​បំភាយឧ​ស្ម័ន​បើទោះបីជា​ក្រុម​អ្នកវិភាគ​និយាយ​ថា​សកម្មភាព​ពួកគេ​នៅ​តូចតាច​ពេក​មិន​អាច​បំពេញ​តាម​គោលដៅ​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ការរក្សា​ការឡើង​កម្តៅ​ផែនដី​ត្រឹម ១,៥ អង្សា​សេ និង​ដើម្បី​បញ្ចៀស​ផល​អាក្រក់​បំផុត​នៃ​ការប្រែប្រួល​អាកាសធាតុ​ក៏ដោយ​។​

​លោកស្រី​ម៉ា​រី នី​កូល ដែល​ដឹកនាំ​គំនិត​ផ្តួចផ្តើម​អាកាសធាតុ​សំខាន់ៗ​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនធាន​ខ្យល់អាកាស​កាលីហ្វ័​រញ៉ា បាន​និយាយថា​”​ប្រសិនបើ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​របស់​​ចិន​និង​អាម៉េរិក​មិនអាច​ឯកភាពគ្នា​លើ​ខ្លឹមសារ​សំខាន់​ទេ​នោះ​ខ្ញុំ​គិតថា​នៅតែ​មាន​កន្លែង​ទំនេរ​ច្រើន​សម្រាប់​ចាត់វិធានការ​រឹងមាំ​ជា​បន្ត​ពីព្រោះ​ប្រទេស​ទាំង​ពីរ​អាច​និង​មាន​ឆន្ទៈ​ក្នុងការ​​ធ្វើ​អ្វីៗ​ជាច្រើន​ដោយ​ខ្លួនឯង​”​។​

​លោកស្រី​បាន​និយាយថា “​ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​វា​មិន​ពាក់ព័ន្ធ​នោះទេ​។ បើ​គ្មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​ទេនោះ ប្រទេស​ផ្សេង​ទៀត​នឹង​ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើ​សកម្មភាព​”​។​

​រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក​លោកចូ​ ​បៃ​ដិនបាន​ពណ៌នា​រដ្ឋាភិបា​ល​ទីក្រុង​ប៉េកាំង​ថា​ជា​បញ្ហា​ប្រឈម​យូរអង្វែង​របស់​ប្រទេស​លោក​និង​បាន​ដាក់​សម្ពាធ​លើ​កង្វល់​នានា​ចាប់ពី​សិទ្ធិមនុស្ស​រហូត​ដល់​តៃវ៉ាន់​និង​ពាណិជ្ជកម្ម​ប៉ុន្តែ​បាន​ស្វែងរក​ការសហការ​គ្នា​លើ​បញ្ហា​អាកាសធាតុ​។​

​លោក​ច​ន ឃើ​រី បេសកជន​អាកាសធាតុ​អាម៉េរិក​បាន​និយាយ​នៅ​ពេល​ថ្មីៗ​នេះ​ថា “​វា​មិនមែន​ជា​រឿង​អាថ៌កំបាំង​ទេ​ដែល​ចិន​និង​អាម៉េរិក​មាន​ការខ្វែងគំនិត​គ្នា​ជាច្រើន​។​ប៉ុន្តែ​លើ​បញ្ហា​អាកាស​​ធាតុ កិច្ចសហប្រតិបត្តិការ​ជា​វិធី​តែ​មួយគត់​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អត្តឃាត​ទៅវិញទៅមក​”៕

​ផ្សែង​ហុច​ចេញ​ពី​រោងចក្រ​ថាមពល​ធ្យូងថ្ម​មួយ​នៅ​ខេត្ត​សាន​ស៊ី​ភាគ​ខាងជើង​ប្រទេស​ចិន​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ។​ធ្យូងថ្ម​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​នាំអោយ​ពិភពលោក​ឡើង​កំដៅ តែ​បច្ចុប្បន្ន​​ចិន​កំពុង​កាត់បន្ថយ​ការប្រើ​វា​ច្រើន នាំអោយ​កើត​មាន​វិបត្តិ​ខ្វះ​អគ្គិសនី​នៅ​ចិន​