​គ្រុនផ្ដាសាយ​ហៅ​ពេទ្យ​មកចាក់​ថ្នាំ​២​ទៅ​៣​ម្ជុល​បណ្តាល​ឱ្យស្លាប់​

1566
ចែករម្លែក
  • 123
    Shares

​ដោយៈ​ចាន់ថន​/​កណ្ដាលៈ​បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅពេល​ក្រុមគ្រួសារ​ដឹក​ចេញពីផ្ទះ​ដល់​លើ​កំពង់ដរ​ផ្លូវ​ត្រី​ក្នុង​គោលបំណង​យកទៅ​សង្គ្រោះបន្ទាន់​នៅ​ភ្នំពេញ​។ ខណៈ​នៅមុន​ពេល​ព្យាបាល ជនរងគ្រោះ​គ្រាន់​តែមាន​អក្កា​រៈ​គ្រុនផ្ដាសាយ រលាក​បំពង់ក​តិចតួច ហើយ​ប្រពន្ធ​តាម​ពេទ្យ ឲ្យ​មក​មើល​និង​ចាក់​ថ្នាំ​។

​ទន្ទឹម​និង​នោះ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​នៅក្រោយពេល​ជនរងគ្រោះ​ស្លាប់​ហើយ ស្រាប់តែ​ធ្លាយ​ថា គ្រូពេទ្យ​ឲ្យ​លុយ​ទៅ​នគរបាល​ស្រុក​ចំនួន​៥០០​ដុល្លារ​ដើម្បី​បិទ​រឿង​កុំ​ធ្វើ​របាយការណ៍​។​​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម​ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២៧​ខែ ឧសភា​ឆ្នាំ​២០១៨​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ជា​មនុស្ស​ប្រុស​អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​។​រីឯ​គ្រូពេទ្យ​ព្យាបាល ឈ្មោះ ពេទ្យ វែង មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា​។​​ក្រុមគ្រួសារ​គ្រូពេទ្យ បាន​ប្រាប់ថា ពេទ្យ វែង​ពិតជា​បាន​ទៅ​ព្យាបាល​ជនរងគ្រោះ​មែន គឺ​ទៅ​ចាក់​ថ្នាំ​នៅផ្ទះ​ជនរងគ្រោះ​។

​ខណៈ​នៅ​ព្រលឹម​ថ្ងៃកើតហេតុ​ប្រពន្ធ​ជនរងគ្រោះ​ជា​អ្នក​មក​តាម​ពេទ្យ​ឲ្យ​ទៅ​មើល​។​កន្លងមក​ពេទ្យ វែង តែងតែ​ទៅ​ព្យាបាល​ជំងឺ​ឲ្យ​អ្នកផ្ទះ​នោះ ជាប្រចាំ ។​ប៉ុន្តែ​មិនដែល​មាន​បញ្ហា​ដូច​ពេលនេះ​ទេ និយាយ​រួម​ទើបតែ​ភ្លាត់ស្នៀត​ម្នាក់​ហ្នឹង​។​

​ពលរដ្ឋ​នៅ​ភូមិ​ខាងលើ បាន​លើកឡើងថា ពេទ្យ​វែង នេះ តែងតែ​ដើរ​ព្យាបាល​ចាក់​ថ្នាំ​ព្យួ​សេរ៉ូម ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​ជា​យូ​ឆ្នាំ​មកហើយ ទាំង​ដែល​ខ្លួន​មិនមាន​សញ្ញាបត្រ​បញ្ជាក់​ការសិក្សា​អី​ទេ គឺ​គាត់​ជា​ពេទ្យ​ជំរុំ​ពី​ដើម​។​

​ប្រភព​បន្តថា ករណីនេះ​គឺ​បណ្ដាលមកពី​គ្រូពេទ្យ​ចាក់​ថ្នាំ​ខុស ទើប​ប្រតិកម្ម​ស្លាប់​ជនរងគ្រោះ បន្ទាប់ពី​ដក​ម្ជុល​ភ្លាមៗ​។​ពេលនោះ​ក្រុមគ្រួសារ​មិន​អស់ចិត្ត បាន​ដឹក​ជនរងគ្រោះ ឆ្លង​កំពង់ដ ផ្លូវ​ត្រី ដល់ត្រើយ​ម្ខាង​ទើប​ដឹក​សព​មកវិញ​ធ្វើបុណ្យ​តែម្ដង​។​ជាមួយគ្នា​នោះ​ជនរងគ្រោះ​ស្លាប់​ភ្លាម គេ​ឃើញ​នគរបាល​បានមក​ពិនិត្យ​សព និង​សួរនាំ​គ្រូពេទ្យ​រួច​ក៍​ទៅវិញ​បាត់អស់​។ ស្រាប់តែ​លេច​ឮថា ពេទ្យ វែង ឲ្យ​លុយ​ចំនួន​៥០០​ដុល្លារ​ទៅ​នគរបាល​ស្រុក ដើម្បី​បិទ​រឿង​មិន​ធ្វើ​របាយការណ៍​។​

​ចំពោះ​ការលើកឡើង​ខាងលើ គ្រូពេទ្យ វែង បានគេច​វេស​មិន​ជួប​អ្នកកាសែត ឬ​បកស្រាយ​ឡើយ​។​​ប៉ុន្តែ​លោក ហេង សុផល អធិការ​ស្រុក​ល្វាឯម​បាន​ប្រាប់​ឲ្យ​ដឹងថា​រឿង​នោះ​លោក​ឲ្យ​ជំនាញ បច្ចេកទេស​ទៅពិនិត្យ​ដែរ ។​ប៉ុន្តែ​ក្រុមគ្រួសារ​គេ​ថា មិនបាច់​ពិនិត្យ​ទេ ជា​រឿង​ជំងឺ​។

​លោក​បន្តថា​រឿង​ចោទ​ប៉ូលិស​ទៅយក​លុយ​ពី​គ្រូពេទ្យ​៥០០​ដុល្លារ​ជា​ថ្នូរ​និង​ការបិទ​រឿង​នោះ​ជា​រឿង​មិន​ពិត​ទេ​។​ប្រសិន​លុយ​ត្រឹម បួនដប់​ម៉ឺន​រៀល អី​គេ​ឲ្យ ជា​មនោសញ្ចេតនា​ក្រែង​មាន​ខ្លះ​។​​ដោយឡែក​លោក គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្ដាល បាន​លើកឡើងថា លោក​មិន​បានដឹង​ទេ​រឿងនេះ​ព្រោះ​អត់​មាន​អ្នករាយការណ៍​។​បើសិន​ពេទ្យ​ដើរ​ចាក់​តាម​ផ្ទះ​ជា​រឿង​ខុសច្បាប់ ខណៈ​អត់​មាន​សញ្ញាបត្រ​ឬ​ច្បាប់​អនុញ្ញាត​ចំពោះ​រឿងនេះ​លោក​និង​ស្រាវជ្រាវ​៕S/