​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ឡាន​ហោះ​ត្រូវ​គេ​រំពឹងថា​នឹង​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់​កន្លែង​តាំងពិព័រណ៍​ក្រុង​អូ​សា​កា​-​កាន់សៃ​ប្រទេស​ជប៉ុន​ឆ្នាំ ២០២៥ ។​

​រដ្ឋបាល​ក្រុង​និង​ខេត្ត​អូ​សា​កា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន SkyDrive ដែលជា​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ​ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​ប្រតិបត្តិការ​ឡាន​ហោះ​នៅឯ​ពិព័រណ៍​នេះ​។​

​ក្រុមហ៊ុន​ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៨ ដោយ​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន Toyota Motor មាន​បំណង​បើក​ដំណើរការ​អាជីវកម្ម​ឡាន​ហោះ​នៅ​ត្រឹម​ឆ្នាំ ២០២៥ ។ ក្រុមហ៊ុន​មាន​ផែនការ​យក​ពិព័រណ៍​នេះ​ធ្វើ​ជា​ដំណាក់កាល​សម្រាប់​បង្ហាញ​ឡាន​ហោះ​របស់ខ្លួន​។​

​នៅ​ខែ​ឧសភា​ឆ្នាំ​នេះ​រដ្ឋាភិបាលកណ្តាល​បាន​សម្រេច​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ពិនិត្យមើល​ស្តង់ដារ​សុវត្ថិភាព​និង​បញ្ហា​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ការបើក​ឡាន​ហោះ​នៅឯ​ពិព័រណ៍​នេះ​។​

​យោង​តាម​ផែនការ កន្លែង​ចុះចត​និង​ហោះហើរ​នឹង​ត្រូវ​ដំឡើង​នៅ​តំបន់​ថេម​ផូ​ហ្សាន​ក្នុង​សង្កាត់​មីណា​តូ​ទីក្រុង​អូ​សា​កា​ដែលមាន​ចម្ងាយ​ប្រហែល ៥ គីឡូម៉ែត្រ​ពី​កន្លែង​តាំងពិព័រណ៍​នៅ​យូ​មី​ស៊ី​ម៉ា​ក៏​នៅ​ទីក្រុង​អូ​សា​កា​ដែរ ហើយ​ឡាន​ហោះ​ដែលមាន​កៅអី​ពីរ​នឹង​ហោះហើរ​រវាង​ទីតាំង​ទាំង​ពីរ​។​

​ប្រធាន​ក្រុមហ៊ុន SkyDrive លោក ថូ​ម៉ូ​ហ៊ី​រ៉ូ ហ្វ៊ុយ​គូហ្សា​វ៉ា បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា “​យើង​ចង់​បើក​ពិភព​នៃ​ឡាន​ហោះ​ជាមួយ​ពិព័រណ៍​នេះ​ជា​ចំណុច​ចាប់ផ្តើម​”៕

ឡាន​ហោះ​របស់​ក្រុមហ៊ុន SkyDrive គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​បែប​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០២៥