​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ថៃល័​រ ហ្វើ​រី​ជឿជាក់​ថា​រូបគេ​មិន​មាន​ការសង្ស័យ​ទេ​ថា​រូបគេ​ជា​កីឡាករ​ទម្ងន់​ធ្ងន់​ល្អ​ដាច់​គេ​នៅ​សម័យកាល​នេះ​បន្ទាប់ពី​ក្រោក​ពី​ដួល​អុកគូទ​​ពីរដង​ដើម្បី​រក្សា​ខ្សែក្រវាត់ WBC របស់​គេ​ដោយ​ផ្តួល ឌី​អូន​ថា​យ វ៉ា​យ​ឌ័​រ ឱ្យ​សន្លប់​នៅ​ទឹក​ទី ១១ ក្នុង​ការប្រកួត​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​គ្រប់​សម័យកាល​។​

​នៅក្នុង​ការប្រកួត​សងសឹក​លើក​ទី ៣ គួរឱ្យ​ភ្ញាក់ផ្អើល​និង​ពោរពេញ​ដោយ​ស្នាម​ជាំ​រវាង​អ្នក​ប្រយុទ្ធ​ទាំង​ពីរ​នៅ​ឯ​សង្វៀន T-Mobile Arena​ក្នុង​ទីក្រុង​ឡាសវេ​ហ្គាស​ជាមួយ​នឹង​វាយ​​អុកគូទ​សរុប​៥​ដង ហ្វើ​រី​បាន​បង្ហាញ​ពី​ភាព​ខ្លាំងក្លា​របស់​ខ្លួន​និង​វាយ​គូ​ប្រជែង​របស់​ខ្លួន​ឱ្យ​សន្លប់​។​

​វ៉ា​យ​ឌ័​រ​ដួល​អុកគូទ​មុន​គេ​នៅ​ទឹក​ទី ៣ ហើយ​ត្រូវបាន​សង្គ្រោះ​ដោយ​ស្នូរ​ជួង​បញ្ចប់​ទឹក ប៉ុន្តែ​បន្ទាប់​ពី​សម្រាក​បាន​មួយ​នាទី​រូបគេ​ស្តារ​ភាពអាម៉ាស់​វិញ​ភ្លាមៗ​ដោយ​វាយ​នឹង​ដៃស្តាំ​ផ្តួល​ហ្វើ​រី​អុក​​គូទ​វិញ​២​ដង​។​

​កំណត់ត្រា​អាជីព​មិន​ដែល​ចាញ់​របស់​ហ្វើ​រី​ហាក់​ស្ថិតក្នុង​គ្រោះថ្នាក់​ទៅ​ហើយ ប៉ុន្តែ​រូបគេ​អាច​ស្តារ​កម្លាំង​មក​វិញ​បាន​នៅពេល​ដែល​វ៉ា​យ​ឌ័​រ​ចាប់ផ្តើម​អស់កម្លាំង​នៅ​ពាក់កណ្តាល​ការប្រកួត ដោយសារ​ប្រើ​ថាមពល​ច្រើនពេក​ដើម្បី​វាយ​ហ្វើ​រី​ឱ្យ​សន្លប់​ឆាប់ៗ​។​

​វ៉ា​យ​ឌ័​រ​នៅតែ​ជា​ការគំរាមកំហែង​ទោះបីហ្វើ​រី​មើល​ទៅ​កំពុង​ខ្លាំង​ដល់​កំពូល​ក៏​ដោយ​។ ជា​ការពិត បន្ទាប់​ពី​ដួល​អុកគូទ​២​ដង​ស្មើ​ហ្វើ​រី​នៅ​ទឹក​ទី ១០ វ៉ា​យ​ឌ័​រ​បានបញ្ចប់​ទឹក​មើលទៅ​នៅតែ​ខ្លាំង ហើយ​ទំនង​ធ្វើឱ្យ​ជនជាតិ​អង់គ្លេស​មាន​មោទនភាព​ចំពោះ​រូប​គេ​។​

​ប៉ុន្តែ​ទីបំផុត​វ៉ា​យ​ឌ័​រ​បាន​ដួល​ជា​លើក​ទី​៣​ងើប​លែង​រួច​ដោយ​សារ​មួយ​ដៃស្តាំ​ដ៏​ខ្លាំងក្លា​របស់​ហ្វើ​រី ធ្វើឱ្យ​រូប​គេ​រង​បរាជ័យ​នៅ​ទឹក​ទី​១១​តែម្តង​៕

ហ្វើ​រី​វាយ​វ៉ា​យ​ឌ័​រ​ឱ្យ​សន្លប់​នៅ​ទឹក​ទី​១១ ដើម្បី​រក្សា​ខ្សែក្រវាត់ WBC របស់គេ​កាលពី​ថ្ងៃអាទិត្យ​