ដោយៈ ម៉េងឆៃ / ភ្នំពេញៈ កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំ ពិនិត្យលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំជាតិកំពូលៗ រួមមាន នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។ ជាលទ្ធផល ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា សេចក្តីព្រាងវិសោធនកម្មនេះ ស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។
កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅអគារស ក្នុងវិមានរដ្ឋចំការមន ទល់មុខព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានប្រកាសថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា ការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិ មិនឋិតក្នុងភាពអាសន្ន។
សូមរម្លឹកថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលចែងកំណត់ពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
សេចក្តីព្រាងច្បាប់នេះ ក្រោយក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយមតិយោបល់ថ្វាយព្រះមហាក្សត្រ គឺអង្គព្រះមហាក្សត្រ នឹងតបឆ្លើយមកកាន់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល នឹងបញ្ជូនសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ទៅរដ្ឋសភា ដើម្បីប្រជុំពិភាក្សាអនុម័ត មុននឹងបញ្ជូនបន្តទៅព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រួចមកហើយថា ការរៀបចំកែច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់តំណែងកំពូលទាំងបួននេះ មានផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាព ចំពោះជាតិមាតុភូមិ។
មហាជន និងក្រសួងស្ថាប័នជាតិ គាំទ្រពេញទំហឹង ដូចសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ លើមេដឹកនាំជាតិកំពូលៗ នាពេលនេះដែរ។ ច្បាប់ទាំងអស់នេះ សុទ្ធតែបម្រើឲ្យផលប្រយោជន៍ជាតិខ្មែរ និងបង្កើនសាមគ្គីជាតិ ក៏ដូចជា សុខដុមនីយកម្មជាតិសាសន៍យើង ៕សរន