ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកជា សុមេធី អភិបាលខេត្រព្រៃវែង , លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា បានចូលរួមពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅទួលបារាយណ៍អណ្តែត ក្រុងព្រៃវែង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអនុគណៈកម្មការសាងសង់រោងតម្កល់ទូក “ង” ខ្នាតវែង ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង អភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងទាំងបី និងចំណុះទូក”ង”។
លោកអភិបាលខេត្តព្រៃវែងបានថ្លែងអំណរគុណដល់លោកជំទាវ ញ៉ែម សាខន សខេង និងអនុគណៈកម្មការសាងសង់រោងតម្កល់ទូកខ្នាតវែង ជាពិសេស កងកម្លាំងទាំងបី និងចំណុះទូក “ង”ទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរំកិលទូក ង “កម្ពោជិកបុត្តាខេមរាតរី” ទទួលបានជោគជ័យ។
សូមរម្លឹកថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបាន បំបែកឯកទគ្គកម្មទូក « ង » វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន១៧៩នាក់៕សរន