ភ្នំពេញ​: ក្រោយ​ការ​ស្តង់​មតិ​ពី​អ្នកទេសចរ​នៅលើ​ពិភពលោក ដោយ​វែបសាយ​អន្តរជាតិ​មួយ​ឈ្មោះ «Rough Guides» ដែលជា​ទីភ្នាក់ងារ​ទេសចរណ៍ និង​ជា​ក្រុមហ៊ុន​បោះពុម្ពផ្សាយ​សៀវភៅ​មគ្គទេសក៍​ដ៏​ល្បីល្បាញ អំពី​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​ជាងគេ​បំផុត​នៅលើ​ពិភពលោក «The World’s Friendliest Countries» បាន​បង្ហាញថា កម្ពុជា​ជាប់​ចំណាត់​លេខ​១ ដែលមាន​អ្នកបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ នៅក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ថា ជា​ប្រទេស​ដែលមាន​ភាពរួស​រាយ​រាក់ទាក់​បំផុត នៅលើ​ពិភពលោក​។​

​កាលពីពេល​កន្លងទៅ Rough Guides ដែលជា​ក្រុមហ៊ុន​ជំនាញ​ខាង​ទេសចរណ៍ មាន​ស្នាក់ការ​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បានដាក់​ការស្ទង់មតិ​មួយ នៅលើ​បណ្តាញ​សង្គម Twitter និង Facebook របស់ខ្លួន អំពី​ប្រទេស​ដែលមាន​ភាពរួស​រាយ​រាក់ទាក់ ជាងគេ​បំផុត​លើ​ពិភពលោក​។​

​នៅក្នុង​លទ្ធផល​ស្តង់​មតិ​នេះ Rough Guides បាន​លើកឡើងថា «​រហូតមកដល់​ពេលនេះ​ប្រទេស​កម្ពុជា គឺ​បាន​ស្ថិតក្នុង​កំពូល​តារាង នៅក្នុង​ការស្ទង់មតិរ​បស់​យើង ដែលជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយ​ក្នុងចំណោម​បុគ្គលិក និង​អ្នកតាមដាន Rough Guides នៅលើ Twitter ដូចគ្នា​»​។​
​អ្នកចូលរួម​ផ្តល់​មតិយោបល់​ម្នាក់ គឺ​លោកស្រី Andrea Leber បាន​និយាយថា «​ពួកគេ (​ប្រជាជន​កម្ពុជា​) បាន​ឆ្លងកាត់​ការលំបាក​ច្រើន ប៉ុន្តែ​ពួកគេ​នៅតែមាន​ស្នាមញញឹម​នៅលើ​មុខ​»​។​

​លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ថ្ងៃទី​១១ តុលា ឆ្នាំ​២០២១​នេះ​ថា លទ្ធផល​ស្តង់​មតិ​នេះ​គឺ​ត្រឹមត្រូវ​បំផុត ព្រោះ​ពី​បុរាណកាល​ដើម​មក ប្រជាជន​កម្ពុជា​ត្រូវបាន​ចាត់ទុកថា មនុស្ស​ដែលមាន​ភាពរួស​រាយ​រាក់ទាក់ និង តែងតែ​ផ្តល់នូវ​ស្នាមញញឹម​ដល់​អ្នកទេសចរ​គ្រប់​ជាតិ​សាសន៍ និង​អ្នកភូមិផង​របង​ជាមួយ រាប់​ចាប់តាំងពី​អ្នករស់នៅ​តាម​ស្រុកស្រែ​ជនបទ និង​ប្រតិ​ប​ត្ត​ករ​ទេ​សចណ៍​។​
​លោកស្រី​បន្ថែមថា តាមរយៈ​ការ​ស្តង់​មតិ​របស់ Rough Guides និង​ស្នាមញញឹម​ដ៏​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​ពិភពលោក នឹងធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ទាក់ទាញ​ភ្ញៀវ​ទេស ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា​នាពេលខាងមុខ ខណៈដែល​កម្ពុជា​គ្រោង​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ នៅ​ចុង​ឆ្នាំនេះ​។​

​លោកជំទាវ​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កេរ្តិ៍ឈ្មោះ​ក៏ដូចជា​ការផ្តល់​ពិន្ទុ​ឱ្យ​កម្ពុជា​ថា ជា​អ្នក​រួសរាយ​រាក់ទាក់​ជាងគេ គឺជា​កេរ្តិ៍​ឈ្នោះ​ដ៏​ល្អ​របស់​កម្ពុជា ដែល​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​នឹង​គម្រោង​ធ្វើដំណើរ​ក្រោយពី​វិបត្តិ​។ អ្នកទេសចរ គឺ​គេ​ដើរលេង កាលណា​គេ​ដើរលេង​គេ​ចង់បាន​បដិសណ្ឋារកិច្ច​ល្អ គេ​ចង់បាន​ការទទួល ភាព​រួសរាយ​រាក់ទាក់ គេ​ចង់បាន​ចឹ​ង​។ អ៊ីចឹង​វា​ជា​ផ្នែក​មួយ​នៅក្នុង​ការ ទាក់ទាញ​ឱ្យគេ​គិត​ដែរ​ថា គេ​គួរតែ​ទៅ​ប្រទេស​ណា ដែលមាន​ភាពរួស​រាយ​រាក់ទាក់ វា​ធ្វើឱ្យ​ដំណើរ​កម្សាន្ត​របស់គេ​កាន់តែ​មានគុណ​ភាព​ទៀត​»​។​

​ក្រៅពី​កម្ពុជា មាន​ប្រទេស​ចំនួន ៩​ទៀត ត្រូវបាន​អ្នកទេសចរ​អន្តរជាតិ​ចាត់ទុកថា ជា​ប្រទេស​មាន​ភាព​រួសរាយ​រាក់ទាក់​ផងដែរ ដែល​ភាគច្រើន​ជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។​
​ប្រទេស​ដែល​ឈរ​នៅ​លេខ​រៀង​បន្ទាប់ពី​កម្ពុជា គឺ​ប្រទេស​ហ្វីលីពីន ដែល​ស្ថិតក្នុង​លេខ​រៀង​ទី ២ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​ឡាវ ដែល​ទទួលបាន​ចំណាត់​លេខ ៣ និង​ប្រទេស​ណេ​ប៉ាល់ ជាប់​ចំណាត់​លេខ ៤​។ ចំណែក​ថៃ​ដែល​ល្បីល្បាញ​ខាង​ទេសចរណ៍ ឈរ​នៅ​លេខ​រៀង​ទី ៥ ខណៈដែល​ប្រទេស​សមាជិក​អាស៊ាន ២ ទៀត​គឺ មី​យ៉ាន់​ម៉ា ជាប់​ចំណាត់ថ្នាក់ ៦ និង​ឥណ្ឌូនេស៊ី ជាប់​ចំណាត់​លេខ ៧​។ រីឯ​ប្រទេស​ដែល​ទទួលបាន​ចំណាត់​ទី ៨ គឺ​ប្រទេស​ហ្វី​ជី ក្នុងពេលដែល​ប្រទេស​ស្កុ​តលែ​ន ជាប់​ចំណាប់​ថ្នាក់​ទី ៩ និង​ចុងក្រោយ គឺ​ប្រទេស​ស្រីលង្កា ទទួលបាន​ចំណាត់ថ្នាក់​ទី ១០៕
​ប្រភព​៖ FreshNews​