ប្រែសម្រួលៈវាសនា/ហាណូយ៖ សត្វឆ្កែចំនួន១៥ក្បាលនិងឆ្មាមួយក្បាលរបស់គ្រួរសារពីរដែលធ្វើដំណើរចេញពីខេត្តឡុងអាន ទៅកាន់ខេត្តកាម៉ៅ ត្រូវបានអាជ្ញាធរសម្លាប់និងដុតចោលដើម្បីជាវិធានការបង្ការកូវីដ១៩កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ផាំ មិញ ហ៊ុង អាយុ៤៩ឆ្នាំ បានអះអាងកាលពីថ្ងៃអាទិត្យថា ឆ្កែរបស់គាត់១៣ក្បាល ត្រូវកម្លាំងបង្ការជំងឺកូវីដ១៩ក្នុងខេត្តកាម៉ៅ កំទេចចោលកាលពី២ថ្ងៃមុន។ឆ្កែ៣ក្បាលទៀតបូករួមទាំងឆ្មាមួយក្បាលដែលមកតាមគ្រួសារបងប្អូនលោក ក៏ជួបវាសនាដូចគ្នា។
ហ៊ុង បានធ្វើជាកម្មកររៀបឥដ្ឋនៅក្នុងខេត្តឡុងអានភាគខាងត្បូង ហើយក្នុងអំឡុងពេលកូវីដ១៩ផ្ទុះខ្លាំងគ្រួសារលោកជួបការលំបាក ដូច្នេះកាលពីថ្ងៃ៨តុលាលោកបានជិះម៉ូតូឌុបប្រពន្ធនិងឆ្កែ រួមដំណើរជាមួយគ្រួសារប្អូនថ្លៃទៅកាន់ស្រុកកំណើតនៅឃុំមួយក្នុងខេត្តកាម៉ៅ។
ពេលទៅដល់កាម៉ៅ សមាជិក២គ្រួសារនេះមួយចំនួនត្រូវបានធ្វើតេស្តិ៍រហ័សឃើញមានវិជ្ជមានកូវីដ១៩ ដូច្នេះដើម្បីកុំអោយប្រជាជនក្នុងមូលដ្ឋានបារម្ភមិនសប្បាយចិត្ត អាជ្ញាធរឃុំបានសំរេចកំទេចសត្វទាំងនេះចោល។
កម្មកររៀបឥដ្ឋ លោកហ៊ុង ដឹកប្រពន្ធនិងឆ្កែពីឡុងអាន ទៅកាម៉ៅ តែដោយសារសមាជិកគ្រួសារខ្លះកើតកូវីដ១៩ ឆ្កែ១៥ក្បាលនិងឆ្មា១ក្បាលត្រូវអាជ្ញាធរយកទៅសម្លាប់ចោល
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាម៉េរិក វីរុសកូរ៉ូណាអាចចម្លងពីមនុស្សទៅសត្វរួមមានឆ្កែឆ្មា តែលទ្ធភាពចម្លងពីសត្វចិញ្ចឹមទៅមនុស្សមានកំរិតទាប។
ជុំវិញកូវីដ១៩នេះដែរ អាជ្ញាធរសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃចន្ទបានប្រកាសរកឃើញអ្នកឆ្លងថ្មី៣.៦១៧នាក់ ដោយកើនលើសចំនួនឆ្លងកាលពីមួយថ្ងៃមុន ១០៤នាក់និងរុញចំនួនឆ្លងសរុបដល់៨៣៨.៦៥៤នាក់។
ក្នុងពេលជាមួយគ្នា ចំនួនមនុស្សស្លាប់ដោយកូវីដ១៩នៅក្នុងប្រទេសនេះកើនដល់២០.៦៧៩នាក់ បន្ទាប់ពីអ្នកជំងឺ១១៥នាក់ទៀតបានស្លាប់៕
អ្នកដំណើរឡើងយន្តហោះពីក្រុងហាណូយមកក្រុងហូជីមិញ កាលពីថ្ងៃ១០តុលា នៅពេលអាជ្ញាធរដកចេញការរឹតត្បិតលើការធ្វើដំណើរក្នុងស្រុកដោយសារចំនួនឆ្លងថយចុះខ្លាំង