​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ សេដ្ឋវិទូ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក​ម្នាក់​បាន​ឈ្នះ​ពានរង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​តុលា​សម្រាប់​ការស្រាវជ្រាវ​ឈាន​មុខ​គេ​ដែល​បាន​ផ្លាស់ប្តូរ​គំនិត​ដែល​មាន​ជា​ទូទៅ​អំពី​កម្លាំង​ពលកម្ម​ដោយ​បង្ហាញ​ពី​របៀប​ដែល​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​មិន​រារាំង​ដល់​ការជួល​បុគ្គលិក​និង​ជនអន្តោប្រវេសន៍​មិន​បាន​បន្ថយ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​និយោជិត​នៅ​​ប្រទេស​ដើម​។

​សេដ្ឋវិទូ​ពីរ​នាក់​ផ្សេងទៀត​បាន​ចែករំលែក​រង្វាន់​នេះ​ផងដែរ​សម្រាប់​ការអភិវឌ្ឍ​វិធី​ដើម្បី​សិក្សា​ពី​ប្រភេទ​នៃ​បញ្ហា​សង្គម​ទាំង​នេះ​។​

​លោក​ដេវីដ កាត ដើមកំណើត​កាណាដា​មកពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​នៃ​ទីក្រុង​បឺ​កេ​ឡេ បាន​ទទួល​រង្វាន់​ពាក់កណ្តាល​សម្រាប់​ការស្រាវជ្រាវ​របស់​គាត់​អំពី​របៀប​ដែល​ប្រាក់​ឈ្នួល​អប្បបរមា អន្តោប្រវេសន៍ និង ការអប់រំ​ប៉ះពាល់​ដល់​ទីផ្សារការងា​រ​។​

​រង្វាន់​ពាក់កណ្តាល​ទៀត​ត្រូវបាន​ចែករំលែក​ដោយ​លោក យ៉ូ​ស្វេ អេង​គ្រីស នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​ម៉ាស​សា​ឈូ​សេត និង​លោក គ្វី​ដូ អ៊ី​ន​បិ​ន​ដើមកំណើត​ហូ​ឡង់​នៃ​សាកលវិទ្យាល័យ​ស្តែន​ហ្វ​ត​​សម្រាប់​ការសិក្សា​ពី​បញ្ហា​ដែល​មិន​អាច​ពឹងផ្អែក​លើ​វិធីសាស្ត្រ​វិទ្យាសាស្ត្រ​ប្រពៃណី​បាន​។​

​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុយអែត​បាន​និយាយថា​ការងារ​របស់​អ្នក​ទាំង​បី​បាន​ផ្លាស់ប្តូរ​ទាំងស្រុង​នូវ​ការងារ​ជាក់ស្តែង​នៅក្នុង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​

​ពួកគេ​រួម​គ្នា​បាន​ជួយ​ពង្រីក​ការប្រើប្រាស់​យ៉ាង​ឆាប់រហ័ស​នូវ “​ពិសោធន៍​ធម្មជាតិ​” ឬ​ការ​សិក្សា​ដោយ​ផ្អែក​លើ​ការសង្កេត​ទិន្នន័យ​ជាក់ស្តែង​។ ​ការស្រាវជ្រាវ​បែបនេះ​បានធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​អនុវត្ត​បាន​ចំពោះ​ជីវិត​ប្រចាំថ្ងៃ ផ្តល់​ឱ្យ​អ្នក​បង្កើត​គោលនយោបាយ​នូវ​ភស្តុតាង​ជាក់ស្តែង​អំពី​លទ្ធផល​នៃ​គោលនយោបាយ​និង​បង្កើត​ទាន់​​ពេល​នូវ​វិធីសាស្ត្រ​ដែល​មាន​ប្រជាប្រិយ​ជាង​ទ្រឹស្តី​សេដ្ឋកិច្ច​ដែល​បង្កើតឡើង​ដោយ​សៀវភៅ​លក់ដាច់​បំផុត Freakonomics​ដោយ​លោក ស្តេ​ហ្វិន ឌូប​ន័​រ និង​លោក ស្តេ​ហ្វិន ឡេវី​ត​៕

(​រូប​ផ្ទាំង​ខាងក្រោយ​រាប់​ពីឆ្វេង​ទៅ​ស្តាំ​) លោក​ដេវីដ កាត លោក យ៉ូ​ស្វេ អេង​គ្រីស និង​លោក គ្វី​ដូ អ៊ី​ន​បិ​ន ឈ្នះ​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច