ប្រែសម្រួលៈវាសនា៖ ដោយហៅសហរដ្ឋអាម៉េរិកថាជា«ប្រភពនៃអស្ថិរភាព»នៅឧបទ្វីបកូរ៉េ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បាននិយាយថា កម្មវត្ថុសំខាន់បំផុតរបស់ប្រទេសលោកគឺ«សមត្ថភាពយោធាមិនអាចចាញ់»មួយ ដែលគ្មាននរណាហ៊ានប្រជែង។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងKCNAបានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្នុងសុន្ទរកថាបើកពិព័រណ៍យោធាមួយលោកគីម បានបន្ទោសអាម៉េរិកចំពោះភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។លោកថា អាម៉េរិកជា «មូលហេតុឬសគល់»នៃអស្ថិរភាព។
សូមបញ្ជាក់ថា កូរ៉េខាងជើងស្ថិតក្រោមទណ្ឌកម្មអន្តរជាតិជាច្រើន ដោយសារតែសព្វាវុធនុយគ្លែអ៊ែរនិងកម្មវិធីកាំជ្រួចផ្លោងរបស់ប្រទេសនេះ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន។
នៅឆ្នាំ២០១៧ កូរ៉េខាងជើងបានសាកល្បងកាំជ្រួចដែលអាចហោះដល់អាម៉េរិកដីគោកទាំងមូល និងបានបំផ្ទុះសាកល្បងគ្រាប់បែកនុយគ្លេអ៊ែរខ្លាំងបំផុតរបស់ខ្លួនហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាងបាននិយាយថាខ្លួនត្រូវការឃ្លាំងអាវុធនុយគ្លេអ៊ែរដើម្បីការពារខ្លួនឯងទល់នឹងការឈ្លានពានរបស់អាម៉េរិក។
រដ្ឋាភិបាលលោកប្រធានាធិបតី បៃដិន បាននិយាយដដែលៗថា ខ្លួនមិនមានចេតនាអរិភាពចំពោះកូរ៉េខាងជើងទេ តែលោកគីម បានប្រាប់ប្រតិភូក្នុង«ពិព័រណ៍ការពារខ្លួន ឆ្នាំ២០២១»ថា”ខ្ញុំចង់ដឹងណាស់ថាតើមាននរណាឬប្រទេសណាគិតដូច្នេះ។វាមិនមានមូលដ្ឋានត្រូវជឿថា អាម៉េរិកមិនបង្កជម្លោះ»។
រដ្ឋាភិបាលរបស់លោកបៃដិន បាននិយាយថា ខ្លួនមានបំណងជួបមន្ត្រីកូរ៉េខាងជើងនៅពេលណាមួយ ឬកន្លែងណាមួយក៏បាន ដោយគ្មានលក្ខខណ្ឌជាមុនក្នុងកិច្ចខិតខំរបស់ខ្លួនដោយធ្វើអោយឧបទ្វីបកូរ៉េគ្មាននុយគ្លេអ៊ែរ។
អាម៉េរិកដាក់ទ័ពប្រមាណ២៨.៥០០នាក់នៅកូរ៉េខាងត្បូងហើយយោធានៃប្រទេសទាំង២ទើបបញ្ចប់ការធ្វើសមយុទ្ធរួមគ្នាកាលពីខែសីហា។សមយុទ្ធរាល់ឆ្នាំតែបញ្ឆេះកំហឹងកូរ៉េខាងជើងដែលចាត់ទុកវាជាការហាត់សមដើម្បីការឈ្លានពាន។
កូរ៉េខាងត្បូងក៏បង្កើនសមត្ថភាពយោធារបស់ខ្លួន ដោយកាលពីខែមុនបានសាកល្បងបាញ់កាំជ្រួចផ្លោងចាញ់ពីនាវាមុជទឹកនិងបានបង្ហាញកាំជ្រួចលឿនជាងសម្លេងមួយប្រភេទផង។
លោកគីមបានចោទកូរ៉េខាងត្បូងថា«លាក់ពុត»ដោយថាប្រទេសនេះព្យាយាមពង្រឹងអំណាចយោធាដោយគ្មានការហាមឃាត់និងគ្រោះថ្នាក់ដែលវានឹងបំផ្លាញតុល្យភាពយោធានៅលើឧបទ្វីបកូរ៉េហើយបង្កើនអស្ថិរភាពយោថានិងគ្រោះថ្នាក់៕
គីម ជុងអ៊ុន ថ្លែងក្នុងការបើកពិព័រណ៍ការពារខ្លួនឆ្នាំ២០២១កាលពីថ្ងៃចន្ទ