​ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ “Are you ok?” ពាក្យ​អ្នកលេង​Tik Tok ម្នាក់ និយាយ​លេង ត្រូវបាន​អ្នកភ្លេង​ម្នាក់ យកទៅ Remix ផុស​លើ Tik Tok ហើយ​ទទួលបាន​ការគាំទ្រ ពី​មហាជន ជុំវិញ​ពិភពលោក ពេលនេះ ផលិតកម្ម Galaxy Navatra ទិញ​សិទ្ធិ​ពាក្យ​នោះ យកទៅ​ផលិត ជា​បទ​ចម្រៀង ឲ្យ​មាន​លក្ខណៈ​ស្ដង់ដា ក្នុងតម្លៃ ១២.០០០ ដុល្លារ ធ្វើ​ឲ្យ​ម្ចាស់​ពាក្យ មានលទ្ធភាព យកលុយ​នោះ ទៅធ្វើ​ផ្ទះ និង​ជួយ​ម៉ែឪ រួច​ផុតពី​ភាពក្រីក្រ​។​

​បន្ទាប់ពី​ទទួលបាន​ប្រាក់ ១២.០០០ ដុល្លារ លោក ម៉ៅ វុ​ធ ម្ចាស់​សំឡេង “Are you ok?” បាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំង លោក​ប្រាប់ថា ខ្លួន​មិន​នឹកស្មានថា មានឱកាស មានលទ្ធភាព​ទទួលបាន​ប្រាក់ ចំនួន​ច្រើនបែប​នេះឡើយ លោក​នឹង​យកប្រាក់​នេះ ទៅធ្វើ​ផ្ទះ​រស់នៅ ព្រមទាំង​ជូន​ឪពុកម្ដាយ​ខ្លះ ហើយ​សល់​មួយចំនួនទៀត ទុក​ធ្វើ​ដើម​រកស៊ី​។​

​បច្ចុប្បន្ន ផលិតកម្ម Galaxy Navatra បាន​ផលិត MV រួចហើយ កំពូល​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា គឺជា​តារាចម្រៀង​តែ​ម្នាក់​គត់ ដែល​ច្រៀង​បទ “Are you ok?” នេះ ប៉ុន្តែ​ដោយសារតែ ការផលិត​នោះ មាន​ចំណុច​មួយចំនួន ត្រូវបាន​មហាជន រង​ការរិះគន់ យ៉ាង​ចាស់ដៃ ពី​អ្នកលេង លើ​បណ្ដាញ​សង្គម ដោយ​ចោទប្រកាន់ថា ប្រាសចាក​ក្រម សីលធម៌ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បញ្ជា​ទៅ​លោក យឹម តា​ស្រង់ ដែលជា​អ្នក​គ្រប់ គ្រង​ទូទៅ របស់​ផលិតកម្ម ឲ្យ​លប់ចោល​ជាបន្ទាន់​តែម្ដង ដោយ​តម្រូវ​ឲ្យ​កែសម្រួល ថត​សារជាថ្មី ឡើងវិញ​។​

​គិត​មកដល់ពេលនេះ បទ ”are you ok?” ត្រូវបាន​អ្នក​និយម​លេង Tik Tok បាន​យក Cover រាំលេង Share ពាសពេញ​ពិភពលោក រាប់លាន​វីដេអូ ដោយ​មិន​នឹកស្មានថា បទ​ចម្រៀង​របស់​ប្រទេស​កម្ពុជា ទទួលបាន​គាំទ្រ ភ្លូក​ទឹក ភ្លូ​កដី បែបនេះ​នោះឡើយ​។​

​ជាមួយគ្នា​នោះដែរ លោក ម៉ៅ វុ​ធ ក៏បាន​ថ្លែងអំណរគុណ ដល់​អ្នកលេង​Tik Tok ទាំងអស់ ជុំវិញ​ពិភពលោក ដែល​បាន​គាំទ្រ​ពាក្យ​បទ ”are you ok?” ហើយ​យកទៅ Cover រាំលេង​យ៉ាង​សប្បាយរីករាយ ធ្វើ​ឲ្យ​ពិភពលោក ស្គាល់​កម្ពុជា កាន់តែខ្លាំង​៕/V​