​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ក្នុង​គោលដៅ​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​មេរោគ​កូ​វីដ​១៩ ជាការ​កត់សម្គាល់ ប្រជាពលរដ្ឋ​ទូទៅ នៅ​រាជធានី​ភ្នំពេញ បាន​ចូលរួម អនុវត្ត បាន​យ៉ាង​ល្អប្រសើរ ក្នុង​ការបំពេញ​កាតព្វកិច្ច ប្រចាំថ្ងៃ និង​សម្តែង​ការពេញចិត្ត ចំពោះ​ការដាក់ចេញ​នូវ វិធានការ​នានា របស់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ឈានទៅរក ប្រក្រតីភាព​ឡើងវិញ នាពេលខាងមុខ​។​

​ជាក់ស្តែង បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ ស្តីពី​ការបង្ហាញ បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ឬ បណ្ណ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ឬ​លិខិតបញ្ជាក់ ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ រាល់​ពេលចេញ​-​ចូល គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ ម្ចាស់​ទីតាំង ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ​ផ្សារ​រដ្ឋ និង​ឯកជន បានបង្ហាញ​ការគាំទ្រ និង​អះអាងថា នឹងចូលរួម​អនុវត្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ សុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​១៩​។​

​អាជីវករ​លក់​ផ្លែឈើ នៅ​ផ្សារ​ធំថ្មី កញ្ញា ស្រី​នុត នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ តាមរយៈ​រស្មី​កម្ពុជា បាន​និយាយថាៈ ដើម្បី​ឲ្យ​ប្រទេស​ឈានទៅរក សភាព​ដើម​ឡើងវិញ ពិតជា​ចាំបាច់​ណាស់ ក្នុងការ​ទាមទារ ឲ្យ​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ការពារ និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ មួយ​នេះ​។​

​កញ្ញា បាន​បន្តថាៈ ការលក់ដូរ​សព្វថ្ងៃនេះ ក៏​នៅតែមាន​ការព្រួយបារម្ភ​ដែរ ពី​ការឆ្លង​មេរោគ កូ​វីដ​១៩ ប៉ុន្តែ​ដោយសារ​កត្តា​ជីវភាព ទើប​បង្ខំចិត្ត មក​បើក​តូប​លក់ ដើម្បី​ប្រាក់ចំណូល​។​

​ជាមួយគ្នានេះ ពលរដ្ឋ ញ៉ែម និមល ដែល​រស់នៅ​ក្បែរ​ផ្សារ បាន​ឲ្យ​ដឹងថាៈ ចាប់តាំងពី​មេរោគ កូ​វីដ​១៩ បង្ហាញ​វត្ត​មាននៅ​កម្ពុជា​មក ធ្វើ​ឲ្យ​កញ្ញា ខាតបង់​ចំណូល​យ៉ាងច្រើន ខណៈដែល កញ្ញា ក៏​ជា​អាជីវករ​ម្នាក់ នៅ​ផ្សារ​មួយ​នេះដែរ ប៉ុន្តែ​ដោយសារ​ស្ងាត់​ភ្ញៀវ និង​ការលក់​ថយចុះ ទើប​បង្ខំចិត្ត​បិទតូប រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​យ៉ាងណាក៏ដោយ កញ្ញា បាន​អះអាងថា នឹងចូលរួម​អនុវត្ត និង​គោរព​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ក្នុងន័យ​ទប់ស្កាត់ កុំ​ឲ្យ​ឆ្លង​រាលដាល​បន្តទៀត នៃ​មេរោគ​កូ​វីដ ១៩​នេះ ។​

​លោកស្រី ប៉ុន ដា​នី ប្រធាន​គ្រប់គ្រង​នៃ​ផ្សារ​ធំថ្មី បាន​មានប្រសាសន៍ថាៈ ដើម្បី​បង្កើន ប្រសិទ្ធភាព ឱ្យ​កាន់តែ​ប្រសើរឡើង នូវ​ការគ្រប់គ្រង ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ រាល់​សកម្មភាព​ចេញ​-​ចូល​ផ្សារ ក្រៅពី​ការ​វាស់​កម្តៅ និង​ពាក់​ម៉ាស​ជាដើម គឺ​ទាមទារ​ឲ្យ ពលរដ្ឋ​ទាំងអស់ បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង ដើម្បី​ឆ្លើយតប​នឹង​សេចក្តីណែនាំ​បន្ថែម​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ដោយឡែក អ្នកនាង ជា សុខ​ហៀក អគ្គនាយិកា​ផ្សារ​ទំនើប​សូរិយា សេន​ធ័​រ ភ័ន​ធ៍ (SORYA Center Point) បានលើកឡើង​ថាៈ ក្នុង​រយៈពេល ១ ឆ្នាំ​ចុង​ក្រោយនេះ បាន​មើលឃើញថា រាល់​សកម្មភាព​ចេញ​-​ចូល​ផ្សារ ទាំង​អាជីវករ អតិថិជន និង​បុគ្គលិក ទាំងអស់ គឺ​បាន​អនុវត្តបាន​យ៉ាង​ត្រឹមត្រូវ ក្នុងការ​ចូលរួម​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ ពិសេស ៣ កុំ ៣ ការពារ​។​

​ទាក់ទិន​នឹង​ការណែនាំ​ថ្មី​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នកនាង បាន​ឲ្យ​ដឹង​ទៀតថាៈ ក្រៅពី​ការ​វាស់​កម្តៅ ស្កេ​ន​ឃ្យូ​អ៊​រកូដ (QR Code) លាង​សម្អាត​ដៃ ពាក់​ម៉ាស ខាង​ផ្សារ តម្រូវ​បន្ថែម​ដែរ នូវ​ការបង្ហាញ​បណ្ណ ឬ​កាត​វ៉ាក់សាំង ទាំង​អាជីវករ អតិថិជន និង​បុគ្គលិក​ទាំងអស់ នៅ​រៀងរាល់​ចេញ​-​ចូល​ផ្សារ​។​

​កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១ កន្លងទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តី ណែនាំ ដល់​ប្រជាពលរដ្ឋ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវកម្ម ដ្ឋា​ន ម្ចាស់​ទីតាំង អាជីវករ វិស័យ​ឯកជន និង​សាធារណជន​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ​-១៩ ឬ​លិខិត បញ្ជាក់​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុងន័យនេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព ឱ្យ​កាន់តែ​ប្រសើរឡើង នូវ​ការគ្រប់គ្រង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ សំដៅ​បង្កើត​ឱ្យបាន «​ភាពស៊ាំ សហគមន៍​រឹងមាំ ពិតប្រាកដ​មួយ ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល កូ​វីដ​១៩ ជាពិសេស មេរោគ​បំប្លែង​ថ្មី ប្រភេទ ឌែ​លតា (Delta) ក៏ដូចជា ដើម្បី​ត្រៀមលក្ខណៈ សម្រាប់​ការ រស់នៅ ជាមួយ ជំងឺ​កូ​វីដ​១៩ តាម​គន្លង​ថ្មី ឈានទៅរក​ការបើក ដំណើរការ​ឡើងវិញ លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ទន្ទឹមនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចំពោះ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ទីតាំង ម្ចាស់​ផ្សារ​ឯកជន ម្ចាស់​ផ្សារ​ម៉ា​ត ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ហាង​កាហ្វេ វិស័យ​ឯកជន និង​ម្ចាស់​ទីតាំង​ផ្សេងទៀត ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ ប៉ុន្តែ​មិនបាន​អនុវត្ត តាម​គោលការណ៍ ណែនាំ ខាងលើ ត្រូវ​ប្រឈមមុខ​នឹង​ការដកហូត​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត និង​អាច​ឈានទៅ​បិទ ទីតាំង ព្រមទាំង​ត្រូវ​ចាត់វិធានការ​ច្បាប់ ស្របតាម​ច្បាប់ ស្តីពី​វិធានការ​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ គ្រោះថ្នាក់​ធ្ងន់ធ្ងរ ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ជា​ធរមាន​៕/V​