​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នៅក្នុង​រណ្តៅ​ដី​ដ៏​ធំ​មួយ​នៅ​វាល​ខ្សាច់​ណេ​ហ្គេវ​ដែល​ដុត​កម្លោច​ដោយ​ពន្លឺព្រះអាទិត្យ​របស់​អ៊ីស្រាអែល អវកាសយានិក​មួយក្រុម ដែល​ស្លៀកពាក់​ឈុត​អវកាស បាន​ចេញ​ដំណើរ​បេសកកម្ម​ដើម្បី​ធ្វើ​ត្រាប់​តាម​ស្ថានភាព​នៅ​លើ​ភព​ព្រះ​អង្គារ​។​

​វេទិកា​អវកាស​អូទ្រីស​បាន​រៀបចំ​មូលដ្ឋាន​ភព​ព្រះ​អង្គារ​ជាមួយ​ទីភ្នាក់ងារ​អវកាស​អ៊ីស្រាអែល​នៅឯ​រណ្តៅ​ដី​ម៉ាក់​តេស​រ៉ា​ម៉ុន (Makhtesh Ramon) ដែល​មាន​ជម្រៅ ៥០០ ម៉ែត្រ​និង​រង្វង់​មាត់​រណ្តៅ​ប្រវែង ៤០ គីឡូម៉ែត្រ​។​

​អ្វី​ដែល​គេ​ហៅថា “​អវកាសយានិក​អាណា​ឡូ​ក​” ទាំង​៦ នាក់​នឹង​រស់​នៅ​ឯកោ​នៅក្នុង​ស្ថានីយ​និម្មិត​រហូត​ដល់​ចុង​ខែ​នេះ​។​

​លោក អា​ឡុង ថេន​ហ្ស័​រ អាយុ ៣៦ ឆ្នាំ​ជនជាតិ​អ៊ីស្រាអែល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​វា​ជា​សុបិន​ក្លាយជា​ការពិត​។ វា​ជា​អ្វី​ដែល​យើង​បានធ្វើការ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​”​។​

​អ្នកចូលរួម​មកពី​អូទ្រីស​អាល្លឺម៉ង់​អ៊ីស្រាអែល​ហូឡង់​ព័រទុយហ្គាល់​និង​អេ​ស្ប៉ាញ​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្តិ៍​ទាំង​ផ្លូវកា​យ​និង​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​បែបនេះ​។​

​ក្នុងអំឡុងពេល​បេសកកម្ម​របស់​ពួកគេ ពួកគេ​នឹង​រៀបចំ​ការ​ធ្វើតេស្តិ៍​នានា​រួម​ទាំងដ្រូ​ន​គំរូ​ដែល​ដំណើរការ​ដោយ​គ្មាន GPS និង​ជិះ​នៅលើ​យានយន្ត​កំណត់​ផែនទី​ដោយ​ថាមពល​ព្រះអាទិត្យ​និង​បើក​ដោយ​ស្វ័យប្រវត្តិ​។​

​បេសកកម្ម​នេះ​ក៏​មាន​គោលបំណង​សិក្សា​ពី​ឥរិយាបថ​របស់​មនុស្ស​និង​ឥទ្ធិពល​នៃ​ភាព​ឯកោ​លើ​អវកាសយានិក​ផងដែរ​។​

​លោក ជើ​ណូត ហ្គ្រោ​មើ ជា​អ្នកគ្រប់គ្រង​បេសកកម្ម​អូទ្រីស​បាន​និយាយថា “​ការរួបរួម​គ្នា​របស់​ក្រុម​និង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការធ្វើការ​ជាមួយ​គ្នា​គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​រស់រានមានជីវិត​នៅ​លើ​ភព​ព្រះអង្គារ​។ វា​គឺ​ដូច​ជា​អាពាហ៍ពិពាហ៍​យ៉ាង​អ៊ីចឹង គ្រាន់តែ​អាពាហ៍ពិពាហ៍​អ្នក​អាច​ចាក​ចេញ​បាន ប៉ុន្តែ​នៅ​លើ​ភព​ព្រះ​អង្គារ​អ្នក​មិន​អាច​ចាកចេញ​បានទេ​”៕

​អវកាស​យានិក ៦ នាក់​នឹង​ស្នាក់​នៅ​ស្ថានីយ​និម្មិត​រហូត​ដល់​ចុង​ខែ​នេះ