ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បាន​សំរេច​ជោគជ័យ​នូវ​ការហោះហើរ​រយៈពេល ១៨​ថ្ងៃ​ជា​លើក​ទី​ពីរ​នៃ​យន្តហោះ​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Zephyr នៅ​កម្ពស់ ២៣ គីឡូម៉ែត្រ​ពី​លើ​ផែនដី​។​

​ក្រុមហ៊ុន Airbus​និយាយថា ការហោះហើរ​សាកល្បង​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យរ​បស់​យន្តហោះ Zephyr​នៅក្នុង​ស្រទាប់​បរិយាកាស​ទី​ពីរ​នៃ​បរិយាកាស​ផែនដី​បាន​បង្កើត​ឯតទគ្គ​​កម្ម​ពិភពលោក​ថ្មី​មួយ​សម្រាប់​រយៈកម្ពស់​នៅ​រដូវក្តៅ​នេះ​។​

​ឥឡូវនេះ ក្រុមហ៊ុន​ចង់​ដាក់ពង្រាយ​ផ្កាយរណប HAPS សម្រាប់​ការឃ្លាំមើល​និង​ពង្រីក​រលកធាតុអាកាស​ទៅ​កាន់​តំបន់​ដាច់ស្រយាល​ដែល​គ្មាន​អ៊ី​ន​ធឺ​ណេត​។​

​យន្តហោះ Zephyr ទម្ងន់ ៧៥ គីឡូក្រាម​ដែល​មាន​ម៉ាស៊ីន​តូច​ពីរ​នេះ​ត្រូវបាន​ផ្តល់​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ​ដោយសារ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ដែលមាន​ស្លាប​ប្រវែង ២៥ ម៉ែត្រ​។​

​ជាធម្មតា យន្តហោះ​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​ដៃ​របស់​មនុស្ស​លើ​ដី​ពី ៤ ទៅ ៥ នាក់ ដែល​ដើរ​លឿនៗ​ឬ​រត់​ត្រឹកៗ​ចូលទៅ​ក្នុង​ខ្យល់​បក់​តិចៗ​ប៉ុន្តែ​មាន​សូ​ហ្វ​វែ​នៅលើ​យន្តហោះ​នេះ​សម្រាប់​​ឱ្យ​មនុស្ស​បញ្ជា​ពី​ចម្ងាយ​។​

​នៅ​ពេល​ដាក់​ដំណើរការ​ពេញលេញ​សម្រាប់​អតិថិជន យន្តហោះ​នេះ​នឹង​មាន​តម្លៃថោក​ជាង​និង​ងាយស្រួល​បញ្ជា​ជាង​ផ្កាយរណប​ក៏​ដូច​ជា​ការ​ចុះចត​និង​ការកែច្នៃ​ឡើងវិញ​សម្រាប់​បំណង​ផ្សេងទៀត​។

​យោង​តាម​លោក​ស្រី ចា​ណា រ៉ូ​សិន​ម៉ាន់ ប្រធាន​ប្រព័ន្ធ​ហោះហើរ​ដោយ​គ្មាន​មនុស្ស​ជិះ​នៅ​ក្រុមហ៊ុន Airbus បានឱ្យដឹងថា យន្តហោះ Zephyr ឆាប់ៗ​នេះ​អាច​នឹង​ចំណាយ​ពេល​លើ​អាកាស​រយៈពេល ៦ ខែ​។​

​លោកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ថា “​យើង​មាន​មហិច្ឆតា​ទៅលើ​មេឃ​រាប់​ខែ គឺ​រហូត​ដល់ ៦ ខែ​។ អាគុយ​របស់​យើង​ដំណើរការ​បាន​ល្អ​ណាស់​។ ឥឡូវ​នេះ​យើង​ជឿជាក់​ណាស់​ថា​វា​អាច​ហោះ​បាន ៣ ខែ​ហើយ​ខ្ញុំ​ហ៊ាន​និយាយថា ការហោះ ៦ ខែ​សម្រាប់​យន្តហោះ​បែបនេះ​នឹង​មិន​ជា​បញ្ហា​ទេ​”៕

​យន្តហោះ Zephyr ឆាប់ៗ​នេះ​អាច​នឹង​ចំណាយ​ពេល​លើ​អាកាស​រយៈពេល ៦ ខែ