ដោយ៖ ប.ជ័យ / បន្ទាយមានជ័យៈ ទំនិញខូចគុណភាព , ហួសកាលកំណត់ប្រើប្រាស់, គ្មានស្តង់ដារដឹកជញ្ជូន និងវេចខ្ចប់ ជាច្រើនប្រភេទ សរុបទម្ងន់ជាង ២ តោន ត្រូវបានមន្ត្រី ជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក ដុំ វណ្ណឌី អនុប្រធាន ដុតកំទេចចោល។
ការដុតកម្ទេចចោលនេះ បានធ្វើឡើង នៅក្បែរមន្ទីរពិសោធន៍ខា្នតតូច របស់មន្ត្រីជំនាញ ក.ប.ប. នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយមានការ សម្របសម្រួល នីតិវិធីពីលោក ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយ មានជ័យ និងក្រោយពីជំនាញ បានអនុវត្តនីតិវិធី អោយម្ចាស់ទំនិញ បង់ប្រាក់ផាកពិន័យ រួចហើយដែរ ។
ទំនិញជាច្រើនមុខ ដែលត្រូវដុតកម្ទេចចោល រួមមានដូចជា ១.នំធុងមានចំនួន ៦៨ ធុង ស្មើនឹង ២៧២ គីឡូក្រាម , ២.ទឹកដោះគោហូឡង់ Dutch Mill មានចំនួន ២.០៧០ ដប ស្មើនឹង ១.៧១៨,១០ គីឡូក្រាម , ៣.ទឹកដោះគោស្រស់ Maji មានចំនួន ៣០០ ដប ស្មើនឹង ៦០០ លីត្រ និង ៤.យ៉ាអ៊ួរ Dutch Nata De Coco មានចំនួន ២១ យួរ ស្មើនឹង ៦៥,៥២ គីឡូក្រាម ។ ពោលគឺ សរុបមានទំងន់ ២.៦៥៥,៦២ គីឡូក្រាម (ឬជាង ២ តោន)។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានឲ្សអ្នកសារព័ត៌មានដឹងថាៈ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងដឹកជញ្ជូនគ្មានស្តង់ដារ ដែលយកទៅ ដុតកម្ទេចចោល នាពេលនេះ គឺបានមកពីកិច្ចសហការ រវាងមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីជំនាញ ក.ប.ប. ក្នុងការចុះត្រួតពិនិត្យ សើុបអង្កេត រកផលិតផលខួចគុណភាព ព្រមទាំងដកហូតពីអាជីវករ និងឈ្មួញដែលដាក់តាំងលក់ ឬចែកចាយ ធ្វើពាណិជ្ជកម្ម ទុច្ចរឹត នៅតាមតូប ក្នុងផ្សារ និងម៉ាត ឬកន្លែងលក់ដូរ និងចែកចាយនានា ក៏ដូចជា ពីការដឹកជញ្ជូន តាមផ្លូវ ដែលរបូតពីដៃ សមត្ថកិច្ចជំនាញ នៅច្រកព្រំដែនកម្ពុជា ថៃ ជាបន្តបន្ទាប់ នាពេលថ្មីៗនេះ ។
ពោលគឺ ធ្វើយ៉ាងណា ដើម្បីថែរក្សា និងការពារសុខុមាលភាព ជូនប្រជាពលរដ្ឋ ដើម្បីកុំអោយមានបញ្ហាប្រឈម ឬគ្រោះថ្នាក់ដល់សុខភាព របស់ប្រជាពលរដ្ឋ ដែលកើតចេញពី ការទទួលទាន មុខទំនិញ ផលិតផល ម្ហូបអាហារ ដែលខូចគុណភាព ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងដែលវេចខ្ជប់ ឬរក្សាទុកគ្មានអនាម័យ ឬត្រឹមត្រូវ តាមការណែនាំបច្ចេកទេស ។
លោកប្រធានសាខា ក.ប.ប. រូបនេះ ក៏លើកឡើងពីការលំបាក ស្មុគ្រស្មាញនិងប្រឈមខ្លាំង ហើយច្រើនលើការងារស៊ើបអង្កេត បង្ការទប់ស្កាត់ ត្រួតពិនិត្យនិងបង្ក្រាប ។
លោក សាន វិជ្ជាសារ៉ាវុធ ក៏បានរំលឹកពីករណីដែលស្ត្រីឈ្មួញម្នាក់ នៅក្រុងប៉ោយប៉ែត បានជួញដូរម្ហូបអាហារ កម្ទេចមី នាំចូលពីប្រទេសថៃ តែត្រូវសមត្ថកិច្ច ក.ប.ប. បង្ក្រាប បន្តបន្ទាប់ ជាមួយបទល្មើស មិនចេះរាងចាល និងវត្ថុតាង។ ប៉ុន្តែ ស្ត្រីនោះ មិនសហការនឹង មន្ត្រីជំនាញ ក្នុងការចូលខ្លួន ដោះស្រាយ និងបង់ផាកពិន័យ ។ ហេតុនេះ មន្ត្រីជំនាញ ក៏បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
ដោយមានបញ្ហាដូច្នោះ ស្ត្រីឈ្មួញនោះ ក៏បែរជាកាលពីថ្មីៗនេះ បានដាក់ពាក្យបណ្តឹង លើលោក សាន វិជ្ជាសារ៉ាវុធ និងមន្ត្រី ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថាបានប្រព្រឹត្តអំពើពុករលួយទៅវិញ លើការតម្រូវអោយ បង់ប្រាក់ផាកពិន័យ នោះ ៕/V