ដោយៈ ប​.​ខុន / ភ្នំពេញៈ ការងារ​កាយ​បើក​មុខទឹក​ប្រឡាយ ៩៦ នៅ​ចំណុច​ផ្លូវ​ក្រវាត់ក្រុង ទី​៣ បាន​រួចរាល់ ១០០ ភាគរយ ដោយ​បាត​ក្រោម ទំហំ ៣០ ម៉ែត្រ និង​មាត់​លើ​ទំហំ ៥០ ម៉ែត្រ ។ ឯ​ការងារ​លើក​ទំនប់ លើ​ភ្លឺ​ប្រឡាយ បាន​ប្រវែង ២.០០០ ម៉ែត្រ​។ នៅពេលនេះ ក្រុមការងារ កំពុង​បន្ត​កាយ​បើក​មុខទឹក នៅ​ប្រឡាយ ៩៤ មួយទៀត តាម​ការណែនាំ របស់លោក លឹម គាន ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​។

​ក្រោយពី​មានការ​ណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ឱ្យ​ក្រុមការងារ​រៀបចំ​ចាត់ចែង អ្នកបច្ចេកទេស និង​គ្រឿង​ច្រក ធុន​ធ្ងន់ ជាច្រើន​គ្រឿង ប្រចាំ ការ ២៤​ម៉ោង លើ​២៤​ម៉ោង ត្រៀមលក្ខណៈ នៅតាម​គោលដៅ​សំខាន់ៗ តាំងពី​យប់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ មក ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម ក្រសួង ធនធានទឹក និង​ឧតុនិយម និង ដោយមាន​ការចូលរួម ដោយផ្ទាល់ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​កង​អង្គរក្ស សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ចុះ​កាយ​បើកផ្លូវ​ទឹក នៃ​ប្រឡាយ ៩៦ និង ៩៤ ដែលជា​ផ្លូវ​រំដោះ​ទឹក យ៉ាងសំខាន់ ក្នុងការ​បញ្ចៀស ការលិចលង់ ភូមិសាស្ត្រ​ខណ្ឌ មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ឃុំ​-​សង្កាត់​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ​។​

​ប្រឡាយ ៩៤ និង​ប្រឡាយ ៩៦ គឺជា​ផ្លូវ​ដោះ​ជំនន់​ទឹកភ្លៀង ទម្លាក់​ចូល​បឹង ព្រែក អូរ​ធម្មជាតិ មួយចំនួន ធ្លាក់ចូល​ទន្លេបាសាក់ និង​មួយ​ច្រក​ទៀត ធ្លាក់ចូល​បឹង​ជើង​លោង ឬ​បឹង​ប្រាំ​រយ ក្នុងភូមិ​សាស្ត្រ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល តែ​កន្លងទៅនេះ ត្រូវបាន​រាំងស្ទះ ដោយសារ​ការចាក់​លុប ឬ​បិទ​ស្ទើរ​អស់ និង​ដោយ​ការសាងសង់​ផ្លូវ និង​សំណង់​មួយចំនួន មិនបាន​គោរព​តាម លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ក្នុង​ការរក្សា​ផ្លូវទឹក ធ្វើឱ្យមាន​ការលិចលង់ ផ្នែក​មួយចំនួន ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន ទើប​លោក លឹម គានហោ សម្រេច​ឱ្យមាន​ការ បើក​មុខទឹក​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​កំពុង​សាងសង់ នៅត្រង់ចំណុច ប្រឡាយ ៩៤ និង ៩៦ ដោយ​ក្នុង​មួយកន្លែង ឲ្យ​បាន​ប្រវែង ៥០ ម៉ែត្រ ជា​លទ្ធផល មកដល់ ថ្ងៃទី ១២ ខែ​តុ លា ឆ្នាំ ២០២១ សម្រេចបាន ១០០ ភាគរយ ដោយ​បាត​ក្រោម មាន​ទំហំ ៣០ ម៉ែត្រ និង​មាត់​លើ​ទំហំ ៥០ ម៉ែត្រ​, ការងារ​លើក​ជា​ទំនប់ បាន​ប្រវែង ២.០០០ ម៉ែត្រ​។ នៅពេលនេះ ក្រុមការងារ បាន​បន្តទៅ​កាយ​បើកមុខ​ទឹក ជា​បន្តទៀត នៅ​ប្រឡាយ ៩៤​។​

​កន្លងទៅ​ថ្មីៗ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​បញ្ជៀ​ស​ការលិចលង់ ក្រុង​តាខ្មៅ បាន​ស្តារ​ប្រឡាយ​ក្របៅ ដែលមាន​ទីតាំង ស្ថិតនៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ នៅពេល​បន្ទាប់ ពី​រដូវវស្សា បានបញ្ចប់ លោក រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ឱ្យ​ផ្នែក​ជំនាញ ធ្វើការ​កែសម្រួល​ប្រឡាយ​ក្របៅ ឲ្យ​ស្របទៅតាម លក្ខណៈ​បច្ចេកទេស មាន​ផ្លូវ​អម​សងខាង​, សាងសង់​នូវ​ស្ថានីយ​បូមទឹក​ថ្មី ទុយោ​ចំនួន ២ ដែលមាន​មុខកាត់ ០,៥ ម៉ែត្រ ដើរ​ដោយ​ចរន្តអគ្គិសនី និង​សាងសង់​នូវ​ទ្វារ​ទឹក​ថ្មី (​ប្រភេទ​ទ្វារ ០២) ៕/V​