​ប្រែ​សម្រួលៈ​វាសនា​៖ ព្យុះ​ត្រូពិច​មួយ​បាន​បង្ក​ការបា​ក់ដី​សង្កត់​និង​ទឹក​ជំនន់​នៅ​ពេល​វា​នាំ​មក​ទឹកភ្លៀង​យ៉ាងច្រើន​ធ្លាក់​នៅ​ចុង​ខាងជើង​ហ្វីលីពីន​ដែល​នាំ​អោយ​ស្លាប់​មនុស្ស​១១​នាក់​និង​៧​នាក់​ទៀត​កំពុង​បាត់​ខ្លួន នេះ​បើ​តាម​ការ​បញ្ជាក់ប្រាប់​ពី​មន្ត្រី​កាលពី​ថ្ងៃ​អង្គារ​។​

​អ្នកភូមិ​ជាង​៦.៥០០​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះ​នៅក្នុង​ទីប្រជុំជន​និង​ទីក្រុង​ជាច្រើន​ដែល​ត្រូវ​ជន់​លិច​។​

​ព្យុះ​ត្រូពិច​ឈ្មោះ Kompasu​បាន​ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង និង​កំពុង​ធ្វើដំណើរ​ទៅ​កាន់​កោះ​ហៃ​ណាន់រ​បស់​ចិន​និង​បន្ទាប់​មក​វៀតណាម ជាមួយនឹង​ល្បឿន​ខ្យល់​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​​។​

​មន្ត្រី​គ្រោះមហន្តរាយ​បាន​និយាយថា អ្នកភូមិ​៦​នាក់​បាន​ស្លាប់​ដោយ​ដី​បាក់​សង្កត់​ផ្ទះ​របស់​គេ​នៅក្នុង​ខេត្ត​តំបន់ភ្នំ​បេន​ហ្កេ​ត និង​៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​តំបន់​នេះ​។​បុគ្គលិក​សន្តិសុខ​​ម្នាក់​ត្រូវ​ទឹក​បក់​នាំយក​ទៅ​ក្នុងពេល​កំពង់​ផែ​សមុទ្រ​និង​បាន​លង់ទឹក​ស្លាប់​នៅ​ទីប្រជុំជន ក្លាវើ​រៀ​។​

​នៅក្នុង​ខេត្ត​ប៉ា​ឡា​វ៉ាន មនុស្ស​៤​នាក់​បាន​ស្លាប់​និង​៤​នាក់​បាត់​ខ្លួន​ក្នុង​ជំនន់​ទឹកភ្លៀង​នៅ​ទីប្រជុំជន ណា​រ៉ា​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន​ជួប​ព្យុះ​ប្រមាណ​២០​ក្នុង​មួយឆ្នាំ​។​ប្រទេស​នេះ​ក៏​ជួប​គ្រោះ​រញ្ជួយ​ដី​និង​បន្ទុះ​ភ្នំភ្លើង​ជា​ញឹកញយ​ផង​ដែរដោ​យ​សារ​ស្ថិតនៅលើ​ទម្រ​ទ្វីប​មួយ​ដែល​គេ​ហៅថា​«​កង​ភ្លើង​»៕

​បុគ្គលិក​ជួយសង្គ្រោះ​សែង​សាកសព​ជនរងគ្រោះ​ដោយ​ការបា​ក់ដី​នៅ​ទីក្រុង បា​ហ្គី​អូ នៅ​ហ្វីលីពីន​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​

​អ្នក​ជួយ​សង្គ្រោះ​ជួយ​អ្នកស្រុក​ធ្វើដំណើរ​កាត់​ទឹក​ជំនន់​កាលពី​ថ្ងៃ​១២​តុលា នៅ​ខេត្ត​ប៉ា​ឡា​វ៉ាន់​