ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញមុខជនសង្ស័យ ជាជនជាតិនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធទៅនឹងករណី ជួញដូរគ្រឿងញៀន ជិតកន្លះគីឡូក្រាម នៅរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ។
មន្ត្រីជំនាញ បានបញ្ជាក់ថាៈ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ២០:៣០នាទី កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) ដឹកនាំដោយលោក វរសេនីយ៍ ទោ វ័រ វុទ្ធា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួល ពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាប ករណីជួញដូរគ្រឿងញៀនមួយ នៅចំណុចក្រោយវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កិច្ចប្រតិបត្តិការនេះ បានឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ Lebechi Charles kelichi ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិនីហ្សេរីយ៉ា កាន់លិខិត ឆ្លងដែន លេខ A08315794 មុខរបរ មិនពិតប្រាកដ និងចាប់យកវត្ថុតាងបាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៤៩៩,៤០ ក្រាម ។ ជនជាតិនីហ្សេរីយ៉ានេះ និងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចជំនាញ រៀបចំចាត់ការ ទៅតាមនីតិវិធី៕/V