ដោយ: ភ្នំខៀវ/ បាត់ដំបង÷ សមត្ថកិច្ចការពារតំបន់ព្រំដែន ទប់ស្កាត់ពលករ ចំនួន ១៣០ នាក់ ខណៈនាំគ្នាឆ្លងដែន ដោយខុសច្បាប់ ចូលក្នុងទឹកដីថៃ។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ វរសេនាតូចការពារព្រំដែនគោក លេខ៨១៩ បានប្រាប់ឲ្យដឹង នៅព្រលប់ថ្ងៃទី ១២ ខែតុលានេះថាៈ ដោយមានកិច្ចសហការគ្នាល្អ កម្លាំងវរសេនាតូច ការពារព្រំដែនគោក លេខ ៨១៩ ជាមួយនឹងកម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកកំរៀង បានស្ទាក់ និងឃាត់ខ្លួនពលរដ្ឋ ជាពលករខ្មែរច្រើននាក់ មិនធ្លាប់មាន ចាប់តាំងពីទៀបភ្លឺ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ មក។
ការឃាត់ខ្លួនពលករ ក្មេង ចាស់ ប្រុស ស្រី ទាំងអស់ សរុបចំនួន ១៣០ នាក់ ក្នុងនោះ មានបុរស ចំនួន ៩៥នាក់ ស្រី្តចំនួន ៥២ នាក់ និងកុមារតូចៗ ចំនួន ១៣ នាក់ផងដែរ។ ពួកគេទាំងអស់គ្នា បានលបលួចបម្រុងឆ្លងដែន ចូលក្នុងទឹកដីថៃ ជាបន្តបន្ទាប់ និងជាច្រើន គោលដៅ នៅក្នុងភូមិសាស្ត្រ ភូមិអូរដាលេី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោក លេខ ៨១៩ បានបញ្ជាក់បន្តថាៈ ពលករខ្មែរ ទាំង ១៣០ នាក់នេះ សុទ្ធសឹងជាប្រជាពលរដ្ឋ ដែលមកពីបណ្តាខេត្តនានា ដូចជា ខេត្តតាកែវ ខេត្តព្រៃវែង ជាដើម ក្នុងគោលបំណង ដើម្បីស្វែងរកការងារធ្វើ ទាំងមិនបានគិតពី ស្ថានភាពប្រទេសជិតខាង កំពុងមានវិបត្តិកូវីដ-១៩។
បច្ចុប្បន្ននេះ នគរបាលការពារព្រំដែន ៨១៩ បានបញ្ជូនពលករ ទាំងអស់ប្រគល់ឲ្យកម្លាំង នគរបាល ស្រុកកំរៀង ដេីម្បីសាកសួរបន្ថែម ក៏ដូចជា បន្តស្វែងរកប្រភពមេខ្យល់ ជាអ្នកដឹកនាំ ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕/V