ដោយ៖ ប.ជ័យ / បន្ទាយមានជ័យ៖ អាជ្ញាធរមានសមត្ថកិច្ច ស្រុកអូរជ្រៅ បានជូនដំណឹង អោយពលរដ្ឋ រុះរើ កែសម្រួល សំណង់ផ្សេងៗ ដែលបានសាងសង់ នៅលើដីចំណីផ្លូវរថភ្លើង ផ្លូវជាតិលេខ៥ ផ្លូវសាធារណៈ ប្រឡាយ និងប្រព័ន្ធរំដោះទឹក នៅផ្សារគុត្តសត នាភូមិកូប ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ការត្រួតពិនិត្យលើការអនុវត្តនោះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយមានមន្ត្រី អាជ្ញាធរមានសមត្ថកិច្ច ស្រុក ឃុំ មន្ត្រីភូមិបាល ប្រជាពលរដ្ឋ និងប្រជាការពារ ចូលរួម ។
សូមរំលឹកថា សាលាស្រុកអូរជ្រៅ បានចេញលិខិតសេចក្តីជូនដំណឹង លេខ០៥៩/២១ សជណ ចុះថ្ងៃទី០៦ ខែកញ្ញា មកម្ល៉េះ ហើយឱសានវាទ ត្រឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានស្នើអោយប្រជាពលរដ្ឋ ដែលធ្វើសកម្មភាពឈូសឆាយ ចាក់ដីបំពេញ លុបបន្តបន្ទាប់ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ពីអាជ្ញាធរមានសមត្ថកិច្ច និងបានសង់ជាតូប សំយ៉ាប ដើម្បីប្រកបអាជីវកម្ម ដែលធ្វើអោយប៉ះពាល់ ជាខ្លាំង លើដីចំណីផ្លូវរថភ្លើង ផ្លូវជាតិលេខ៥ ផ្លូវសាធារណៈផ្សេងៗ និងរាំងស្ទះ ដល់ប្រព័ន្ធផ្លូវរំដោះទឹក និងជាពិសេសរាំងស្ទះ ដល់ការធ្វើចរាចរណ៍ របស់ពលរដ្ឋទូទៅ និងអាចបង្កគ្រោះថ្នាក់ផ្សេងៗ ។
ករណីនេះ រដ្ឋបាលស្រុកអូរជ្រៅ បានជូនដំណឹង អោយពលរដ្ឋចូលរួមអនុវត្ដ ដូចខ្លឹមសារ ខាងលើ ។ ក្នុងករណីមិនអនុវត្តតាម រដ្ឋបាលស្រុកអូរជ្រៅ នឹងចាត់វិធានការ តាមច្បាប់ ស្តីពីផ្លូវថ្នល់ និងលិខិតលេខ៤៥១/២១ សជណ ចុះហត្ថលេខាដោយលោក យឹម សំណាង អភិបាលស្រុក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្តីពីការទប់ស្កាត់ ការចាក់ដីលុប ផ្លូវរំដោះទឹក ការរំលោភយកដី ចំណីផ្លូវសាធារណៈ និងដីចំណីផ្លូវរថភ្លើង ស្ថិតនៅភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ របស់រដ្ឋបាលខេត្ត ហើយមិនទទួលខុសត្រូវ រាល់ការខូចខាត ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ ។
ជាលទ្ធផល ជាក់ស្តែង មកទល់ថ្ងៃទី១២ ខែតុលា មន្ត្រីបាននាំគ្រឿងចក្រ បន្តកាយប្រឡាយ និងប្រព័ន្ធរំដោះទឹក នៅផ្សារគុត្តសត ផ្នែកច្រកខាងជើង ដែលស្ថិតនៅចន្លោះផ្លូវជាតិ និងផ្លូវរថភ្លើង ។ ឯពលរដ្ឋមួយចំនួន ក៏បានរុះរើសំណង់ផ្ទះតៀម តូប សំយ៉ាបរបស់ខ្លួនដែរ។ ប៉ុន្តែពលរដ្ឋភាគច្រើន និងម្ចាស់ផ្សារឯកជន ដែលបង្កើតឡើងចិត្តឯង មិនបានចូលរួម អនុវត្តឡើយ ។ ផ្ទុយទៅវិញ ពួកគាត់ បានតវ៉ា ជំទាស់រារាំង រិះគន់ ឬ មើលបំណាំគ្នា ថាបើអនុវត្ត អោយអ្នកផ្សេង អនុវត្តមុនពួកខ្លួនជាដើម ។
ពលរដ្ឋជាអាជីវករ មានឈ្មោះ យើ សាត , ឈ្មោះ រ័ត្ន សម្ផស្ស , ឈ្មោះ យ៉ា សុភក្ត្រ, ឈ្មោះ សួង បូរិន្ទ និងម្ចាស់ផ្សារគុត្តសត បានប្រាប់សារព័ត៌មាន នាថ្ងៃទី១២ ខែតុលាថាៈ ពួកគេ ក៏ស្នើអោយអាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយសណ្តាប់ធ្នាប់ ការស្ថាបនាផ្លូវ និងរំដោះទឹក នៅម្តុំនោះដែរ ។ ប៉ុន្តែពួកគេបានស្នើថា សូមអោយអនុវត្ត តាមលំដាប់ពីមុខ មកក្រោយ (ពីផ្លូវជាតិ ទៅផ្លូវរថភ្លើង) និងសងខាងផ្លូវ ពោលគឺអោយរុះរើទាំងសំណង់ ទាំងកាយប្រឡាយ ហើយដាក់លូភ្លាមៗ កុំកាយហើយទុកចំហ ។ ឬក៏ស្នើសុំអោយអាជ្ញាធរ មានការយោគយល់ អនុគ្រោះ ដូចដែលធ្លាប់ធ្វើហើយ ដើម្បីអោយពួកខ្លួន ជាពលរដ្ឋ អាចរស់នៅ និងប្រកបអាជីវកម្ម លើដីចំណីផ្លូវជាតិ ផ្លូវរថភ្លើង និងផ្លូវសាធារណៈ បន្តទៅទៀត ព្រោះពួកខ្លួន មានជីវភាពលំបាក នៃផលប៉ះពាល់ ពីការរីករាលដាល ជំងឺកូវីដ១៩ផង ។
សូមបញ្ជាក់ថា ផ្សារគុត្តសត (ក្រៅ) ដែលពលរដ្ឋ បង្កើតឡើងចិត្តឯងនោះ ស្ថិតនៅចន្លោះ និងលើចំណីផ្លូវជាតិលេខ៥ និងផ្លូវដែកនោះ អមដោយសំណង់ផ្ទះ មិនរៀបរយ ផ្ទះតៀម តូប រាប់សិប ក្នុងនោះ មានសំណង់លើដីចំណីរថភ្លើង ដែលមានម្ចាស់ដើម ក៏បានទទួលសំណង ស្តីពីផលប៉ះពាល់ផ្លូវរថភ្លើង ។ វាមាន ៣ ផ្នែកគឺ៖ ទី១ ខាងលិច ជាក្រុមផ្ទះតៀម ជាប់សងខាង ផ្លូវបេតុងគុត្តសត (កូប-គុត្តសតក្នុង-តាគង់) ។ ទី២ ផ្នែក ខាងកើត ជាផ្ទះតៀម សងខាងផ្លូវលំ ដែលដក់ទឹក និងផ្សារបន្លែ ត្រីសាច់ និងផ្នែកទី៣ សងខាងផ្លូវលំ និងខាងត្បូងរថភ្លើង ៕/V