ដោយ​៖ សុផល​/​ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បើក​កិច្ចប្រជុំ​លើក​ទី​២ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ក្នុងការ​រៀបចំ​ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​សាធារណការ ​និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​ថ្នាក់ដឹកនាំ សមាជិក និង​សមាជិកា​នៃ​គណៈកម្មការ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១
​នៅ​ទីស្តីការក្រសួង​។​

​លោក ឈួន វិ​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​នេះ​។​

​កិច្ចប្រជុំ​នេះ​មានការ​ធ្វើ​បទ​បង្ហាញ​ដោយ​ក្រុមការងារ​បច្ចេកទេស​អំ​ពី​វឌ្ឍនភាព​ការងារ ដែល​ក្រុមការងារ សម្រេចបាន ក្នុងការ​ប្រមូល​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ​និង​ធាតុ​ចូល​សំខាន់ៗ​ពី​អង្គភាព​ពាក់ព័ន្ធ ដើម្បី​អាចឈាន​ទៅ​រៀបចំ​ចេញ​នូវ​សេចក្ដីព្រាង​ផែនការមេ​បច្ចេកវិទ្យា ព្រមទាំង​លើកឡើង​ពី​បញ្ហា​ប្រឈម ​និង​ដំណោះស្រាយ​មួយចំនួន ដែល​កើតមាន​ក្នុងកំឡុងពេល​អនុវត្ត​ការងារ​កន្លងមក​។​

​សូមជម្រាបថា ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលដៅ​ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល​កម្ពុជា ឆ្នាំ​២០២១-២០៣៥ ដែល​រាជរដ្ឋាភិបាល កាលពី​ខែឧសភា ឆ្នាំ​២០២១ កន្លងទៅ បានសម្រេច​ដាក់ចេញ ​និង​កំពុង​រៀបចំ​បញ្ចប់​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ឆ្នាំ​២០២១-២០៣០ ដើម្បី​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់​រវើក ​តាមរយៈ​ការធ្វើបដិវត្ត​កម្ម​ឌីជីថល នៅ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ ជាពិសេស​រាជរដ្ឋាភិបាល វិស័យ​ឯកជន ប្រជាពលរដ្ឋ និង​ធុរកិច្ច​ជន ​ដើម្បី​ជំរុញ​សន្ទុះ​កំណើន​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​សុខុមាលភាព​សង្គម​ដោយ​ផ្អែកលើ​គន្លង​ប្រក្រតីភាព​ថ្មី​៕​