​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ តារា​បាល់បោះ NBA​អាម៉េរិក​លោក ខាយ​រី អៀ​វី​ង ត្រូវបាន​ដកចេញ​ពី​សកម្មភាព​ជា​មួយក្រុម​បាល់បោះ Brooklyn Nets ដោយ​គ្មាន​កាលកំណត់ ដោយសារ​រូបគេ​មិន​បាន​ទទួល​វ៉ាក់សាំង​ការពារកូ​វីដ​១៩​។​

​អៀរ​វី​ង​បាន​ប្រឈម​មុខ​នឹង​ការរំពឹង​ចូល​លេង​តែ​ការប្រកួត​ក្រៅ​ផ្ទះ​នៅ​រដូវ​កាល​នេះ​ដោយសារ​តែ​បទបញ្ជា​ស្តីពី​មេរោគ​កូរ៉ូ​ណា​នៅ​ទីក្រុង​ញូវយ៉ក​តម្រូវឱ្យ​បុគ្គល​ភាគច្រើន​ត្រូវ​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​មួយដូ​សទើប​អាចចូល​ទីលានកីឡា​បាន​។​

​កីឡាក​រវ័យ ២៩ ឆ្នាំ ដែល​ជា​ខ្សែការពារ​ល្អ​ប្រចាំ​ក្រុម ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ហ្វឹកហាត់​និង​ប្រកួត​មុន​ពេល​ក្រុម Brooklyn ចាប់ផ្តើម​យុទ្ធនា​ថ្មី​នៅ​ឯ​ទឹកដី​ក្រុម Milwaukee Bucks នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​

​អ្នក​ចាត់ការ​ទូទៅ​លោក ស៊ន ម៉ាក បាន​និយាយថា Brooklyn Nets នឹង​មិន​អនុញ្ញាត​ឱ្យ​កីឡាករ​ណា​ម្នាក់​ចូលរួម​ជាមួយ​ដោយ​គ្មាន​វ៉ាក់សាំង​នោះឡើយ​។​

​សេចក្តីថ្លែងការណ៍​មួយ​ពី​លោក​ម៉ាក​បាន​សរសេរថា “​ដោយសារ​ចរិត​នៃ​ការវិវត្ត​ស្ថានការណ៍​និង​បន្ទាប់​ពី​ការពិចារណា​យ៉ាង​ល្អិតល្អន់​យើង​បាន​សម្រេច​ថា​ខាយ​រី អៀ​វី​ង​នឹង​មិន​អាច​លេង​ឬ​ហ្វឹក​​ហាត់​ជាមួយ​ក្រុម​បាន​ឡើយ​រហូត​ដល់​គាត់​មាន​សិទ្ធិ​ក្លាយ​ជា​អ្នកចូលរួម​ពេញលេញ​”​។​

“​ខាយ​រី​បាន​ធ្វើ​ការជ្រើសរើស​ផ្ទាល់​ខ្លួន​ហើយ​យើង​គោរព​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​គាត់​ក្នុង​ការជ្រើសរើស​”​។​

“​បច្ចុប្បន្ន​ជម្រើស​នេះ​បាន​រឹត​ត្បិត​សមត្ថភាព​របស់​គាត់​ក្នុងការ​ក្លាយ​ជា​សមាជិក​ពេញ​ម៉ោង​របស់​ក្រុម​ហើយ​យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​សមាជិក​ណា​ម្នាក់​នៅក្នុង​ក្រុម​របស់​យើង​ចូលរួម​ជាមួយ​ការងារ​ក្រៅ​ម៉ោង​នោះ​ទេ​”​។​

​ក្រុម Brooklyn នឹង​លេង​ការប្រកួត​នៅផ្ទះ​នៅ​ឯ​ទីលាន Barclays Center នៅ​សង្កាត់​ប្រូក​ឃ្លី​ន​នៃ​ទីក្រុង​ញូវយ៉ក​៕

​ខាយ​រី អៀ​វី​ង មិន​បាន​ចាក់​វ៉ាក់សាំង​ហើយក៏​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម Brooklyn Nets បាន​នោះ​ដែរ