ដោយៈមុនីរ័ត្ន/​ភ្នំពេញៈបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​រំលឹក​ខួប​អនុ​ស្សារី​យ៍​លើក​ទី​៦០ នៃ​សន្និសីទ​លើកដំបូង​របស់​បណ្តា​ប្រទេស​មិន​ ចូលបក្ស​សម្ព័ន្ធ​នៅ​ទីក្រុង​ប៊ែ​ល​ក្រា​ត ប្រទេស​ស៊ែ​ប៊ី ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១២ ខែតុលាឆ្នាំ២០២១​ លោក​អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា ដូច​សមាជិក​ចលនា​មិន​ចូលបក្ស​ស​ម្ព័​ន្ឋជាច្រើន​ទៀត​ដែរ ។កម្ពុជា​បាន​ឆ្លងកាត់​គ្រប់​រសជាតិ​ក្នុង​ការតស៊ូ​ដើម្បី​ឯករាជ្យ ការកសាង​សន្តិភាព និង​ការកសាង​ប្រទេសជាតិ​។ កម្ពុជា​បានធ្វើ​ដំណើរ​លើផ្លូវ​មួយ​ដ៏​វែងឆ្ងាយ ហើយ​តាម​បទពិសោធន៍​របស់​យើងខ្ញុំ សន្តិភាព ស្ថិរភាព និង​សន្តិសុខ គឺមាន​តម្លៃ​ខ្ពង់ខ្ពស់​ឧ​ត្តុ​ង​ឧ​ត្ត​ម​បំផុតដែល​យើងខ្ញុំ​ខឹ​ត​ខំ​ការពារ និង​តស៊ូ​ប្រយុទ្ធប្រឆាំង​គ្រប់ការ​ប៉ុនប៉ង​តាមរយៈ​អ្វីដែល​គេ​ហៅថា «​បដិវត្តន៍​ពណ៌​» ដកហូត​សិទ្ធិ​កំណត់​ជោគវាសនា​ខ្លួនឯង​របស់​យើងខ្ញុំ ។ ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​បញ្ចប់​ការបង្ហូរ​ឈាម និង​ការសម្រេចបាន​នូវ​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ តាមរយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​យើង ក្នុង​ឆ្នាំ ១៩៩៨​។

​​លោក ​អ៊ុច បូរ​រិ​ទ្ធ បាន​បន្តថា ក្នុងនាម​ជា​រដ្ឋ​ក្រោយ​អាណានិគម និង​ក្រោយ​សង្គ្រាម ជាមួយនឹង​ជំនួយ​ដ៏​ថ្លៃថ្លា និង​ទាន់ពេលវេលា​របស់​បណ្តា​ប្រទេស​ជា​មិត្ត កម្ពុជា​បាន​ខិតខំ​តស៊ូ​ស្ដារ​ប្រទេសជាតិ​ឡើងវិញ​ពី​បាត​ដៃទទេ និង​កសាង​សន្ដិភាព ។ បច្ចុប្បន្ន ទោះបីជា​សមត្ថភាព​រប​ស់​កម្ពុជា​នៅមានកម្រិត​យ៉ាងណាក្តី ក៏​កម្ពុជា​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ ដោយ​ទឹកចិត្ត​មនុស្សធម៌ កសាង និង​ការពារ​សន្តិភាព នៅក្នុង​ពិភពលោក ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។

វីរជន​ទ័ព​មួក​ខៀវ​ខ្លះ​បាន​ពលី​ជិវិត​របស់ខ្លួន ហើយ​មួយចំនួនទៀត​បាន​បាត់​បង់ជីវិត​ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ ប៉ុន្ដែ​កត្តា​អស់ទាំង​នេះ មិនបាន​កាត់បន្ថយ​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​ចូលរួមចំណែក​ជាមួយ​អន្ដរជាតិ ទៅកាន់​សន្ដិភាព​ពិភពលោក​នោះទេ ហើយ​កងទ័ព​របស់​ក​ម្ពុ​ជា នៅតែ​បន្ត​ចល័ត​ជាប្រចាំ ក្នុងការ​គាំទ្រ​ដល់​ប្រតិបត្តិ​ការរក្សា​សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​។​

​នៅពេល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កំពុង​ផ្ទុះឡើង ជា​ភ័ព្វ​សំណាងល្អ ដែល​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​តូច ដែលមាន​លទ្ធភាព​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ និង​ជនបរទេស​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យើងខ្ញុំ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​ចំពោះ​កម្ពុជា ពី​បណ្តា​ប្រទេស​ជា​មិត្ត​ជុំវិញ​ពិភពលោក ដោយ​ឈ​លើ​ស្មារតី​ប្រាកដនិយម «​វ៉ាក់សាំង​ពហុ​និយម​»​។ គិត​ត្រឹម​ថ្ងៃទី​១០ខែតុលា កម្ពុជា បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ បាន ៨៤​ភាគរយជូន​ដល់​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៦​លាន​នាក់ ។​

​លោកបន្តថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រទេស​សមាជិក​ចលនា​មិន​ចូលបក្ស​ស​ម្ព័​ន្ឋ រួមទាំង​កម្ពុជា​ផងដែរ ត្រូវតែ​ប្រកាន់​ជំហរ​គាំទ្រ​ពហុភាគី​និយម នៅពេលដែល​យើងទាំងអស់គ្នា​កំពុង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​រួម ព្រោះ​យើង​បានដឹងហើយថា ពុំមាន​ប្រទេស​ណាមួយ អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​តែ​ឯកឯង​បានទេ​។

​លោកបន្ថែមថា ជា​ផ្នែក​មួយ​នៃ​ពិភពលោក កម្ពុ​ជាមាន​មោទនភាព​ដែល​បាន​ក្លាយជា​មជ្ឈមណ្ឌល​រួមមួយ សម្រាប់​ពហុភាគី​និយម​ដ៏​មាន​សក្តានុពល​បំផុត ដោយ​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១៣ នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM13) តាមបែប​និម្មិត នៅ​ខែវិច្ឆិកា​ខាង​មុននេះ និង​ត្រៀម​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន​នៅក្នុង​ឆ្នាំ​២០២២​។​
​លោក​បាន​បញ្ជាក់ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ខាងមុខនេះ កម្ពុជា​នឹង​ខិតខំ​លើកកម្ពស់​វិធីសាស្ដ្រ​តំរង់ទិស ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​នៅក្នុង​តំបន់​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាមួយនឹង​ការគាំទ្រ និង​សាមគ្គីភាព​ដ៏​រឹងមាំ​នៃ​រដ្ឋ​សមាជិក​អាស៊ាន និង​ភាគី​ដៃគូ​ខាងក្រៅ​នានា កម្ពុជា​នឹង​ព្យាយាម​ធានា​ឱ្យបាន​នូវ​ភាពច្បាស់លាស់​នៃ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៅ​ទូទាំង​តំបន់ ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។

​លោក​រដ្ឋលេខាធិការ ក៏​បាន​រំលឹក​ឡើងវិញ​នូវ​ការប្ដេជ្ញាចិត្ត​ដ៏​មោះមុត​របស់​កម្ពុជា ចំពោះ​គោលការណ៍​ទីក្រុង​បាន​ឌុ​ង ដែល​បានប្រកាស​នៅ​ឆ្នាំ​១៩៥៥ ស្ដីពី​ការរួបរួម​គ្នា​ក្នុង​សកម្មភាព​ដែល​ផ្អែកលើ​ពហុភាគី​និយម ក្នុងការ​ស្វែងរក​សន្ដិ​ភាព និង​ការអភិវឌ្ឍប្រកបដោយ​ចីរភាព​ សម្រាប់​ពិភពលោក​ទាំងមូល​៕ សរន