ដោយ: ភ្នំខៀវ/ បាត់ដំបង÷ សមត្ថកិច្ចក្រុងបាត់ដំបង បើកការបង្ក្រាបករណីល្មើសរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួន ជនសង្ស័យ បានជាង ១០ នាក់។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង បានបញ្ជាក់ថា÷ បន្ទាប់ពីមានការលើកឡើង ជាបន្តបន្ទាប់ពីសំណាក់ បងប្អូនប្រជាពលរដ្ឋ លើមូលដ្ឋានកើត ហេតុ លោកបានរៀបចំប្រើប្រាស់ កម្លាំងជំនាញ ចុះស៊ើបអង្កេតជាច្រើនថ្ងៃ រហូតកំណត់ មុខសញ្ញា ជនល្មើសបាន ហើយបើកការបង្ក្រាប ប្រមូលអ្នកជាប់ពាក់ព័ន្ធ ទាំងអស់តែម្តង ក្នុងបទល្មើសជាក់ស្តែង។

ការចុះអនុវត្តច្បាប់បង្ក្រាបទប់ស្កាត់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ក្នុងបរិវេណស្ថានីយ៍រថភ្លើង ឋិតក្នុងក្រុមទី ២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកអធិការនគរបាល បានបន្តថា÷ ប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀននេះ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី សរុបចំនួន ១២នាក់ ជាអ្នករស់នៅក្នុងក្រុងបាត់ដំបង និងមួយចំនួនទៀត រស់នៅក្នុងស្រុកសង្កែ និងស្រុកមោងឫស្សី។

វត្ថុតាងដែលនគបាលជំនាញ ប្រមូលបានពីបទល្មើសនេះ រួមមាន: ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅ​ ម៉ាទឹកកក ចំនួន ៣០ថង់ ទម្ងន់ ២០,៧៧ក្រាម ទូរស័ព្ទដៃចំនួន ៥ គ្រឿង រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ ចែកចាយគ្រឿងញៀន មួយចំនួនទៀត៕/V-PC