ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រោមកិច្ចសហការជាមួយ ក្រុមការងារបច្ចេកទេស ក្រសួងសុខាភិបាល បានរៀប ចំកម្មវិធីផ្សព្វផ្សាយ ស្ដីពី “ក្រមសីលធម៌មន្ត្រី នៅមណ្ឌលចត្តាឡីស័ក និងសេវាគាំទ្រ” តាមប្រព័ន្ធអនឡាញ Zoom ។

កម្មវិធីនេះ បានរៀបចំឡើង ក្នុងគោលបំណង ស្វែងយល់បន្ថែម ពីស្ថានភាព នៃអំពើរត់ពន្ធ កេងប្រវ័ញ្ច និង ជួញដូរមនុស្ស ក្នុងដំណាក់កាលកូវីដ-១៩ និងដើម្បីពិនិត្យ និងអនុវត្ត ឯកសារ ទាំងបី សម្រាប់មន្រ្តីនៅមណ្ឌល និងអ្នកពាក់ព័ន្ធ ព្រមទាំងអ្នក ដែលកំពុងធ្វើ ចត្តាឡីស័ក ផងដែរ។

កម្មវិធីនេះ​ ក៏មានគោលបំណង ស្វែងយល់ពីការគាំទ្រផ្លូវចិត្ត ដល់អ្នកធ្វើចត្តាឡីស័ក ជាពិសេស អ្នកដែលរងគ្រោះ ដោយអំពើជួញដូរមនុស្ស ស្វែងយល់ និងអនុវត្ត ការកំណត់ អត្តសញ្ញាណបឋម ជនដែលសង្ស័យថា រងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការផ្ដល់ សេវាសមស្រប ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដោយមានកិច្ចសហការ រវាង ក្រុមជំនួយកិច្ចការ សហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដឹកនាំ ដោយលោកស្រី ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ជាមួយនឹងក្រុម ការងារបច្ចេកទេស ពីក្រសួងសុខាភិបាល និងទទួលបានការគាំទ្រ ពីអង្គការយូនីសេហ្វ (UNICEF) ។

កម្មវិធីផ្សព្វផ្សាយនេះ មានការចូលរួមពីលោកស្រី ប៊ន សុភី និងលោក ស៊្រន សំឫទ្ធី ជាអភិបាលរង ខេត្តកំពង់ឆ្នាំង តំណាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសង្គម កិច្ច ក្រុមជំនួយកិច្ចការ សហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រុមការងារ នៃអង្គការយូនីសេហ្វ អ្នកជំនាញពីអង្គការ TPO ព្រមទាំងសមាសភាព ពាក់ព័ន្ធ ពីបណ្តាខេត្តគោលដៅ (សម្រាប់ក្រុមទី៣) មានចំនួន ៣ រាជធានី ខេត្តគឺ ខេត្តព្រះសីហនុ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុប ប្រមាណជិត ២០០ នាក់៕/V-PC