ដោយៈ ភ្នំខៀវ / បាត់ដំបងៈ អភិបាលខេត្តបាត់ដំបង ទើបតែងតាំងថ្មី បានក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឆ្ពោះទៅកាន់ការងារ ជោគជ័យ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការក្នុងខេត្ត នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា÷ ដើម្បីសម្រេច បានភាពជោគជ័យ លើការងារ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវរក្សាឲ្យបានល្អ នូវចំណងទំនាក់ទំនងពង្រឹងលើ របៀបរបបការងារ ក្រៅពីនេះ ក៏គប្បីបង្កើន កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អផងដែរ នោះនិរន្តរភាពការងារ និងផ្លែផ្កា នៃការងារ នឹងកើតមានឡើង ក្រោមលទ្ធផលគាប់ប្រសើរ។
លោក សុខ លូ បានបញ្ជាក់ថា÷ ទន្ទឹមនិងការវេញគំនិត ចិត្តកាយរួមគ្នាជាធ្លុងមួយ ហើយ មន្ត្រីទាំងអស់ ក៏ចាំបាច់យកចិត្តទុកដាក់ ទៅលើការគោរពវិន័យគោរព ពេលវេលា ខិតខំធ្វើការងារ គោរពតួនាទី និងភារកិច្ចរៀងៗខ្លួន ពិសេសគោរពតាម ការចាត់តាំងរបស់ ថ្នាក់ដឹកនាំ ប្រគល់ជូន។
ជាមួយគ្នានេះ លោក អភិបាលខេត្តបាត់ដំបង ទើបទទួលតំណែងថ្មី បានប្រកាសលេខ ទូរស័ព្ទ សម្រាប់មន្ត្រីទាំងអស់ ទំនាក់ទំនងស្វែងយល់ ពីការងារទៅវិញ ទៅមក៕/V-PC