​ប្រែ​សម្រួលៈ វាសនា​/​ហាណូយ​,​បាងកក​៖​កូរ៉េខាងត្បូង​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន​AstraZeneca​ចំនួន​១,១​លាន​ដូសដល់​វៀតណាម និង​៤៧០.០០០​ដូ​ស​ដល់​ថៃ នេះ​បើ​តាម​ការ​​ប្រកាស​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ​កាលពី​ថ្ងៃ​អង្គារ​។​

​បើ​តាម​សារព័ត៌មាន​វៀតណាម​vnexpress វ៉ាក់សាំង​ចំនួន​១,១​លាន​ដូសនេះ​ត្រូវ​ដឹក​មក​ដល់​វៀតណាម​នៅ​ថ្ងៃ​ពុធ​ទី​១៣​តុលា ។​វា​ជា​ជំនួយ​ដំបូង​និង​ច្រើន​បំផុត​ដែល​កូរ៉េខាងត្បូង​ជួយ​ដៃគូ​​របស់​ខ្លួន​ក្នុង​បរិបទ​ពិភពលោក​កំពុង​ខ្វះ​វ៉ាក់សាំង​។​

​ការផ្តល់​វ៉ាក់សាំង​នេះ​កើតឡើង​នៅពេល​កូរ៉េខាងត្បូង​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​ខ្លួន​បាន​ជិត​៨០​ភាគរយ​ក្នង​ចំណោម​ប្រជាពលរដ្ឋ​កូរ៉េ​ខាងត្បូង​៥២​លាន​នាក់​។​

​ក្នុង​រូប បុរស​វៀតណាម​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​ក្រុង​ហាណូយ​។​ប្រជាជន​វៀតណាម​ជាង​៥៥,២​លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​យ៉ាងតិច​ម្នាក់​មួយ​ដូសនិង​ជាង​១៦​លាន​បាន​ចាក់​២​ដូសពេញ​លេញ​

​វា​ក៏​កើត​ឡើង​នៅ​ពេល​ក្រសួង​សុខាភិបាល​វៀតណាម​បានប្រកាស​ចំនួន​ឆ្លងកូវី​ដ​១៩​ទាប​បំផុត​នៅ​៣​ខែ​មកនេះ ដោយ​កាលពី​យប់​ថ្ងៃ​អង្គារ​ក្រសួង​បាន​ប្រកាស​អ្នក​ឆ្លង​តែ​២.៩៣៩​នាក់ ដោយ​​ចុះ​អស់​៦៧៨​នាក់​ពី​ចំនួន​ឆ្លង​កាលពី​ថ្ងៃ​ចន្ទ​និង​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​តិច​បំផុត​ក្នុង​រយៈពេល​៩០​ថ្ងៃ​មកនេះ​។​

​ចាប់តាំងពី​ចុង​ខែ​មេសា​មក វៀតណាម​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​៨៤១.៥៩១​នាក់​និង​២០.៧២៨​នាក់​ស្លាប់​ក្នុង​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ទី​៤​នេះ​។​

​នៅ​ថៃ​ឯណេះ​វិញ ក្រសួង​សុខាភិបាល​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា មនុស្ស​២០.០៦៤​នាក់​បាន​ឆ្លងកូវី​ដ​១៩​និង​៨២​នាក់​ទៀត​ស្លាប់​ដោយ​ជំងឺ​នេះ​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ចំនួន​ឆ្លង​នេះ​កើន​ហួស​ចំនួន​ឆ្លង​៩.៤៤៥​នាក់​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​១​តុលា ពេល​ការផ្ទុះកូ​វីដ​១៩​រលក​ទី​៣​បានចាប់ផ្តើម ថៃ​បាន​ព្យាបាល​អ្នក​ជំងឺឆ្លង​នេះ ១.៧១១.៥៦៥​នាក់ ក្នុងនេះ ១.៥៨៧.៩១៧​នាក់​បាន​ជា​ចេញពី​ពេទ្យ​និង​១៧.៨២៣​នាក់​បាន​បាត់បង់​ជីវិត​។​

​ក្រសួង​បាន​អោយដឹងថា ក្នុងចំណោម​អ្នក​បាត់​ជីវិត​៨២​នាក់​ដែល​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃនេះ រួម​មាន​ជនជាតិ​មី​យ៉ាន់​ម៉ា​៣​នាក់ កម្ពុជា​ម្នាក់ បែ​ល​ហ្សិ​ច​ម្នាក់និង​រុស្ស៊ី​ម្នាក់​។​

​សូមបញ្ជាក់​ថា នៅ​ទូទាំង​ពិភពលោក ការ​ឆ្លងកូវី​ដ​១៩​បាន​កើន​ដល់​ជាង​២៣៩,៤៨​លាន​នាក់​និង​ជាង​៤,៨៨​លាន​នាក់​ស្លាប់​។​អាម៉េរិក​នាំមុខគេ គឺ​ឆ្លង​៤៥,៤៣​លាន​នាក់ និង​៧៣៧.៥៨៤​នាក់​​ស្លាប់​៕