ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រោមការគាំទ្ររបស់សហភាពអឺរ៉ុប គម្រោង CAPFishនៃអង្គការ UNIDO បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយឡើង ដើម្បីបង្កលទ្ធភាពដល់អ្នកតាក់តែងគោលនយោបាយ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជនធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហា ឆ្លើយតបនឹងតម្រូវការ ក្នុងវិស័យជលផលជាពិសេសការស្រាវជ្រាវនិងនវានុវត្តន៍នៃជលផលក្រោយ ប្រមូលផល។
តំណាងពីគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា វិស័យឯកជន រួមនឹង មន្ត្រីពីរដ្ឋបាល ជលផលនិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានរួមគ្នា ពិភាក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនដែលជាមូលដ្ឋានគ្រឹះលើការរៀបចំបង្កើតថ្នាលស្រាវជ្រាវ នវានុវត្តន៍និងបច្ចេកវិទ្យាអាហារនៅក្នុងសិក្ខាសាលាដែលត្រូវបានរៀបចំ ក្នុងសប្តាហ៏នេះ។
នាឱកាសនោះ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាល ជលផល បានថ្លែងថា « ឈរលើមូលដ្ឋាននេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថាថ្នាល ស្រាវជ្រាវ នវានុវត្តន៍និងបច្ចេកវិទ្យាអាហារ ដែលយើងរួមគ្នាបង្កើតនាពេលនេះ ពិតជានឹងរួមចំណែកកសាងអនាគតមួយប្រកបដោយភាពជោគជ័យសម្រាប់វិស័យ ជលផលជាក់ជាមិនខាន។នេះគឺជាពេលវេលាដ៏សមស្របបំផុតសម្រាប់យើង ប្រកៀកស្មាគ្នា ដើម្បីរៀបចំបង្កើតនូវឯកសារលក្ខន្តិកៈមួយ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ថ្នាលស្រាវ ជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារមួយ ដែលយើងចង់បាន ដើម្បីអនាគតនៃការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យជលផល” ។
ដោយឡែក លោក លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅប្រទេស កម្ពុជា បានអះអាងថា ថ្វីបើថ្នាលដែលកំពុងរៀបចំបង្កើតឡើងនេះស្ថិតនៅក្រោម ក្របខណ្ឌគម្រោង CAPFish ក៏ដោយ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកម្មវិធីភាព ជាដៃគូសម្រាប់ប្រទេសកម្ពុជាដែលជាក្របខណ្ឌមួយត្រូវបានបង្កើតឡើងដើម្បីលើក កម្ពស់ខ្សែច្រវ៉ាក់ តម្លៃកសិឧស្សាហកម្ម និងពិពិភាវូបនីយកម្មឧស្សាហកម្ម។
យើងជឿជាកថាគំនិតផ្តួចផ្តើមនេះនឹងរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការធ្វើធុរកិច្ច និង បង្កើត បានសហចលនា (Synergy) ជាមួយគម្រោងមួយ ចំនួនផ្សេងទៀតដែលកំពុងត្រូវបានអនុវត្តដោយអង្គការ UNIDO ជាក់ជាប្រាកដ។ ការអនុវត្តអន្តរាគមន៍ទាំងនេះរួមគ្នាពិតជានឹងរួមចំណែកបង្កើតបានប្រព័ន្ធអេកូឡូស៊ីមួយដែលមានលក្ខណៈអំណោយផលដល់អាជីវកម្មនិងធុរកិច្ចបង្កើតថ្មីយ៉ាងប្រាកដ។
ការបង្កើតថ្នាលស្រាវជ្រាវ នវានុវត្តន៍ និង បច្ចេកវិទ្យាអាហារនេះ ជាគំនិតផ្តួចផ្តើម ថ្មីមួយទៀត ដែលគម្រោង CAPFish បានរៀបចំឡើង ដើម្បីបង្កលទ្ធភាពដល់ អ្នកតាក់តែងគោលនយោបាយ គ្រឹះស្ថានសិក្សាស្រាវជ្រាវនិងវិស័យឯកជនធ្វើការ រួមគ្នា ដើម្បីដោះស្រាយបញ្ហា ឆ្លើយតបនឹងតម្រូវការ ក្នុងវិស័យជលផលជាពិសេស ការស្រាវជ្រាវនិងនវានុវត្តន៍នៃជលផលក្រោយប្រមូលផល.តាមរយៈថ្នាលបច្ចេកវិទ្យានេះ គម្រោង CAPFish នឹងជំរុញលើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍សំដៅ បង្កើតបច្ចេកវិទ្យាកែច្នៃផលជលផល ដើម្បីបម្រើទីផ្សារក្នុងស្រុកនិងនាំចេញ។
លើសពីនេះទៅទៀត ថ្នាលបច្ចេកវិទ្យានេះ នឹងសម្របសម្រួលការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា តាមរយៈការរៀបចំ ឬកែលម្អកម្មវិធីសិក្សាពាក់ព័ន្ធនឹងផលជលផល ក្រោយប្រមូលផល ការផ្តល់មូល និធិសម្រាប់និស្សិតធ្វើកម្មសិក្សា និងអាហារូបករណ៍ ថ្នាក់ក្រោយឧត្តមសិក្សាជាដើម។
គំនិតផ្តួចផ្តើមនេះពិតជាមានភាពជាសារវ័ន្ត ឆ្លើយតបយ៉ាងប្រសើរ ទៅនឹងគោល នយោបាយនិងយុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា។ក្នុងចំណោមឯកសារយុទ្ធសាស្ត្រនិងគោលនយោបាយនានា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ជាឯកសារដែលមានភាពពាក់ព័ន្ធបំផុត ដោយហេតុថាគោលនយោបាយនេះ បានជំរុញជាយូរមកហើយ ឱ្យមានពិពិធកម្មខឿនសេដ្ឋកិច្ចជាតិ។ គោលដៅសំខាន់មួយរបស់គោលនយោបាយនេះគឺការធ្វើពិពិធកម្មការនាំចេញ ទំនិញ ដោយបង្កើនការនាំចេញផលិតផលមិនមែនវាយនភ័ណ្ឌឱ្យកើនដល់ ១៥% នៃការនាំចេញទាំងអស់នៅឆ្នាំ២០២៥ ខណៈបន្តជំរុញការនាំចេញផលិតផលកសិកម្ម កែច្នៃរួចរួមទាំងផលិតផលជលផលផងដែរ ឱ្យកើនដល់ ១២% នៃការនាំចេញ សរុបនៅឆ្នាំ ២០២៥ ៕/PC