​ដោយៈ បូកគោ / កំ​ពតៈ ជាមួយ​សមិទ្ធផល​ទាំងឡាយ ដែល​បាន​កើតឡើង នៅលើ​ទឹកដី នៃ​ខេត្តកំពត សម្តេច​ក្រឡាហោម បាន​កោតសរសើរ និង​ជំរុញ​លើកទឹកចិត្ត ដល់​រដ្ឋបាល ខេត្ត បន្ត​ខិតខំ​អភិវឌ្ឍ ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ស្របពេល​ខេត្ត​ភាគ​និរតី មួយ​នេះ ត្រូវ​បានប្រកាស​ផ្ទេរតំណែង ថ្នាក់ដឹកនាំ នា​រសៀល ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​។​

​ក្នុង​ពិធី​ខាងលើ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថាៈ មកដល់​បច្ចុប្បន្ន ឬ​អាច​និយាយបានថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រោម​ការដឹកនាំ​របស់​លោក ជាវ តា​យ ខេត្តកំពត មានការ​ផ្លាស់ប្តូរ មុខមាត់​ថ្មី តាមរយៈ​កិច្ច​អភិវឌ្ឍ លើ​គ្រប់​វិស័យ​។ សមិទ្ធផល​ប្រកបដោយ ក្តី​មោទន​:​ទាំងនោះ កើតចេញពី​សាមគ្គីភាព កិច្ចសហការ​ល្អ ទាំង​ក្នុង​ជួរ​ថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថាៈ ទោះជា​បែប​នោះ​ក្តី អភិបាលខេត្ត ត្រូវបាន​ប្រកាស​ឱ្យ ចូលកាន់​មុខតំណែង នាពេលនេះ ត្រូវ​បន្ត​ដឹក​នាំឱ្យ​កាន់តែ រីកចម្រើន​ខ្លាំងក្លា​ថែមទៀត ព្រោះ​កិច្ច​អភិវឌ្ឍ មិនមាន​ទីបញ្ចប់​ទេ​។ ជាការ​អំពាវនាវ សម្តេច​សូមឱ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់​ថ្នាក់ បន្ត​ប្រពៃណី​សាមគ្គី ក៏ដូចជា សហការ​គាំទ្រ​លោក ម៉ៅ ធនិន ដើម្បី​ដឹកនាំ​រដ្ឋបាលខេត្ត ព្រមទាំង​មានឱកាស បម្រើ​ប្រទេសជាតិ ឱ្យ​ទទួលបាន​ជោគជ័យ សម្រាប់​ជា​ប្រយោជន៍​រួម និង​ក្តី​សុខដុម ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពត ទាំងមូល​។​

​បន្ថែម​លើ​នោះ លោក​អភិបាលខេត្ត ត្រូវ​ដឹកនាំ និង​ជំរុញ​មន្ត្រីរាជការ បង្កើន​សាមគ្គី​ផ្ទៃក្នុង ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​បំពេញការងារ មាន​ភាពរលូន ហើយ​បញ្ចៀស​បាន ពី​ភាព​រាំងស្ទះ ដោយ​ប្រការ​ណាមួយ​។​

​សូម​បញ្ចា​ក់ថា ក្នុង​ពិធី​នេះ ត្រូវបាន​ប្រកាស​តែងតាំង លោក ម៉ៅ ធនិន ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​១ ជា​អភិបាល​ខេត្តកំពត​៕/V​