​ដោយៈ សុខុម / ស្ទឹងត្រែងៈ បុរស​ជនជាតិ​ព្រៅ​ម្នាក់ ត្រូវគេ​បាន​ប្រទះឃើញ​ស្លាប់ ដោយ​ការចង ក ហើយ​សមត្ថកិច្ច​ជំនាញ ក៏បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ នេះ​។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ បុរស​ដែល​ចង ក នោះ មានឈ្មោះ យុន យឿន អាយុ​៤១​ឆ្នាំ ជា​ជនជាតិ​ព្រៅ រស់នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ សមត្ថកិច្ច បានបញ្ជាក់​ថាៈ ជនជាតិ​ព្រៅ​នេះ មានមុខ​របរ ជា​កសិករ មាន​ប្រពន្ធ និង​កូន ចំនួន ៥ នាក់​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ សំបាយ​ថា​ន អាយុ ៣៨ ឆ្នាំ ត្រូវជា​ប្រពន្ធ បាន​និយាយថាៈ គាត់​ទាំងពីរ​នាក់ និង​ប្ដី តែងតែ​ទាស់​ពាក្យសម្ដី ឈ្លោះប្រកែក​គ្នា ដោយ​ប្ដី​របស់គាត់ ពេល​ហូប​ស្រា​ស្រវឹង​ម្ដងៗ តែងតែ​វាយ និង​ជេរ​ទៅលើ​រូបគាត់​។ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ប្ដី​គាត់ បាន​ទៅ​ចំណុច​ស្រែ​ម៉ា​ឡា ក្នុង​ដីចំការ ពេល​គាត់​ត្រឡប់​ពី​ភូមិ​ខ្ទម ទៅ​ចំការ ស្រាប់តែ​ឃើញ​ម៉ូតូ ប៉ុន្តែ​មិនឃើញ​ប្ដី​របស់គាត់​ទេ ហើយ​បាត់​អង្រឹង​ចង​ដេក ពីលើផ្ទះ​។​

​សមត្ថកិច្ច បាន​សន្និដ្ឋានថាៈ បុរស​នោះ ដើរ​ចេញពី​ខ្ទម​ចំការ ប្រហែល ១៤០ ម៉ែត្រ ចូលក្នុង​ព្រៃ ដោយ​យក​ខ្សែ​ជ័រ ពណ៌​ស (​ជា​ខ្សែ​ចង​អង្រឹង​) យក​ចង ក ភ្ជាប់​ទៅលើ​ដើម ត្រ​សេក ក្នុង​សភាព​អង្កុញជើង​។ សព​មាន​សភាព​ហើម ក្លិនស្អុយ មាន​ដង្កូវ​ស៊ី និង​ពង​ដាក់​។​

​ឆ្លងតាម​ការត្រួតពិនិត្យ​ទីតាំង ចំណុច​ចង ក និង​ពិនិត្យ​លើ​សាកសព និង​ស្ដាប់​តាម​ការបំភ្លឺ របស់​សាក្សី លោក​វេជ្ជបណ្ឌិត ឈា ធា​រិ​ទ្ធិ គ្រូពេទ្យ​បង្អែក​ខេត្ត និង​លោក គ្រូពេទ្យ​សុខ ពេជ្រ បុគ្គលិក​មណ្ឌល​សុខភាព ឃុំ​ក្បាល​រមាស បាន​សន្និដ្ឋានថាៈ បុរស​នោះ ស្លាប់​ដោយសារ ស្ទះផ្លូវ​ដង្ហើម ខាងលើ (​អត្តឃាត​ចង ក ខ្លួនឯង​)​។ បន្ទាប់មក ក៏​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច​៕/V​