ចិន​នឹង​ទទួល​មេដឹកនាំ​អ៊ីរ៉ង់​ដើម្បី​បញ្ចៀស​ការរារាំង​គំរោង​រួមគ្នា ចំពេល​មានការ​មន្ទិល​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

3259
ចែករម្លែក

​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​ឧសភា​ថា ចិន​នឹង​ទទួល​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាស​សាន រ៉ូ​ហា​នី នៅ​ខែក្រោយ នៅ​ជំនួប​កំពូល​តំបន់​​មួយ​ក្នុង​បំណង​បញ្ចៀស​ការរារាំង​ដល់​គំរោង​រួមគ្នា​ខណៈ​មហាអំណាច​ពិភពលោក​ខិតខំ​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បន្ទាប់ពី​អាមេរិក​ដកខ្លួន​។​

​លោក​រ៉ូ​ហា​នី នឹងធ្វើ​ទស្សនកិច្ច​ការងារ​មួយ​នៅ​ចិន និង​ចូលរួម​ជំនួប​កំពូល​មួយ​នៃ​ប្លុក​សន្តិសុខ​ដឹកនាំ​ដោយ​ចិន​និង​រុស្ស៊ី គឺ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​។​

​ក្រសួង​មិនបាន​ផ្តល់​កាលបរិច្ឆេទ​ជាក់លាក់​ទេ​សំរាប់​ដំណើរ​ទស្សនកិច្ច​នេះ តែ​ជំនួប​កំពូល​ត្រូវធ្វើឡើង​នៅ​ចុង​សប្តាហ៍​ទី​២​នៃ​ខែមិថុនា នៅ​ក្រុង​គី​ញ​ដាវ​។​

​អ៊ីរ៉ង់​បច្ចុប្បន្ន​ជា​សមាជិក​សង្កេតការណ៍​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ និង​កំពុង​សម្លឹង​រក​ការចូល​ជា​សមាជិក​ពេញលេញ​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ហ្សា​ង ហាន​ហ៊ូ​យ បាន​និយាយថា​” ក្តីសង្ឃឹម​របស់​យើង​គឺថា ចិន​និង​អ៊ីរ៉ង់​នឹងមាន​ការប្រឹក្សា​យោបល់​គ្នា​យ៉ាង​ជិតស្និទ្ធ​លើ​មូលដ្ឋាន​​នៃ​ការសង្កេត​តាមដាន​មើល​កិច្ចព្រមព្រៀង​និង​ជំរុញ​ការអភិវឌ្ឍ​កិច្ចសហការ​ទ្វេភាគី​។​យើង​រួមគ្នា​ពិនិត្យ​រកមើល​វិធី​បញ្ចៀស​ការរារាំង​គំរោង​រួមគ្នា​”​។​

​អ៊ីរ៉ង់​កាលពីមុន​បាន​និយាយថា ជាមួយនឹង​ទណ្ឌកម្ម​លោកខាងលិច​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​ត្រូវបាន​ដកចេញ នៅ​ទីបំផុត​ខ្លួន​អាច​ក្លាយជា​សមាជិក​ប្លុក​នេះ​ដែល​​ក៏​នឹងមាន​អតីត​សាធារណរដ្ឋ​សូ​វៀត​មកពី​អាស៊ី​កណ្តាល​ចំនួន​៤ ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​។​

​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​រវាង​អ៊ីរ៉ង់​និង​មហាអំនាច​ពិភពលោក បាន​ដក​ទណ្ឌកម្ម​អន្តរជាតិ​ចេញពី​អ៊ីរ៉ង់ ហើយ​ជា​ថ្នូរ​មកវិញ អ៊ីរ៉ង់​យល់ព្រម​កំហិត​សកម្មភាព​នុយក្លេអ៊ែរ​​របស់​ខ្លូន ។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយ​ហៅ​វា​ថា​ជា​កិច្ចព្រមព្រៀង​មានគុណ​វិបត្តិ​ខ្លាំង តែ​បណ្តា​ប្រទេស​អឺរ៉ុប​បាន​ខិត​​ខំ​យ៉ាង​ខ្លាំងក្លា​ដើម្បី​ធានាថា​អ៊ីរ៉ង់​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច​គ្រប់គ្រាន់​ដើម្បី​អាច​បន្ត​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​។​ចិន​ក៏​ជា​អ្នកគាំទ្រ​កិច្ចព្រមព្រៀង​នេះ​មុតមាំ​ណាស់ដែរ​និង​ក៏​ជា​ហត្ថលេខី​មួយ​៕ដោយ:វាសនា

​ប្រធានាធិបតី​អ៊ីរ៉ង់ នឹងធ្វើ​ទស្សនកិច្ច​ចិន​នៅ​ខែក្រោយ ចំពេល​មានការ​មន្ទិល​អំពី​ការបន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​