ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ក្នុងឱកាស​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ថ្ងៃទី​១៣​តុលា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានចេញ​សារលិខិត ជូន​ជនរួមជាតិ ក្នុង​គោលបំណង​លើកកម្ពស់​វប្បធម៌ ត្រៀម​បង្ការ​ហានិភ័យ​គ្រោះមហន្តរាយ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ម្នាក់ៗ ត្រូវ​ចូលរួម និង​ចាត់ទុក​ការគ្រប់គ្រង​គ្រោះមហន្តរាយ គឺជា​ភារកិច្ច​យើងទាំងអស់គ្នា​។​

​ក្នុង​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា នៅ​កម្ពុជា គ្រោះមហន្តរាយ​ជំងឺ​កូ​វីដ​១៩ និង​មេរោគ​បំប្លែង​ថ្មី ក៏​កំពុង​កើត​មាននៅ​ទូទាំងប្រទេស ហើយ​រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន មាន​ជា​បន្តបន្ទាប់ ដើម្បី​អភិវឌ្ឍន៍​ជាតិ និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា ជៀស​ផុតពី​ជំងឺ​កូ​វីដ​១៩​។ ចំណុច​យុទ្ធសាស្ត្រ ជា​គន្លឹះ​សំខាន់ គឺ​ការចាក់​វ៉ាក់សាំង ជូន​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ និង​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង​ការឆ្លង​រាលដាល ការកាត់បន្ថយ​អត្រា​ព្យាបាល និង​អត្រា​មរណភាព​។​

​សម្តេច​តេ​ជោ លើកឡើងថា នៅក្នុង​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំ​២០២០​ដែរ បន្ថែម​ពីលើ​ជំងឺ​កូ​វីដ​១៩ និង​មេរោគ​បំប្លែង​ថ្មី គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ បាន​បំផ្លិចបំផ្លាញ​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ ដូច​មាន​ខ្យល់​កន្ត្រាក់ ជំនន់​ទឹកភ្លៀង រន្ទះបាញ់ បាក់​ច្រាំងទន្លេ រាំងស្ងួត ជំងឺឆ្លង និង​គ្រោះមហន្តរាយ​ដោយ​មនុស្ស អគ្គិភ័យ ជាដើម​។​ល​។ កើតមាន​ស្ទើរ​គ្រប់​រាជធានី​ខេត្ត នៅ​ទូទាំងប្រទេស​។​

​សម្តេច​បន្ថែមថា ស្ថិតក្នុង​ស្ថានការណ៍ ដែល​កើតមាន​គ្រោះមហន្តរាយ ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ និ​គ្រោះ មហន្តរាយ ដែល​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​នោះ ការ​ប្រារព្ធ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ថ្ងៃ​១៣​តុលា ឆ្នាំ​២០២១ នៅ​កម្ពុជា គឺ​ផ្តោតលើ​ប្រធានបទ «​បង្កើន​ការត្រៀម​បង្ការ​ហានិភ័យ​គ្រោះមហន្តរាយ ដើម្បី​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ភាព​ធន់​» ដែល​ក្នុងន័យ​បំផុសស្មារតី លើកកម្ពស់​ការត្រៀម​បង្ការ ការត្រៀម​រៀបចំ ទប់ទល់​ទៅនឹង​ព្រឹត្តិការណ៍​អាក្រក់​នានា​។​

​ក្នុង​សារលិខិត សម្តេច​តេ​ជោបាន​គូសបញ្ជាក់ថា ការគ្រប់គ្រង​គ្រោះមហន្តរាយ គឺជា​ការងារ​អន្តរ​វិស័យ និង​ប្រទាក់ក្រឡា​គ្នា ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាជន​យើង​ម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួង ស្ថាប័ន​ផ្នែក​ឯកជន សង្គម​ស៊ីវិល សំដៅ​កាត់បន្ថយ​ហានិភ័យ ដែលមាន​ស្រាប់ ត្រៀម​បង្ការ​ហានិភ័យ​ថ្មី ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​។​

​តាម​សារលិខិត​របស់​សម្តេច​តេ​ជោ ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ នៅ​កម្ពុជា ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក គឺជា​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ អស់​រយៈពេល​ជិត ២​ឆ្នាំកន្លងមក បន្ថែម​លើ​គ្រោះមហន្តរាយធម្មជាតិ ដែល​បណ្តាលមកពី​ការកើនឡើង​កំដៅ​ផែនដី បាន​កើតមាន​បន្ថែម​នៅ​ឆ្នាំ​២០២១ ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ជួប​នូវ​គ្រោះមហន្តរាយ ភ្លើង​ឆេះ​ព្រៃ ខ្យល់ព្យុះសង្ឃរា ទឹកជំនន់​ធ្ងន់ធ្ងរ គ្រោះ​រញ្ជួយ​ដី បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស​អស់​ជាច្រើន​។​

​យ៉ាងណាក៏ដោយ ចំពោះមុខ​គ្រោះមហន្តរាយ បង្កដោយ​កូ​វីដ ក៏ដូចជា​គ្រោះមហន្តរាយធម្មជាតិ ដូចជា ខ្យល់ព្យុះ គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់ ជាដើម គឺ​កម្ពុជា បាន​ប្រើប្រាស់​កម្លាំង​សរុប ដែល​ចូលរួម​ពី​អាជ្ញាធរ​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ​ឃុំ​សង្កាត់ ដោយមាន​កិច្ចសហការ​ពី​កាកបាទក្រហមកម្ពុជា ចលនា​យុវជន និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ ពិសេស​តួអង្គ​សំខាន់​នោះ គឺ​កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ បាន​បំពេញ​កាតព្វកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ស្រោចស្រង់​អាយុជីវិត​ប្រជាជន នៅពេល​មាន​វិបត្តិ​គ្រោះមហន្តរាយ កើតឡើង បូករួម​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​យើង​ផង​។​

​ពិតណាស់!នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​ម្តងៗ មិន​ថា កូ​វីដ​១៩ ឬក៏​គ្រោះមហន្តរាយធម្មជាតិ​ទេ គឺ​ក្រោម​ការផ្តួចផ្តើម​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន គេ​តែងតែ​ឃើញ​ស្មារតី​នៃ​ខឿន​ការពារជាតិ ផុស​ឡើងជា​បន្តបន្ទាប់​។ វប្បធម៌​ចែករំលែក ដោយ​ឈរលើ​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ ក៏​កើត​ឡើងជា​បន្តបន្ទាប់ ចាប់តាំងពី​ព្រះមហាក្សត្រ ឧកញ៉ា មហាសេដ្ឋី រហូតដល់​ប្រជាពលរដ្ឋ​សាមញ្ញ​។ ក្នុងនោះ ក៏មាន​សប្បុរស​ជនជាតិ​-​អន្តរជាតិ ប្រទេស​ជា​មិត្ត អង្គការ​ជាតិ​-​អន្តរជាតិ តែងតែ​ចូលរួម​វិភាគទាន​ជាមួយ​រាជរដ្ឋាភិបាល ផ្តល់​ជា​ថវិកា ស្បៀង សម្ភារៈ ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន​រងគ្រោះ​គ្រោះមហន្តរាយ​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​ទន្ទឹមនឹង​វិធានការ​ឆ្លើយតប​បន្ទាន់​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ ឃុំ​សង្កាត់ រួមទាំង​កិច្ចសហការ​នឹង​កងកម្លាំង​ខាងលើនេះ គឺ​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ទាំង​មហន្តរាយ​ពី​កូ​វីដ ក៏ដូចជា​គ្រោះមហន្តរាយធម្មជាតិ ទាមទារ​ឲ្យ​បងប្អូន​ជនរួមជាតិ​យើង ត្រូវ​ចូលរួម ដោយ​ខានមិនបាន​។ ក្នុងនោះ ចំពោះ​គ្រោះមហន្តរាយ ដែល​បង្កដោយ​កូ​វីដ​១៩ គឺ​ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា ត្រូវ​បន្ត​រក្សា និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល “៣​ការពារ ៣​កុំ​- ឱ្យបាន​ខ្ជាប់ខ្ជួន កុំ​ធ្វេសប្រហែស​។​

​ចំពោះ​គ្រោះមហន្តរាយធម្មជាតិ ដូចជា ខ្យល់ព្យុះ គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់ ក៏​ដូចគ្នា​។ ប្រជាពលរដ្ឋ​យើង ក៏​ត្រូវតែ​ចូលរួម ពិសេស​ជន​ងាយ​រងគ្រោះ ដោយ​ត្រូវ​គិតគូរ​ពី​អាយុជីវិត​ខ្លួនឯង ក្រុមគ្រួសារ និង​កូនចៅ សាច់ញាតិ​។ ធ្វើយ៉ាងណា សាងសង់​ផ្ទះ ឲ្យ​រឹងមាំ មាន​ដើមឈើ​ជួយ​បាំង​ខ្យល់ ហើយ​នៅពេល​មាន​ភ្លៀង ខ្យល់ព្យុះ ឬ​ខ្យល់​កន្ត្រាក់ កើតឡើង ត្រូវ​បង្កើន​ការ​ប្រយ័ត្ន​។ ចំពោះ​គ្រោះរាំងស្ងួត ក៏​ដូចគ្នា គិតគូរ​ពី​ប្រភពទឹក នៅពេល​ធ្វើស្រែ​ចំការ​។ គ្រោះទឹកជំនន់ ក៏​រឹតតែ​បង្កើន​ការប្រុងប្រយ័ត្ន​កូនចៅ និង​មនុស្ស​ចាស់ជរា ព្រោះ​ឲ្យ​តែ​ទឹក​ឡើង​ជន់​លិច តែងតែមាន​ដំណឹង​ពី​អ្នក​លង់ទឹក​ស្លាប់ ដែល​ភាគច្រើន​ជា​កូនក្មេង ដោយសារតែ​ឪពុកម្តាយ ជីដូន​ជីតា ធ្វេសប្រហែស បណ្តោយ​ឲ្យ​កូនចៅ លេង​ទឹក ដែល​ជន់​លិច​ស្រែចំការ ភូមិដ្ឋាន ជាដើម​៕​សរន